​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ អ្នកវិទ្យាសាស្ត្រ​និង​អ្នកនយោបាយ​បាន​ព្រមាន​បន្ទាប់​ពី​ប្រទេស​ជិត ២០០​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​វិនាទី​ចុងក្រោយ​នៅ​ទីក្រុង​ក្លាស​ហ្គោ​កាលពី​ថ្ងៃ​​សៅរ៍​ទី​១៣​វិច្ឆិកា​ថា ពិភពលោក​ត្រូវ​តែ​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស​ដើម្បី​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​បញ្ចៀស​ការឡើង​កម្តៅ​ផែនដី “​ដ៏​មហន្តរាយ​”​។​

​បន្ទាប់​ពី​ការចរចា​មិន​ឈប់ឈរ​រយៈពេល​ពី​រ​សប្តាហ៍ ប្រទេស​ស្ទើរតែ​ទាំងអស់​នៃ​ពិភពលោក​បាន​យល់ព្រម​លើ​ការសម្របសម្រួល​មួយ​ដើម្បី​ពន្លឿ​ន​ការប្រយុទ្ធប្រឆាំង​នឹង​ការកើនឡើង​សីតុណ្ហភាព​។​​ប៉ុន្តែ​កិច្ចព្រមព្រៀង​ដែល​បាន​សម្រេច​នៅក្រោម “​កិច្ចព្រមព្រៀង​ទីក្រុង​ក្លាស​ហ្គោ​” នឹង​មិន​នាំ​ឱ្យ​មាន​ការ​រឹតត្បិត​ការឡើង​កម្តៅ​ផែនដី​ត្រឹម ១,៥ អង្សា​សេ​លើស​ពី​កម្រិត​មុន​ឧស្សាហកម្ម​ដែល​ជា​គោល​​បំណង​មហិច្ឆតា​បំផុត​នៃ​កិច្ចព្រមព្រៀង​ប៉ារីស​ឆ្នាំ ២០១៥ នោះទេ​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អង់​តូ​នីញ៉ូ គូថេ​រ៉េ​ស​បាន​ព្រមាន​ថា “​មហន្តរាយ​អាកាសធាតុ​នៅតែ​បន្ត​គោះទ្វារ​”​។​

​លោក អាឡុ​ក សា​ម៉ា ជា​ប្រធាន​កិច្ចប្រជុំ​កំពូល COP26 របស់​ចក្រភព​អង់គ្លេស ដែល​មើល​ការខុសត្រូវ​លើ​សន្និសីទ​ក្នុងតួនាទី​ជា​ប្រទេស​ជា​ម្ចាស់ផ្ទះ បាន​និយាយថា “​យើង​បាន​រក្សា​សីតុណ្ហភាព ១,៥ អង្សា​សេ​ក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន ប៉ុន្តែ​ជីពចរ​ខ្សោយ​ណាស់​”​។​

​កិច្ចប្រជុំ COP27 នឹង​ត្រូវ​ធ្វើឡើង​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​នៅ​ខែ​វិច្ឆិកា​ខាងមុខ​។​

​លោក ចូរី រ៉ូ​ហ្គែល ជា​នាយក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ហ្គា​ន់ថា​មនៃ​សាកលវិទ្យាល័យ​អ៊ីម​ភើ​រៀ​ខូលិច​ឡុងដុន បាន​និយាយថា “​យើង​កំពុង​សម្លឹងមើល​ក្នុងទិសដៅ​ត្រឹមត្រូវ ប៉ុន្តែ​យើង​ត្រូវ​ចាប់ផ្តើម​ធ្វើ​សកម្មភាព ហើយ​ការបំភាយ​ឧស្ម័ន​ជា​សកល​ត្រូវ​ថយ​ចុះ​ភ្លាមៗ យ៉ាង​ឆាប់រហ័ស និង​យ៉ាង​បន្ទាន់​បំផុត​”៕

ពិភពលោក​ត្រូវ​តែ​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស​ដើម្បី​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​បញ្ចៀស​ការឡើង​កម្តៅ​ផែនដី “​ដ៏​មហន្តរាយ​”