​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​អះអាងថា ការរៀបចំ​សេចក្តីព្រាង​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូ​វិដ​-១៩ តាម​កន្លង​ប្រក្រតីភាព​ថ្មី គឺ​ដើម្បី​ពង្រឹង​ការនាំចេញ​ផលិតផល​ដែល​ផលិត​នៅ​កម្ពុជា ។

​យោងតាម​របាយការណ៍​ស្តីពី​សេចក្តីព្រាង​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូ​វិដ ១៩ តាម​កន្លង​ប្រក្រតីភាព​ថ្មី បាន​ឲ្យ​ដឹង​ពី​ស្ថានភាព ទស្សនវិស័យ ការកែទម្រង់ និង​វិធានការ​ស្តា​រលើ​វិស័យ​កសិកម្ម ដែល​បាន​គូស​រំលេច​បញ្ជាក់ថា វិស័យ​កសិកម្ម​នៅ​បន្ត​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការជួយ​ទ្រទ្រង់​សន្តិសុខ​ស្បៀង ជាពិសេស​ការគាំទ្រ​កំណើន និង​ការ​ស្រូបយក​អ្នក​អត់​ការងារ​ធ្វើ​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​គាំទ្រ​នានា និង​ការលើកទឹកចិត្ត​ទាំង​ផ្នែក​សារពើពន្ធ និង​ហិរញ្ញប្បទាន​សំដៅ​ជំរុញ​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម ក៏ដូចជា​វិស័យ​កែច្នៃ​កសិកម្ម​ឱ្យ​រីកចម្រើន​។​

​លោក វេ​ង សាខុន បាន​ចែករំលែក​ថា វិធានការណ៍​នេះ​បាន​ជួយ​ឱ្យ​កម្ពុជា​លើកកម្ពស់​ផលិតផល​កសិកម្ម​ក្នុងស្រុក ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់ និង​បង្កើន ការនាំចេញ ផលិតផល​កសិកម្ម​បាន​កាន់តែច្រើន​។ មួយវិញទៀត ដើម្បី​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាល​នឹង​ផ្ដោត​ជា​ចម្បង​ក្នុងការ​ដោះស្រាយ​បញ្ហា ប្រឈម ជា​រចនាសម្ព័ន្ធ (structural issues) ក្នុង​វិស័យ​ដែល​នៅមាន​សក្តានុពល និង​ជា​ចន្ទល់ កំណើនសេដ្ឋកិច្ច​ដែល​អាចបង្កើត​នូវ​តម្លៃបន្ថែម ក្នុង​រយៈពេល​ខ្លី (២០២១-២០២៣) និង​ជំរុញ​ការ ស្ទុះ​ងើបឡើង​វិញ​សកម្មភាព​សង្គម​-​សេដ្ឋកិច្ចជាតិ​ទៅរក​ប្រក្រតីភាព​ថ្មី​ឱ្យបាន​ឆាប់រហ័ស ជាពិសេស​ចំនួន​បួន រួមមាន​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម វិស័យ​ទេសចរណ៍ វិស័យ​កាត់ដេរ និង​វិស័យ​កម្មន​សាល​មិនមែន​កាត់ដេរ​។

​លោក​បាន​បន្តថា នៅក្នុងពេល​មាន​វិបត្តិ​កូ​វិដ​-១៩ វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​ត្រូវបាន​ចាត់ទុកថា ជា​វិស័យ​ដែលមាន​សក្តានុពល​ខ្ពស់​ដោយសារ​តម្រូវការ​ចំណីអាហារ​មានការ​កើនឡើង​។ វិស័យនេះ​មិនបាន​ទទួលរង​ផលប៉ះពាល់ តែ​ជា​វិស័យ​ជួយ​សម្រាល​បន្ទុក និង​ផលប៉ះពាល់​ពី​វិស័យ​ផ្សេងទៀត តាមរយៈ ការផ្តល់​ការងារ និង​ចំណូល​។ ជាការ​វាយតម្លៃ​រួម វិស័យ​កសិកម្ម​នៅ​កម្ពុជា​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ការណ៍​នេះ​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​ផលិតកម្ម និង ការនាំចេញ ដែល​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ប៉ុន្តែ ទោះបី​ជាមាន​វឌ្ឍនភាព​ល្អប្រសើ វិស័យ​កសិកម្ម​នៅ​បញ្ហា​ប្រឈម​ធំៗ​មួយចំនួន ដែល​ចាំបាច់ ត្រូវមាន​ដំណោះស្រាយ ។

​លោក​បាន​បន្តថា បញ្ហា​ដែល​គួរតែមាន​ការដោះស្រាយ​នោះ គឺ កំណើន​ផលិតភាព​ទាប​ដែល​បណ្តាលមកពី​កត្តា​កង្វះខាត​ពូជ សុទ្ធ បច្ចេកទេស ប្រព័ន្ធ​ស្រោចស្រព​កសិកម្ម និង​បច្ចេកវិទ្យា​នៅមានកម្រិត ។
កង្វះ​ការវិនិយោគ​លើ​ការកែច្នៃ ដែល​បណ្តាល​មក​ថ្លៃដើម​ផលិតកម្ម​នៅមានកម្រិត​ខ្ពស់ ជាពិសេស​ថ្លៃ​អគ្គិសនី​និង​ឡូ​ជី​ស្ទីក ព្រមទាំង​ស្ថិរ ភាព​នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​។ ភាព​មាន​កម្រិត​នៃ​ការធ្វើ​ពាណិជ្ជ​ប​នីយកម្ម កសិកម្ម ពោលគឺ ការនាំចេញ​ផលិតផល​កសិកម្ម​មាន​លក្ខណៈ​ក្រៅផ្លូវការ ។ កង្វះ​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន ក្នុង​អត្រា​ការប្រាក់​ទាប​។ កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​អំឡុងពេល និង​ក្រោយពេល​ប្រមូល​ផល និង​កង្វះ​កិច្ចសម្របសម្រួល​ស្ថាប័ន​ទាំង​ក្នុងដំណាក់កាល​នៃ​ការធ្វើផែនការ និង​ការអនុវត្ត​។​

​លោក​បាន​បន្តថា ក្នុង​សេចក្តីព្រាង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់​ជាមួយ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​នឹង​ផ្តោត​ជា​អាទិភាព​លើ​គោលនយោបាយ កម្មវិធី និង​វិធានការ​ចម្បង​ដូចជា​៖
១. ការផ្តល់​ឥណទាន​បន្ថែ​ម​ជូន​ដល់​វិស័យ​ឯកជន​ដែល​ស្ថិតក្នុង​បណ្ដា​វិស័យ​អាទិភាព សំដៅ​ជំរុញ​ដល់​ការរស់រាន ផលិតភាព និង​ការធ្វើ​ទំនើបកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម តាមរយៈ​ការចាប់យក​នូវ​បច្ចេកវិទ្យា​។ ក្នុងន័យនេះ រាជរដ្ឋាភិបាល​នឹងដាក់​ចេញ​នូវ​យន្តការ​ហិរញ្ញប្បទាន​ដល់​វិស័យ​ឯកជន តាមរយៈ​ត្រៀម​ថវិកា​ប្រមាណ ២៥០ លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ ២០២២ សម្រាប់​ផ្តល់​ឥណទាន ដោយ​ត្រង់​ពី​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​ធនាគារ​អភិវឌ្ឍ​ជនបទ និង​កសិកម្ម ដែលមាន​អាត្រា​ការប្រាក់​ទាប ក្នុង​រង្វង់​៥% ទៅ ៥,៥% សម្រាប់​វិស័យ​សំខាន់​ដូចជា​ការដាំ​យ័ន ចិញ្ចឹមសត្វ ការកែច្នៃ​ផលិតផល​កសិកម្ម វិស័យ​អេកូ​ទេសចរណ៍ ឬ​វិស័យ​អាទិភាព​ដទៃទៀត និង​ជំរុញ​ឱ្យ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បង្កើន​ការផ្តល់​ឥណទាន​បន្ថែម តាមរយៈ​ការកែសម្រួល​លក្ខខណ្ឌ​ធានា​ឥណទាន របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ដោយ​ពង្រីក​វិសាលភាព នៃ​ការផ្ដល់​ការធានា​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​អនុគ្រោះ​

២. រៀបចំ​គម្រោង​សាកល្បង​នៃ​ការផ្តល់​ថវិកា​បំពេញបន្ថែម​ទុនវិនិយោគ (Grant – Matching) ចំនួន ៤០% ទៅ​កសិករ ក្រុម​អ្នក​ផលិត​/​សហគមន៍​កសិកម្ម ដែល​វិនិយោគ​លើ​ការសាងសង់​ផ្ទះ​កញ្ចក់​/​សំណាញ់​សម្រាប់​ការដាំ​បន្លែ​លើ​ផ្ទៃដី ចាប់ពី – ០៥ ហិកតា​ឡើងទៅ និង​កំពុង ឬ​គ្រោង​នឹង​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ឯកជន ឬ​ផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់ ៤%

៣. រៀបចំ​យន្តការ​លើកលែង ឬ​ព្យួរ​អាករ​លើ​តម្លៃបន្ថែម (VAT) និង​ពន្ធ​នាំចូល (Tariff) លើ​សម្ភារៈ​សម្រាប់​សាង​សងផ្ទះ​កញ្ចក់ សំណាញ់ ទុយោ​តំណក់ទឹក ទុយោ​បាចសាច បំពង់​ទីប​ជ័រ ដែល​បម្រើ​ដល់​ការដាំដុះ​បន្លែ សម្ភារៈ គ្រឿងចក្រ គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​បម្រើឱ្យ​ការផលិត ការកែច្នៃ និង​ការផ្គត់ផ្គង់ ផលិតផល​កសិកម្ម រម្ងាប់​ដង្កូវ​រុយ​ចោះ​ផ្លែស្វាយ និង​មឿ​ន​ប៉ៃលិន មា​ស៊ីន​សម្រាប់​បំពាក់​ក្នុង​បន្ទប់​ត្រជាក់​ផ្ទុក​ស្វាយ​ស្រស់ (Chiller Machine) ប្រព័ន្ធ​កង្ហា​ត្រជាក់​បំពាក់​រោង​ចិញ្ចឹមសត្វ និង​ប្រព័ន្ធ​ដាក់​ចំណី​សត្វ​ស្វ័យប្រវត្តិ​
៤. ជំរុញ​ការ​វិនិយោគឯកជន​លើ​ប្រព័ន្ធ​ដឹកជញ្ជូន​ត្រជាក់ តាមរយៈ​យន្តការ​នៃ​ការលើកលែង ឬ​ព្យួរ​ពន្ធ​នាំចូល និង​អាករ​លើ​តម្លៃបន្ថែម សម្រាប់​ទូ​កុងតឺន័រ​ត្រជាក់ ដែល​ប្រើប្រាស់​សម្រាប់​ការដឹកជញ្ជូន​ផ្លែ​ចេកអំបូង​លឿង និង​ស្វាយ​ស្រស់ ទៅ​ទីផ្សារ​អន្តរជាតិ​

៥. ជំរុញ​ផលិតកម្ម​គ្រាប់ពូជ​គ្រឹះ (Foundation Seeds) និង គ្រាប់ពូជ​វិញ្ញាបនបត្រ (Certified Seeds) នៃ​ប្រភេទ​ស្រូវ​ក្រអូប ផ្ការំដួល និង​សែន​ក្រអូប ពូជ​ដំណាំ​ដំឡូង​មី និង​ស្វាយចន្ទី ដែលមាន​គុណភាព និង ធន់​នឹង​ជំងឺ និង​ការប្រែប្រួល​អាកាសធាតុ តាម​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​
៦. ពង្រឹងសមត្ថភាព​ក្រុម​ផលិត សមាគម និង​សហគមន៍​កសិកម្ម និង​ជំរុញ​ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​រវាង​ក្រុម​ផលិត សមាគម​និង​សហគមន៍​កសិកម្ម ឧស្សាហកម្ម និង​ក្រុមហ៊ុន​ប្រមូល​ទិញ និង​កែច្នៃ​ផលិតផល​កសិកម្ម​លើ​អនុវិស័យ​ដំណាំ​ស្វាយ ស្វាយចន្ទី ដំឡូង​មី និង​បន្លែ​
៧. ពង្រឹង​ការផ្សព្វផ្សាយ​អំពី​ការអនុវត្ត​កសិកម្ម​ល្អ (GAP) និង​ការបំពេញ​លក្ខខណ្ឌ​តម្រូវ​អនាម័យ និង​ភូត​តាម​អនាម័យ សម្រាប់​ផលិតផល​ស្វាយ មៀន​ប៉ៃលិន ម្រេច ទុរេន និង​ដូងក្រអូប​ទៅដល់​កសិករ​ក្រុម​ផលិត និង​សហគមន៍​កសិកម្ម​៨. បន្ត​ជំរុញ​ការវិនិយោគ និង​ថែទាំ​ប្រព័ន្ធ​ស្រោចស្រព​ខ្នាតតូច ដែល​ត​ភ្ជាប់​ពី​ប្រឡាយ​មេ និង​ផ្លូវលំ​ជនបទ​តាម​យន្តការ​នៃ​គម្រោង​សាច់ប្រាក់​ពលកម្ម (Cash for Work)
៩. វិនិយោគ​លើ​ទីផ្សារ​បោះ​ដុំ ហេដ្ឋារចនាសម្ព័ន្ធ​ត្រួតពិនិត្យ និង​បញ្ជាក់​គុណភាព និង​សុវត្ថិភាព​ផលិតផល​កសិកម្ម (Quality control and certification systems including e-phyto)​ប្រព័ន្ធ​បញ្ជាក់​ប្រភពដើម​ផលិតផល (Traceability system) និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដូចជា បន្ទប់​ស្តុក​ទុក​ត្រជាក់ (Cold storage facility) តាម​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន នៅលើ​ទីតាំង​ដែលជា​កម្មសិទ្ធិ​របស់រ​ដ្ឋ និង​/​ឬ​ឯកជន ដែលមាន​សក្តានុពល​ខ្ពស់​ក្នុងការ​ប្រមូលផ្តុំ​បន្លែ​ចំនួន ០៣ កន្លែង​សាកល្បង​ក្នុង​ជំហាន​ទី ១ ដូចជា តំបន់​ជាយក្រុង​ភ្នំពេញ ខេត្តបាត់ដំបង និង​ត្បូងឃ្មុំ​
១០. ជំរុញ​ការវិនិយោគ​សាធារណៈ​លើ​មជ្ឈមណ្ឌល​ចែកចាយ​ត្រី​កម្រិត​សហគមន៍ – រដ្ឋបាល​ជលផល និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោយពេល​ប្រមូល​ផល​ដូចជា បន្ទប់​ស្តុក​ទុក​ត្រជាក់ (Cold storage facility) និង​កន្លែង​ធ្វើតេស្ត​គុណភាព (quality testing facility)


១១. ពិនិត្យ​លទ្ធភាព​បង្កើត​សួ​នក​សិ​-​ឧស្សាហកម្ម (Agro-Industrial Park) – ឧ​ត្ត​ម​ក្រុម​ប្រឹក្សាជាតិ​ក្នុង​ខេត្ត​ដែលមាន​សក្តានុពល​ផលិតផល​កសិកម្ម​តាមរយៈ​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​លើកកម្ពស់​ប្រសិទ្ធភាព សេដ្ឋកិច្ច​នៃ​សហគ្រាស​កែច្នៃ​ផលិតផល​កសិកម្ម​
១២. ជំរុញ​ការចុះហត្ថលេខា​លើ​ពិធីសារ​អនាម័យ និង​ភូតគាម​អនាម័យ​សម្រាប់ នាំចូល​ផ្លែ​មៀន​ប៉​លិ​ន​, ទុរេន​, ម្រេច​, ដូងក្រអូប និង​ការចរចា​លើ​ការលើកលែង ការ​តម្រូវឱ្យ​បង់ពន្ធ​នាំចូល​លើ​ផលិតផល​កៅស៊ូ ជាមួយ​ភាគី​ចិន​
១៣. ធ្វើ​សុខដុម​នីយកម្ម និង​សមាហរណកម្ម​ផែនការ​សកម្មភាព និង​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម ដែល​គាំទ្រ​ដោយ​ថវិការដ្ឋ និង​ថវិកា​ដៃគូ ក្នុង​យុទ្ធសាស្ត្រ​ស្តីពី​ការកែទម្រង់​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ​
១៤. សិក្សា​ថ្លៃ​ធាតុ​ចូលក្នុង​វិស័យ​កសិកម្ម​ដូចជា ដី ថ្នាំ ចំណី​សត្វ និង​ពិនិត្យ​លទ្ធភាព​កាត់បន្ថយ​ការនាំ​ចូល​
១៥. ជំរុញ​ការរៀបចំ និង​ដាក់ឱ្យអនុវត្ត “​គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​កសិកម្ម – ២០២១-២០៣០​។​.mara