​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ រដ្ឋមន្ត្រី​អន្តរក្រសួង​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ពិនិត្យ និង ពិភាក្សា​លើ​ការងារ​រៀបចំ​សេចក្តីព្រាង​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូ​វិដ​-១៩ តាម​កន្លង​ប្រក្រតីភាព​ថ្មី​។

​កម្មវិធី​នេះ​រៀបចំឡើង ក្រោម​អធិបតីភាព​របស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​យោងតាម​របាយការណ៍​ស្តីពី​សេចក្តីព្រាង​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូ​វិដ ១៩ តាម​កន្លង​ប្រក្រតីភាព​ថ្មី បាន​ឲ្យ​ដឹង​ពី​ស្ថានភាព ទស្សនវិស័យ ការកែទម្រង់ និង​វិធានការ​ស្តា​រលើ​វិស័យ​កសិកម្ម ដែល​បាន​គូស​រំលេច​បញ្ជាក់ថា វិស័យ​កសិកម្ម​នៅ​បន្ត​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការជួយ​ទ្រទ្រង់​សន្តិសុខ​ស្បៀង ជាពិសេស​ការគាំទ្រ​កំណើន និង​ការ​ស្រូបយក​អ្នក​អត់​ការងារ​ធ្វើ​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​គាំទ្រ​នានា និង​ការលើកទឹកចិត្ត​ទាំង​ផ្នែក​សារពើពន្ធ និង​ហិរញ្ញប្បទាន​សំដៅ​ជំរុញ​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម ក៏ដូចជា​វិស័យ​កែច្នៃ​កសិកម្ម​ឱ្យ​រីកចម្រើន​។​.mara