​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ អាជ្ញាធរ​នៅ​ទីក្រុង​ញូវដែលី​បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​អំពី​ការបិទ​សាលារៀន​រយៈពេល​មួយ​សប្តាហ៍​ខណៈ​ស្ថាប័ន​គ្រប់គ្រង​ការបំពុល​ខ្យល់​នៃ​រដ្ឋធានី​ឥណ្ឌា​​បាន​ព្រមាន​ពី​ស្ថានភាព​អាសន្ន​ផ្នែក​សុខភាព​ដែល​កំពុង​កើន​ឡើង​ដោយសារតែ​ផ្សែង​អ័ព្ទ​។​

​អភិបាលក្រុង​ដេលី​លោក អា​វីន កេច​រី​វ៉ា​ល់ បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ធំ​ដែល​មាន​ប្រជាជន​ចំនួន ២០ លាន​នាក់​នេះ​ថា “​ចាប់ពី​ថ្ងៃ​ចន្ទ​ត​ទៅ​សាលារៀន​ត្រូវ​បិទ​ដើម្បី​កុំឱ្យ​កុមារ​ស្រូប​​ដង្ហើម​ខ្យល់​ដែល​បំពុល​”​។​

​ទីក្រុង​ដេលី​ជាប់​ចំណាត់ថ្នាក់​ជា​ទីក្រុង​ដែល​បំពុលបរិស្ថាន​បំផុត​មួយ​របស់​ពិភពលោក ជាមួយនឹង​ការបំភាយ​ឧស្ម័ន​ចេញ​ពី​រោងចក្រ​និង​យានយន្ត និង​ផ្សែង​ពុល​ពី​ភ្លើង​កសិកម្ម​បាន​ធ្វើឱ្យ​ខ្យល់​របស់​​ក្រុង​ប្រែ​ទៅ​ជា​ពណ៌​ប្រផេះ​រៀង​រាល់​រដូវរងា​។​

​កាលពី​ថ្ងៃ​សៅរ៍ កម្រិត​ភាគល្អិត PM 2.5 ដែល​ជា​កម្រិត​ភាគល្អិត​តូច​បំផុត​និង​គ្រោះថ្នាក់​បំផុត ដែល​អាច​ចូល​តាម​ចរន្ត​ឈាម បាន​ឡើងដល់ ៣០០ នៅ​លើស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​។​

​នោះ​គឺ​លើស ២០ ដង​នៃ​ដែន​កំណត់​ប្រចាំ​ថ្ងៃ​អតិបរមា​ដែល​ត្រូវបាន​ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​។​

​លោកកេ​ចរី​វ៉ា​ល់​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា គ្មាន​សកម្មភាព​សាងសង់​ណា​មួយ​នឹង​ត្រូវ​អនុញ្ញាត​សម្រាប់​រយៈពេល​បួន​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​កាត់បន្ថយ​ធូលី​ដី​ពី​ទីតាំង​ការដ្ឋាន​ធំៗ​។​

​ការិយាល័យ​រដ្ឋាភិបាល​ត្រូវបាន​ស្នើសុំ​ឱ្យ​ធ្វើការ​ពី​ផ្ទះ និង​អាជីវកម្ម​ឯកជន​ត្រូវបាន​ណែនាំ​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ជម្រើស​ការងារ​ពី​ផ្ទះ​តាម​ដែល​អាច​ធ្វើទៅបាន​៕

​កាលពី​ថ្ងៃ​សៅរ៍ កម្រិត​ភាគល្អិត PM 2.5 បាន​ឡើងដល់ ៣០០ នៅ​លើស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​នៅ​ទីក្រុង​ដេលី​