ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ រុស្ស៊ីបានបង្ហាញគំរូយន្តហោះចម្បាំងជំនាន់ទី៥ថ្មីរបស់ខ្លួននៅឯពិព័រណ៍អាកាសចរណ៍ឌូបៃកាលពីថ្ងៃអាទិត្យទី ១៤ វិច្ឆិកាខណៈកិច្ចព្រមព្រៀងរបស់អារ៉ាប់រួមអេមីរ៉ាតក្នុងការទិញយន្តហោះចម្បាំង F-35 របស់អាម៉េរិកមានវឌ្ឍនភាពយឺតយ៉ាវ។
វាជាលើកទីមួយហើយដែលយន្តហោះ Sukhoi Su-75 Checkmate ដែលបានបង្ហាញខ្លួនដំបូងកាលពីខែកក្កដា ត្រូវបានបង្ហាញនៅខាងក្រៅប្រទេសរុស្ស៊ីហើយបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី គណៈប្រតិភូនៃថ្នាក់ដឹកនាំកំពូលរបស់អារ៉ាប់រួមអេមីរ៉ាតបានចុះមកមើលផ្ទាល់។
វីដេអូក្រាហ្វិកកុំព្យូទ័រជាភាសាអង់គ្លេសបានបង្ហាញ យន្តហោះចម្បាំងយុទ្ធសាស្ត្រធុនស្រាល ដែលមានសមត្ថភាពបាញ់មីស៊ីលពីអាកាសទៅអាកាសចំនួនប្រាំគ្រាប់ក្នុងពេលដំណាលគ្នា បានកម្ទេចគោលដៅច្រើនក្នុងពេលតែមួយ។
បទបង្ហាញរបស់រុស្ស៊ីបានចាត់ទុកយន្តហោះ Checkmate ដែលចុះត្រួតពិនិត្យផ្ទាល់ដោយលោក វ្ល៉ាឌីមៀរ ពូទីន ក្នុងអំឡុងការដាក់បង្ហាញកាលពីខែកក្កដា ថាជាយន្តហោះចម្បាំងតម្លៃធូរថ្លៃ អាចហោះហើរក្នុងល្បឿនលឿនជាងសំឡេង ១,៨ ដងនិងហោះបានចម្ងាយពី ២.៨០០-២.៩០០ គីឡូម៉ែត្រ។
យន្តហោះ Checkmate ដែលនឹងត្រូវហោះហើរសាកល្បងលើកដំបូងនៅឆ្នាំ ២០២៣ និងចាប់ផ្តើមផលិតជាផ្លូវការនៅឆ្នាំ ២០២៦ មិនទាន់មានការបញ្ជាទិញនៅឡើយទេ។ យន្តហោះ Lockheed Martin F-35 បានចូលបម្រើការក្នុងឆ្នាំ ២០១៥ ជាមួយកងម៉ារីនអាម៉េរិក។
លោក យូរី ស្ល៊ូសា ជាប្រធានក្រុមហ៊ុន United Aircraft Corp ដែលជាផ្នែកមួយនៃក្រុមហ៊ុនអាកាសចរណ៍រដ្ឋនិងការពារជាតិ Rostec បាននិយាយថាមាន “ការធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធ” ជាមួយកងទ័ពអាកាសរុស្ស៊ី។
អ្នកការទូតលោកខាងលិចមានមន្ទិលសង្ស័យអំពីបណ្តារដ្ឋឈូងសមុទ្រដែលជាសម្ពន្ធមិត្តអាម៉េរិកនឹងទិញឧបករណ៍ទំនើបដូចជាយន្តហោះ Checkmateទោះបីជាការលក់គ្រឿងឧបករណ៍របស់រុស្ស៊ីទៅតំបន់ឈូងសមុទ្រពែក្សបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ។
អារ៉ាប់រួមអេមីរ៉ាតក្នុងឆ្នាំ ២០១៧ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមមួយដើម្បីទិញយន្តហោះចម្បាំង Sukhoi Su-35 និងធ្វើការរួមគ្នាជាមួយរុស្ស៊ីលើយន្តហោះចម្បាំងជំនាន់ក្រោយនេះ ប៉ុន្តែរហូតមកទល់ពេលនេះវាហាក់ដូចជាមិនមានវឌ្ឍនភាពទេ។
លោក ហ្សង់លូប សាម៉ាអាន ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានមជ្ឈិមបូព៌ានៃសាកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា”អារ៉ាប់រួមអេមីរ៉ាតចូលចិត្តគំនិតនៃការបណ្តុះទំនាក់ទំនងជាមួយឧស្សាហកម្មការពារជាតិរុស្ស៊ី ប៉ុន្តែវាជាវិធីសំខាន់មួយដើម្បីផ្ញើសារទៅកាន់សហរដ្ឋអាម៉េរិក”។
ការលក់យន្តហោះចម្បាំង F-35 Lighting II របស់ទីក្រុងវ៉ាស៊ីនតោនចំនួន ៥០ គ្រឿងឱ្យទៅអារ៉ាប់រួមអេមីរ៉ាត មានសន្ទុះយឺតយ៉ាវ ចំពេលមានការព្រួយបារម្ភអំពីទំនាក់ទំនងរបស់ប្រទេសនេះជាមួយចិន រួមទាំងប្រេវ៉ាឡង់នៃបច្ចេកវិជ្ជា Huawei 5G នៅក្នុងប្រទេសនេះ។
អាម៉េរិកបានយល់ព្រមលក់យន្តហោះនេះបន្ទាប់ពីអារ៉ាប់រួមកាលពីឆ្នាំមុនបានបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែល៕
យន្តហោះ Sukhoi Su-75 Checkmate កំពុងដាក់តាំងបង្ហាញនៅឌូបៃ
F-35របស់អាម៉េរិក