ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ អភិបាល​នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ជំរុញ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ចំណុះអោយ​រដ្ឋបាល រាជធានី​ភ្នំពេញ ត្រូវតែ​រក្សា​ឲ្យ​បាន​នូវ សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ពិសេស​គឺ ការអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​របស់ ក្រសួងសុខាភិបាល និង​ការអនុវត្ត​វិធាន ៣​កុំ និង ៣​ការពារ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ។​

​ការជំរុញ​បែបនេះ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ បញ្ជាការ​ឯកភាព បានធ្វើ​ឡើង ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) នា​រសៀល​ថ្ងៃទី ១៥ ខែវិច្ឆិកា ២០២១ នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថាៈ នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ពោលគឺ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ខាងមុខនេះ ក្នុងឱកាស​ឈប់សម្រាក បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ នឹង​ឈាន​មកដល់ ដូច្នេះ​លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ កងកម្លាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ពី​ខេត្ត មកលេង​នៅ​រាជធានី​ភ្នំពេញ​ពិសេស ត្រូវបង្កើត​ឲ្យ​មានការ​ប្រចាំការ ទាំង​សមត្ថកិច្ច ទាំង​អាជ្ញាធរ​ខណ្ឌ សង្កាត់ និង​មន្ទីរ​ពាក់ព័ន្ធ មួយចំនួន​។​

​លោក ឃួ​ង ស្រេង ក៏បាន​បញ្ជាក់ថាៈ ពាក់ព័ន្ធ​នឹង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ត្រូវមាន​កម្លាំង​ប្រចាំការ ដើម្បី​ទទួល​ពាក្យបណ្ដឹង បងប្អូន​ប្រជាពលរដ្ឋ​។ បើ​មិនមាន​អ្នកប្រចាំការ ដើម្បី​ទទួល​ពាក្យ បណ្ដឹង របស់​បងប្អូន​ប្រជាពលរដ្ឋ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ មិនអាច​ទទួលយកបាន​ទេ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ទៀតថាៈ បញ្ហា​ជំងឺ​កូ​វីដ​-១៩ មកដល់​បច្ចុប្បន្ននេះ ស្ថានភាព បាន​ធូរស្រាល មួយកម្រិត​ធំ​ហើយ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី យើង​ត្រូវតែ​បន្ត​ការយកចិត្ត​ទុក ដាក់អោយ​ខ្លាំងក្លា​ដដែល ពោលគឺ​ត្រូវ​បន្ត​ការផ្សព្វផ្សាយ ការណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ អនុវត្ត​ឲ្យ​បាន​នូវ​វិធាន របស់​ក្រសួងសុខាភិបាល ពិសេស​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​វិធានការ ៣​កុំ និង ៣​ការពារ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​

​បន្ថែម​ពីលើ​នេះ លោក ឃួ​ង ស្រេង ក៏បាន​ជំរុញ​អោយ​យកចិត្តទុកដាក់ ទៅលើ​ការផ្ដល់សេវា ចាក់​វ៉ាក់សាំង ជូន​កុមារ​អាយុ ៥​ឆ្នាំ ដោយ​គិត​មកដល់ពេលនេះ កុមារ​មាន​អាយុ ៥​ឆ្នាំ ទទួល​ការចាក់​វ៉ាក់សាំង កូ​វីដ​-១៩ បាន​ចំនួន​ជាង ៣ ម៉ឺន​នាក់​ហើយ​ក្នុងចំណោម​កុមារ​អាយុ ៥​ឆ្នាំ ដែល​ត្រូវ​ទទួល​ការចាក់​វ៉ាក់សាំង​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ ចំនួន ៤៩.៨៤៣ នាក់​។​

​ក្រៅពីនេះ លោក ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ យកចិត្តទុកដាក់ លើ​ការជំរុញ​ឲ្យ បងប្អូន​ប្រជាព​រដ្ឋ ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជម្រុញ​ផងដែរ ពោលគឺ ប្រសិនបើ​បងប្អូន ប្រជាពលរដ្ឋ ដែល​មិនអាច​ទទួល ការចាក់​វ៉ាក់សាំង​បាន ដោយសារ​បញ្ហា​ពិការភាព ជាដើម​នោះ ក្រុមគ្រូពេទ្យ ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ជូន​ពួកគាត់​ដល់ផ្ទះ​តែម្តង​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​សំរាម ក៏​ជា​បញ្ហា​ដែល​លោក ឃួ​ង ស្រេង បានលើកឡើង នៅក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ ដើម្បី​ឲ្យ​រាជធានី​ភ្នំពេញ ក្លាយជា​ទីក្រុង​ស្អាត មាន​បរិស្ថាន​ល្អ ។​

​បន្ថែម​ពីនេះ លោក ឃួ​ង ស្រេង នៅបាន​ជម្រុញ​អោយ​ក្រុម​សមត្ថកិច្ច ដូចជា​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចុះ​ល្បាត​ជាប្រចាំ ដើម្បី​តាមដាន រាល់​សកម្មភាព ការលួចបើក​ខារ៉ាអូខេ ក្លិប​កម្សាន្ត និង រង្គសាល ហើយ​ចំពោះ​ទីតាំង ដែល​បានអនុញ្ញាត ដូចជា​ភោជនីយដ្ឋាន ទីតាំង​ហូបចុក​មួយ ចំនួន ក៏ត្រូវ​តែ​ចុះ​ពិនិត្យមើល​ផងដែរ ថា​តើ​ពួកគាត់ បាន​អនុវត្ត​នូវ​វិធាន​របស់ ក្រសួង​សុខា​ភិ បាល ដែរឬទេ​៕/V​