ដោយ:បាយ័ន/សៀមរាបៈគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ ខ្សែ ក្នុងក្រុងសៀមរាបនឹងត្រូវបញ្ចប់ការ សាងសង់ជាស្ថាពរនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីត្រៀមទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចនាខែមករា ឆ្នាំ២០២២ ខាងមុខនេះ។នេះបើតាមការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង ការពារជាតិនៅក្នងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែនិងការស្តារ កែលម្អ ដងស្ទឹងសៀមរាបកាលពីថ្ងៃទី១៣ខែវិច្ឆិកា។

កិច្ចប្រជុំខាងលើក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងជា ប្រធានគណៈកម្មការអន្តរក្រសួង និងមានការអញ្ជើញចូលរួមសមាជិកគណៈកម្មការអន្តរក្រសួងព្រមទាំងមន្ត្រីជំនាញនៃ ក្រសួងការពារជាតិក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងក្រសួងសាធារណការនិងដឹកជញ្ជូនជាច្រើនរូបទៀត។

ផ្លូវចំនួន ៣៨ ខ្សែ ក្នុងក្រុងសៀមរាបនឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី ២៩ ខែធ្នូខាងមុខ។ សម្តេចពិជ័យ​ សេនា ទៀ បាញ់ មានប្រសាសន៍ថា ខេត្តសៀមរាបត្រៀមទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចនាខែមករា ឆ្នាំ ២០២២ ខាងមុខនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ

គួរនិយាយថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ គិតត្រឹម ថ្ងៃទី ១០ ខែវិច្ឆិកា រួមមាន ការងារស្ថាបនាតួផ្លូវ ការងារសាងសង់ប្រព័ន្ធលូទឹកកខ្វកនិង លូទឹកភ្លៀងនិងការងារដំឡើងបរិក្ខារ ផ្លូវថ្នល់ ក្នុងនោះមានការងារបំពាក់កាមេរ៉ាសុវត្ថិភាព បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ បរិក្ខារចរាចរណ៍ភ្លើងសញ្ញា ចរាចរណ៍ និងការដាំដើមឈើ សម្រេចជារួមបាន ៨៩,៣៩ភាគរយ នៃទំហំការងារសរុប។

ការស្ដារ-កែលម្អដងស្ទឹងសៀមរាបទាំងសងខាង ចាប់ពីស្ពានប៊ើកកដល់អាងក្រពើ ប្រវែង សរុប ៩ ០៥០ ម៉ែត្រ គិតត្រឹមថ្ងៃទី៣០ខែតុលាឆ្នាំ២០២១រួមមានការសម្របសម្រួលដោះស្រាយសំណង់បណ្តោះអាសន្នចេញពីដងស្ទឹងសម្រេចបាន ១០០ភាគរយ ហើយការងាររៀបចំភ្លើងបំភ្លឺសាធារណៈ តាមដងស្ទឹង សម្រេចជារួមបាន ៦៦ភាគរយ នៃផែនការ៕សរន