ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ទោះជា​តុលាការ​បាន​សំរេច​រួច​ហើយ​ថា ការទាមទារ​អោយ​កែ​ទំរង់​របបរាជានិយម​ជា​ការខុសច្បាប់​ត្រូវ​មានទោស ក៏​បាតុករ​ថៃ​រាប់រយ​នាក់​បាន​ជួបជុំគ្នា​នៅ​ក្រុង​​បាងកក​កាលពី​ថ្ងៃអាទិត្យ​ទី​១៤​វិច្ឆិកា​ដើម្បី​បន្ត​ជំរុញ​អោយ​មាន​ការផ្លាស់​ប្តូរ​និង​ប្រឆាំង​នឹង​សាលក្រម​ដែល​ចាត់ទុក​ចលនា​របស់​ពួកគេ​ជា​ការប៉ុនប៉ង​ផ្តួលរំលំ​របប​រាជានិយម​។​

​ការតវ៉ា​ទាមទារ​នេះ​បាន​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​ថៃ​បាន​ចេញ​សាលក្រម​ដ៏​ប្រទូសរ៉ាយ​មួយ ដែល​ថា​មេដឹកនាំ​លេចធ្លោ​៣​នាក់​នៃ​ចលនា​ទាមទារ​នេះ​មាន​ទោស​រំលោភ​​រដ្ឋធម្មនុញ្ញ​ដោយសារតែ​សុន្ទរកថា​និង​អំពើ​របស់​ពួកគេ​ដែល​តុលាការ​អះអាងថា​មានបំណង​ផ្តួលរំលំ​ស្ថាប័ន​រាជានិយម​។​

​ដោយ​ចោទប្រកាន់​ស្តេច​បច្ចុប្បន្ន​ថា​ប៉ុនប៉ង​ស្តារ​របប​រាជានិយម​ផ្តាច់ការ​ដែល​បាន​ផុត​រលត់​អស់​ទៅ​នៅ​ឆ្នាំ​១៩៣២​នោះ ពួក​អ្នក​ប្រឆាំង​តវ៉ា​រាប់រយ​នាក់​បាន​ស្រែក​ថា​«​បដិសេធ​របបរាជានិយម​​ផ្តាច់ការ​»​។​

​ភាព​តានតឹង​បាន​កើនឡើង​នៅ​ពេល​អ្នក​ប្រឆាំង​តវ៉ា​បានចាប់ផ្តើម​ដើរ​ដង្ហែ​ពី​ផ្លូវបំបែក​ផា​ធូ​ម វ៉ាន់ នៅ​កណ្តាល​ក្រុង​បាងកក​ទៅកាន់​ស្ថានទូត​អាឡឺម៉ង់​ដើម្បី​ដាក់​ញត្តិ​។​

​សូមបញ្ជាក់​ថា ស្តេច មហា វ៉េ​ច​រ៉ា​ឡុងកន ត្រូវបាន​គេ​រាយការណ៍​ថា​បាន​យាង​ចេញពី​ប្រទេស​ទៅកាន់​ព្រះរាជដំណាក់​នៅ​អាឡឺម៉ង់​កាលពី​សប្តាហ៍​មុន កន្លែង​ដែល​ទ្រង់​បាន​ចំណាយ​ពេល​ភាគច្រើន​គង់នៅ​​ទី​នោះ​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​អ្នក​ប្រឆាំង​តវ៉ា​ម្នាក់​បាន​និយាយ​នៅក្រៅ​ស្ថានទូត​ថា «​យើង​មក​ទីនេះ​ដើម្បី​សុំ​សិទ្ធិ​របស់​យើង​ដើម្បី​បង្ហាញ​មតិ​និង​ប្រឆាំង​តវ៉ា​នៅ​ក្នុង​ប្រទេសមួយ​ដែល​ចាត់ទុក​ខ្លួនឯង​ថា​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជា​ធិប​​តេ​យ្យ​។​វា​ជា​រឿង​មិន​ធម្មតា​ដែល​តុលាការ​ធម្មនុញ្ញ​សំរេច​ថា “​ការរិះគន់​ជា​អំពើ​ក្បត់ជាតិ​” »​។​

​ក្នុង​ការប្រឈមមុខ​កា​លពី​ថ្ងៃអាទិត្យ ប៉ូលីស​បង្ក្រាប​បាតុកម្ម​និង​ឡាន​បាញ់​ទឹក​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ចំណុច​ជាច្រើន​ក្នុង​រដ្ឋធានី​នៅពេល​ការប៉ះទង្គិច​គ្នា​តូចៗ​បាន​កើត​មាន​រវាង​បាតុករ​និង​កង​​កម្លាំង​អនុវត្ត​ច្បាប់​។​ប៉ូលិស​ក្រោយ​មក​បាន​បាញ់​គ្រាប់កាំភ្លើង​ជ័រ​។​

​មាន​សេចក្តីរាយការណ៍​ថា បាតុករ​៣​នាក់​បាន​រងរបួស​ក្នុង​ការតវ៉ា​ប្រឆាំង​កាល​ពី​ម្សិលមិញ​។​

​ពួក​បាតុករ​បាន​ចោទប្រកាន់​តុលា​ថា​ប៉ុនប៉ង​នាំ​របប​រាជានិយម​ផ្តាច់ការ​មក​កាន់​ប្រទេស​ថៃ​ឡើងវិញ​និង​អំពាវនាវ​អោយ​បញ្ចប់​ច្បាប់​ប្រឆាំង​ការប្រមាថ​ស្តេច​និង​ដោះលែង​សកម្មជន​ដែល​ត្រូវបាន​​ចាប់​ឃុំ​ដោយ​ប៉ូលិស​៕

​បាតុករ​រាប់រយ​នាក់​ចេញ​មក​ទាមទារ​អោយ​កែ​ទំរង់​របបរាជានិយម បញ្ចប់​ច្បាប់​ប្រឆាំង​ការប្រមាថ​ស្តេច​និង​សុំ​អោយ​ដោះលែង​សកម្មជន​កាលពីថ្ងៃអាទិត្យនៅក្រុងបាងកក