​ប្រែ​សម្រួលៈ​វាសនា​/​តូ​ក្យូ​៖ សេដ្ឋកិច្ច​ជប៉ុន​បាន​ស្រុតចុះ​ហួស​ពី​ការរំពឹង​ទុក​នៅ​៣​ខែ​គិត​មក​ត្រឹម​ខែកញ្ញា​ឆ្នាំ​២០២១ នៅពេល​កំណើន​នៃ​ការ​ឆ្លងកូវី​ដ​១៩​ធ្វើអោយប៉ះពាល់​ការចំណាយ និង​ខ្សែសង្វាក់​ផ្គត់​​ផ្គង់​ដែល​វា​រំខាន​ដល់​សកម្មភាព​ធុរកិច្ច នេះ​បើ​តាម​ការបង្ហាញ​ពី​ទិន្នន័យ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​វិច្ឆិកា​។​

​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៣​ក្នុង​លោក​នេះ​មាន​កំណើន​អវិជ្ជមាន​០,៨​ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំមុន​គឺ​ទាប​ជាង​កំណើន​អវិជ្ជមាន​០,២​ភាគរយ​ដែល​ពួក​អ្នក​សេដ្ឋកិច្ច​បាន​ទាយ​ទុក​។​

​ការធ្លាក់ចុះ​នេះ​មួយ​ផ្នែក​ជំរុញ​ដោយ​ការ​ថយ​ចុញ​ការប្រើប្រាស់​ប្រចាំ​គ្រួសារ​ចំនួន​១,២​ភាគរយ​ក្រោយ​ពី​រដ្ឋាភិបាល​ដាក់ចេញ​វិធានការ​ប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​១៩​កាល​ពី​រដូវក្តៅ​នៅពេល​ជប៉ុន​ជួប​កំណើន​នៃ​​ការ​ឆ្លងកូវី​ដ​១៩​ខ្ពស់បំផុត​។​

​ធ្លាក់ចុះ​ខ្លាំង​ផងដែរ​គឺ ការវិនិយោគ​មិនមែនជា​លំនៅស្ថាន ដោយ​វា​ធ្លាក់ចុះ​៣ ,៨​ភាគរយ​ចំ​ពេល​កង្វះខាត​បន្ទះ​ឈីប និង​មាន​បញ្ហា​ខ្សែសង្វាក់​ផ្គត់ផ្គង់​ដែល​ដាក់​សម្ពាធ​លើ​ទិន្នផល​រោងចក្រ​។​

​ការនាំចេញ ដែល​ជា​វិស័យ​សំខាន់​មួយ​ក្នុងការ​រុញ​សេដ្ឋកិច្ច​ជប៉ុន ក៏​ធ្លាក់ចុះ​ដោយ​ការនាំចេញ​យានយន្ត​នៅ​ជាប់គាំង​ដោយសារ​ខ្វះ​គ្រឿងផ្សំ semiconductor(​បន្ទះ​ឈីប​) តែ​ការនាំ​ចូល​ទំនិញ​និង​​សេវា​ក៏​ធ្លាក់​ផងដែរ ។​

​ការ​ឆ្លងកូវី​ដ​១៩​បាន​កើនឡើង​នៅ​ជប៉ុន​កាល​ពី​រដូវក្តៅ ក្រោយ​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​បាន​ចាប់ផ្តើម​យឺត ហើយ​រដ្ឋាភិបាល​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ដែល​កំហិត​ម៉ោង​បើក​ភោ​ជ​​នី​យដ្ឋា​ន​និង​រង្គសាល​ព្រមទាំ​ង​ការលក់សុរា​។​

​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​ក្រុង​តូ​ក្យូ​ទោះជា​នៅ​តែ​បន្ត​ធ្វើ​ដល់​ចប់​ក្នុងអំឡុងពេល​ផ្ទុះ​ជំងឺ តែ​អ្នកទស្សនា​ត្រូវ​ហាម​ចូល​ទស្សនា​ផ្ទាល់​ស្ទើរ​ទាំងស្រុង​។​

​ទោះជា​យ៉ាងណា ពួក​អ្នកវិភាគ​បាន​និយាយថា ការធ្លាក់ចុះ​នេះ​គ្រាន់​តែ​មួយ​រយៈពេល​ខ្លី​ទេ នៅពេល​ការចាក់​វ៉ាក់សាំង​របស់​ប្រទេស​នេះ​បាន​បង្កើន​ល្បឿន​ហើយ​រដ្ឋាភិបាល​បាន​ដកចេញ​ការ​រឹតត្បិត​ប្រឆាំង​​វីរុស​កាលពី​ខែ​តុលា​។​

​តា​កាស៊ី មី​វ៉ា អ្នក​សេដ្ឋកិច្ច​នៅ​ក្រុមហ៊ុន​មូល​ប​ត្រ​Nomura Securities​បាន​និយាយថា​«​នៅ​ត្រីមាស​ទី​៤ បើសិនជា​ការឆ្លង​នៅ​ទាប ការប្រើប្រាស់​នឹង​ប្រហែលជា​វិល​មក​ខ្លាំង​ឡើងវិញ​» តែ​លោក​​បាន​ព្រមាន​ថា ក្រុមហ៊ុន​ខ្លះ​បាន​និយាយថា ផល​ប៉ះពាល់​មក​ពី​បញ្ហា​ផ្គត់ផ្គង់​អាច​បន្ត​រហូត​ដល់​ខែ​ធ្នូ​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី លោក​ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា បាន​ប្តេជ្ញា​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្រោយ​ការវាយប្រហារ​ដោយ​វីរុស​កូរ៉ូណា​និង​បញ្ចេញ​កញ្ចប់​ថវិ​កា​ជំរុញ​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​។​គេ​រំពឹងថា​លោក​នឹង​ប្រកាស​​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​តំលៃ​រាប់រយ​ពាន់​លាន​ដុល្លារ​នៅ​សប្តាហ៍​នេះ ហើយ​រដ្ឋាភិបាល​របស់​លោក​បាន​សន្យា​ផ្តល់​វ៉ាក់សាំង​ដូស​ជំរុញ​នៅ​ដើម​ខែ​ក្រោយ​៕

​ជាមួយ​នឹង​ប្រជាជន​ជប៉ុន​៧៥​ភាគរយ​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​បាន​២​ដូស អត្រា​ចាក់​វ៉ាក់សាំង​នៅ​ជប៉ុន​ឥឡូវ​គិត​ថា​ខ្ពស់​គួរសម​។​ការផ្ទុះកូ​វីដ​១៩​ឡើងវិញ​ណាមួយ ទំនងជា​នឹង​មិន​រារាំង​ការចំណាយ​​និង​ការ​រើប​រើ​ឡើង​វិញ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទេ​