​ប្រែ​សម្រួលៈ​វាសនា​(express)៖​សារព័ត៌មាន​រដ្ឋ​ចិន​បាន​ចេញ​ការព្រមាន​មួយ​ទៅ​កាន់​អូស្ត្រាលី ដោយ​ថា​ប្រទេស​នេះ​អាច​រង​«​ការវាយប្រហារ​ផ្តាច់ផ្តិល​ជីវិត​» នៅពេល​ភាព​តានតឹង​អំពី​កោះ​តៃវ៉ាន់​​បន្ត​កើនឡើង​ដល់​កំរិត​កំពូល​ជាថ្មី​។​

​នាយក​កាសែត​Global Times​ដែល​ជា​ឧបករណ៍​ឃោសនា​របស់​រដ្ឋាភិបាល​ចិន បាន​ព្រមាន​ថា ចិន​អាច​សងសឹក​បើសិនជា​កងកម្លាំង​អូស្ត្រាលី​ចូល​ជួយ​ការពារ​កោះ​តៃវ៉ាន់​។​

​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​កាលពី​យប់​ថ្ងៃ​សៅរ៍ និពន្ធ​នាយក​លោក ហ៊ូ ស៊ី​ជីន បាន​ចេញ​ការព្រមាន​អំពី​ការ​វាយប្រហារ​លើ​អូស្ត្រាលី​

​និពន្ធ​នាយក​Global Times​លោក ហ៊ូ ស៊ី​ជីន បាន​សរសេរ​បង្ហោះ​ថា «​បើសិន​ទាហាន​អូស្ត្រាលី​ចូល​ប្រយុទ្ធ​នៅ​ចក្រ​សមុទ្រ​តៃវ៉ាន់ វា​គ្មានអ្វី​ត្រូវ​ស្រមៃ​ទៀត​ទេ​ថា​ចិន​មិន​វាយប្រហារ​អោយ​ធ្ងន់​លើ​ពួកគេ​​និង​បណ្តា​ទីតាំង​យោធា​អូស្ត្រាលី​ដែល​គាំទ្រ​ពួកគេ​។​ដូច្នេះ អូស្ត្រាលី​ត្រៀមខ្លួន​អោយ​ល្អ​ទៅ ដើម្បី​បូជា​ជូន​កោះ​តៃវ៉ាន់​និង​អាម៉េរិក​»​។​

​ការព្រមាន​របស់​លោក​ស៊ី​ជីន កើត​ឡើង​ក្រោយ​កាសែត​Financial Times​បាន​រាយការណ៍​ថា អូស្ត្រាលី​ត្រៀម​សហការ​ជាមួយ​អាម៉េរិក​ដើម្បី​ការពារ​តៃវ៉ាន់​ពី​ការឈ្លានពាន​ណាមួយ​ពី​ចិន​ដីគោក​។​

​ចិន​តែងតែ​ង​អះអាងថា តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន និង​មិន​ដែល​ច្រាន​ចោល​ការប្រើ​កម្លាំង​ដើម្បី​ចាប់បង្ខំ​អោយ​កោះ​ប្រជាធិបតេយ្យ​នេះ​បង្រួបបង្រួម​ជាមួយ​ចិន​វិញ​ឡើយ​។​តែ​កម្លាំង​គាំទ្រ​​ឯករាជ្យភាព​តៃវ៉ាន់​ដែល​កំពុងកាន់​អំណាច​សព្វថ្ងៃ​នៅ​ក្រុង​តៃប៉ិះ កាន់តែ​ជំរុញ​បុព្វហេតុ​របស់​គេ​ក្រោយ​ការគាំទ្រ​ពី​អាម៉េរិក​និង​សម្ពន្ធ​មិត្ត​។​

​ការ​គំរាម​នេះ​ទំនង​ជា​ការឆ្លើយតប​ទៅនឹង​សម្តី​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី លោក ផេ​ធឺ ឌុ​ត​ថុន ដែល​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា​«​វា​ចម្លែក​»​ដែល​រដ្ឋាភិបាល​ក្រុង​កង់​បេរ៉ា​មិន​ចូលរួម​ជាមួយ​​អាម៉េរិក​ក្នុង​ការការពា​រកោះ​តៃវ៉ាន់​។​

​លោក​បាន​និយាយថា​« យើង​ត្រូវតែ​ធ្វើអោយ​មាន​ការធានា​ថា មាន​ការត្រៀមខ្លួន​កំរិត​ខ្ពស់ មាន​អារម្មណ៍​យ​ដឹងថា​យើង​មាន​សមត្ថភាព​រារាំង​ខ្លាំង​ឡើង និង​ថា​យើង​ដាក់​ប្រទេស​យើង​ក្នុង​ទីតាំង​ខ្លាំង​​មួយ​។​ចិន​ជា​មហាអំណាច​សេដ្ឋកិច្ច​និង​យោធា​មួយ​។​គេ​ចំណាយ​លើស​យើង​១០​ដង​លើ​ថវិកា​ការពារជាតិ …​។​ការការពារ​កោះ​តៃវ៉ាន់​សំខាន់​ស្លាប់​រស់​ដើម្បី​អោយ​អូស្ត្រាលី​ស្ថិតក្នុង​ឋានៈ​ខ្លាំងក្លា​មួយ​លើ​លោក​»​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី លោក ផេ​ធឺ ឌុ​ត​ថុន​៖ វា​ចម្លែក​ដែល​យើង​មិន​គាំទ្រ​អាម៉េរិក​ក្នុង​ការការពារ​តៃវ៉ាន់ បើ​អាម៉េរិក​ជ្រើស​យក​ចំណាត់ការ​បែប​នោះ​

​សាស្ត្រាចារ្យ ផេ​ធឺ ឌី​ន នៅ​វិទ្យាស្ថាន​យោធា​និង​សន្តិសុខ​នៃ​សកល​វិទ្យាល័យ​អូស្ត្រាលី​ខាងលិច​បាន​ប្រាប់​សារព័ត៌មាន​Daily Mail Australia​កាលពី​ខែ​មុន​ថា លទ្ធភាព​ផ្ទុះ​សង្គ្រាម​ជាមួយ​ចិន​អាច​​មាន​ពិត​។​«​អ្នក​មិន​អាច​ច្រាន​ចោល​លទ្ធភាព​នៃ​ការប្រើ​កម្លាំង​ទេ​។​ពេល​ចិន​ឈាន​ដល់​ចំណុច​ដែល​គេ​គិតថា អាច​ចាប់​យក​តៃវ៉ាន់​ដោយ​កម្លាំង ឈ្នះ​និង​ជោគជ័យ គេ​ក៏​គិត​អំពី​ការ​ប្រឈម​ដោះស្រាយ​ជា​​មួយ​អាម៉េរិក និង​គិត​ថា​អន្តរាគមន៍​របស់​អាម៉េរិក​ខ្សោយ មិន​គ្រប់គ្រាន់​…»៕