ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​បន្ទាប់ពី​បាន​យាង​ចូលរួម​ក្នុង​សម័យប្រជុំ​មហាសន្និបាត​លើក​ទី ៤១ ក្នុងឱកាស​បុណ្យខួប​ទី ៧៥ នៃ​អង្គការ​យូណេស្កូ​នៅ​សាធា រណរដ្ឋ​បារាំង រយៈពេល ៥ ថ្ងៃ ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា​ឆ្នាំ​២០២១ តប​តាម​ការយាង​របស់លោក​ស្រី អូ​ដ្រេ​យ អា​ហ្សួ​ឡេ​យ (Audrey Azoulay) អគ្គនាយិកា​នៃ​អង្គការ​អប់រំ វិទ្យាសាស្ត្រ​និង​វប្បធម៌​របស់​អង្គការសហប្រជាជាតិ (​យូណេស្កូ​) ។ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ​ស្ដេចយាង​មកដល់​មាតុប្រទេស​វិញ​ហើយ​តាម​ព្រះទីនាំង​យន្តហោះ​ពិសេស​ប្រកបដោយ​ព្រះ រាជ​សុវត្ថិភាព​។​

​យាង និង អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​នៃ​ការយាង​មកដល់​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មាន​វត្តមាន​សម្ដេច​វិបុល​សេ នា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា​,​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​,​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​,​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ,​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​និង មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើនរូប​ទៀត​។

​គួរ​បញ្ជាក់ដែរថា មហាសន្និបាត​លើក​ទី​៤១ របស់​អង្គការ​យូណេស្កូ​ក្នុងឱកាស​បុណ្យខួប​ទី​៧៥​នៃ​អង្គការ​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង​ពីថ្ងៃ​ទី ១០ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ដែល​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ ជាមួយនឹង​វត្តមាន​របស់​ប្រមុខរដ្ឋ​និង​រដ្ឋាភិបាល​ជាច្រើនរូប ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះអង្គ​បាន​យាង​ថ្លែង​ព្រះរាជ​សុន្ទរកថា​នៅក្នុង​ពិធី​បើក​សម័យប្រជុំ​ជា​ផ្លូវការ​នៃ​មហាសន្និបាត នេះ​ដោយ​ផ្ដោតលើ​សមិទ្ធផល​សំខាន់ៗ​នៃ​អង្គការ​យូណេស្កូ​នៅក្នុង​ប្រទេស​កម្ពុជា ។

​នៅក្នុង​ព្រះរាជ​សវន​ការ​ដ៏​ឧត្តុង្គឧត្តម​ជាមួយ​លោកស្រី​AUDREY AZOULAY​អគ្គនាយិកា​នៃ​អង្គការ​យូណេស្កូ​នៅ​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០២១​ក្នុងឱកាស​ស្តេច​គង់​បំពេញ ព្រះរាជកិច្ច​នៅ​ទីក្រុង​ប៉ារីស​នៃ​សាធារណរដ្ឋ​បារាំង ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ជម្រាបជូន​អំពី​គោលបំណង​របស់​កម្ពុជា​ដែល​កំពុង​រៀបចំ​ឯកសា​រ​ស្នើសុំ​ដាក់បញ្ចូល «​គុណ​ល្បុក្កតោ ក្បាច់គុណ​បុរាណ​ខ្មែរ​»​ក្នុង​ប្រភេទ បេតិកភណ្ឌ​វប្បធម៌​អរូបី និង «​រមណីយដ្ឋាន​បុរាណវិទ្យា​កោះ​កេរ្តិ៍​» របស់​កម្ពុជា​ក្នុង​ប្រភេទ​បេតិកភណ្ឌ​ពិភពលោក​ទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក របស់​អង្គការ​យូណេស្កូ​ផងដែរ​។​

​គួររម្លឹកថា​ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៤៥ អង្គការ​យូណេស្កូ​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការលើកតម្កើង​វិស័យ​អប់រំ វិទ្យាសាស្ត្រ វប្បធម៌ និង​ការ​ប្រា ស្រ័យ​ទាក់ទង​គ្នា​នៅក្នុង​ពិភព​លោ តាមរយៈ​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី ៕​