​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៤​វិច្ឆិកា​ថា​យ៉ាងហោច​ណាស់​សត្វ​ដំរី​អាស៊ី​ចំនួន​បួន​ក្បាល​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​បង់​ក្លា​ដែស​ក្នុងរយៈពេល​​មួយ​សប្តាហ៍​កន្លងមក​នេះ ដោយ​ធ្វើ​ឱ្យ​ចំនួន​សត្វ​ដំរី​ជិត​ផុត​ពូជ​ដែល​កំពុង​ធ្លាក់ចុះ​នេះ​កាន់តែ​មាន​ហានិភ័យ​បន្ថែមទៀត​។​

​សត្វ​ដំរី​តិចជាង ១០០ ក្បាល​កំពុង​មាន​វត្តមាន​នៅក្នុង​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ ជា​កន្លែង​ដែល​ពួក​វា​ជាប់ផុង​ក្នុង​ជម្លោះ​ជា​ទៀងទាត់​ជាមួយ​មនុស្ស ព្រោះ​ទី​ជម្រក​របស់​ពួក​វា​កាន់តែ​រួម​តូច​ទៅៗ​។​

​មន្ត្រី​នាយកដ្ឋាន​ព្រៃឈើ​លោក រ៉ា​ហ្វី​គុ​ល អ៊ីស្លាម ឆូវ​ហូ​រី បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ថា “​ដំរី​បួន​ក្បាល​បាន​ងាប់​ក្នុង​តំបន់ឈីត​តា​ហ្គុ​ង​តែឯង​តាំង​ពី​សប្តាហ៍​មុន​មក​”​។​

​លោក​បាន​និយាយថា ដំរី​ពីរ​ក្បាល​បាន​ឆក់​ខ្សែភ្លើង​ងាប់​និង​ដំរី​ទី​បី​ត្រូវ​បាន​បាញ់​ងាប់​នៅក្នុង​ព្រៃ​បម្រុង ចំណែក​មួយ​ទៀត​ងាប់​ដោយសារ “​មូលហេតុ​ធម្មជាតិ​”​។​

​ប៉ូលិស​នៅ​ទីនោះ​បាន​និយាយថា ដំរី​ទី​បួន​ក៏បាន​ងាប់​ដោយ​ការ​ឆក់​អគ្គិសនី​នៅ​តំបន់​សឺពួ​ភាគ​ខាងជើង​ក្បែរ​ព្រំដែន​ឥណ្ឌា​ផងដែរ​។​

​ជា​ច្រើន​ជំនាន់​មកហើយ តំបន់ភ្នំ​ឈី​ត​តា​ហ្គុ​ង​ត្រូវបាន​ដំរី​ប្រើប្រាស់​ជា​ផ្លូវ​សម្រាប់​ធ្វើ​ចំណាកស្រុក​ទៅវិញទៅមក​ពី​ប្រទេសជិតខាង​មី​យ៉ាន់​ម៉ា​។​

​ប៉ុន្តែ​ការពង្រីក​ទីក្រុង ការធ្វើ​ស្រែស​ម្ការ និង​ការធ្វើ​ជំរំ​សម្រាប់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​មួយ​លាន​នាក់​ពី​មី​យ៉ាន់​ម៉ា បាន​កាត់បន្ថយ​ដែនដី​របស់​ពួក​វា ហើយ​នាំ​ឱ្យ​ចំនួន​អ្នកស្លាប់​កើនឡើង ទាំង​ចំពោះ​ដំរី​និង​មនុស្ស​។​

​ដំរី​ចំនួន​១២​ក្បាល​ត្រូវបាន​សម្លាប់​នៅ​ទូទាំង​ប្រទេស​បង់​ក្លា​ដែស​ក្នុងរយៈពេល​១៨​ខែ​កន្លងមកនេះ​។​

​កសិករ​បាន​ប្រើ​ខ្សែភ្លើង​ឆក់​នៅតាម​បរិវេណ​ស្រែ​ចម្ការ​របស់​ពួកគេ​ដើម្បី​ការពារ​កុំឱ្យ​ដំរី​ចូល​ស៊ី​ដំណាំ ដែល​លោក​ឆូវ​ហូ​រី​និយាយថា​ជា “​ការគំរាមកំហែង​ដ៏​ធំ​បំផុត​តែមួយគត់​” ចំពោះ​ការរស់រានមានជីវិត​របស់​ដំរី​។​

​លោក រ៉ា​គ្វី​ប៊ុ​ល អា​មីន មក​ពី​សហភាព​អន្តរជាតិ​សម្រាប់​ការអភិរក្ស​ធម្មជាតិ​បាន​និយាយថា ការ​ធ្វើ​កសិកម្ម​ខុសច្បាប់​នៅក្នុង​តំបន់​ព្រៃឈើ​គឺជា​ផ្នែក​មួយ​ដែល​ត្រូវ​ស្តីបន្ទោស​ចំពោះ​ការស្លាប់​នេះ​៕

​ដំរី​ចំនួន​១២​ក្បាល​ត្រូវបាន​សម្លាប់​នៅ​ទូទាំង​ប្រទេស​បង់​ក្លា​ដែស​ក្នុងរយៈពេល​១៨​ខែ​កន្លងមកនេះ