​ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹកស្ទឹង​ព្រែក​ត្នោត នៅ​ភាគ​ខាងលើ ចាប់ផ្តើម​ងើបឡើង​ជាថ្មី បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់ រាល់ថ្ងៃ នៅក្នុង​ភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ដោយនៅ​ថ្ងៃ​ខ្លះ មាន​ដល់ កម្រិត ជាង ១០០ មី​លី​ម៉ែត្រ ហើយ​ការ​ធ្លាក់ភ្លៀង​រាយប៉ាយ ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ​នេះ អាច​កើតមាន រហូតដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ទើប​ចុះខ្សោយ​បន្តិច តែ​ភ្លៀង​រដូវវស្សា នៅ​មិនទាន់​អស់​ទេ ដោយសារ​បាតុភូត​ថ្មីៗ នៅតែ​បន្ត​រុញ ពី​សមុទ្រ​ប៉ាស៊ីហ្វិក ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែលនាំឱ្យ​មាន​ភ្លៀង​ធ្លាក់ ដល់​ប្រទេស​ក​ម្ពូ​ជា​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១​ថាៈ ការធ្លាក់​ភ្លៀង​រាយប៉ាយ ស្ទើរ​ទូទាំងប្រទេស ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ នៅមាន​បន្ត រហូតដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ទើប​ចុះខ្សោយ​បន្តិច តែ​មិនទាន់​អស់​ភ្លៀង​ទេ សម្រាប់​រដូវវស្សា​នេះ​។​

​អ្នកនាំពាក្យ ក្រសួង​ជំនាញ ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ភ្លៀង​ដែល​នៅតែ​បន្ត​ធ្លាក់ រាយប៉ាយ​នេះ អាចមាន​ទៅដល់​តំបន់​ខ្ពង់រាប​នេះ ដោយសារ​ឥទ្ធិពល ខ្យល់​រុញ សម្ពាធ​ទាប មួយ ហើយ​មួយទៀត មកពី​ទិសខាងកើត និង​ភាគ​អ​គ្នេ​យ៍​។ បណ្តា​ខេត្ត នៅ​ភាគខាងត្បូង រួមទាំង​ខេត្តកំពង់ស្ពឺ​ផង មាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ​រាល់ថ្ងៃ​។​

​លោក ចាន់ យុ​ត្ថា បានបញ្ជាក់​ថាៈ បាតុភូត ក្នុង​កម្រិត​ជា​សម្ពាធ​ទាប និង​សម្ពាធ​ទាប​សកម្ម នៅតែ​បន្ត​ឃើញ​មាន​រុញ ពី​សមុទ្រ​ប៉ាស៊ីហ្វិក ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង ជា​បន្តបន្ទាប់ ទៀត ដែលនាំឱ្យ​ការធ្លាក់​ភ្លៀង រដូវវស្សា នៅក្នុង​ប្រទេស​កម្ពុជា អូសបន្លាយ​ពេល​វែង ថែមទៀត​។​

​លោក ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឱ្យ រស្មី​ក​ម្ពូ​ជា​ដឹង នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​ថាៈ ភ្លៀង​ធ្លាក់​នៅក្នុង​ភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ កើតមាន រាល់ថ្ងៃ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន រហូតដល់​ជាង ១០០ មី​លី​ម៉ែត្រ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា​។ នៅពេលនេះ ភ្លៀង​ធ្លាក់ មក​ប៉ុន្មាន គឺ​ត្រូវ​ធ្លាក់ចូល​ស្ទឹង ព្រែក​ត្នោត​ទាំងអស់ ដោយសារ​នៅ តាម​ស្រែ ដែលមាន​ទឹក​ពេញ​ស្រាប់ និង​បណ្តា​អាងទឹក​នានា ក៏មាន​ទឹក​ពេញ ត្រូវ​បើក​បញ្ចេញ ចោល​ទាំងអស់​។ ទឹកជំនន់ បាន​ធ្លាក់​ដល់​ស្ទឹង​ព្រែក​ត្នោត ជាថ្មី​ម្តង​ទៀតហើយ នៅពេលនេះ​។​

​ប្រធាន​មន្ទីរ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ រយៈពេល ២៤ ម៉ោង កាលពី​ថ្ងៃទី​១៤ វិច្ឆិកា មាន​ភ្លៀង​ធ្លាក់ គ្រប់​ក្រុង ស្រុក ក្នុង​កម្រិត​ពី ១​ដល់​១០២ មី​លី​ម៉ែត្រ និង​នៅ​ថ្ងៃ ទី​១៥ វិច្ឆិកា មាន​ភ្លៀង​ធ្លាក់​គ្រប់​ក្រុង ស្រុក​ពី​១ ដល់​៤៨​មី​លី​ម៉ែត្រ​។ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ទ្វារ​ទឹក​រលាំង​ជ្រៃ បាន​បើក​ចំនួន​បី​ទ្វារ ដោយ​ពីរ​ទ្វារ កម្ពស់ ០,៤០ ម៉ែត្រ និង​មួយ​ទ្វារ កម្ពស់ ១,៥០ ម៉ែត្រ បន្ទាប់ពី​ទឹក​នៅ​រលាំង​ជ្រៃ ឡើងដល់​កម្ពស់ ៧,៣៦ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៤ វិច្ឆិកា ០,៣៦ ម៉ែត្រ​។ នៅ​អាង​តា​សាល ទឹក​មាន​កម្ពស់ ១៩,៤៨ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៤ វិច្ឆិកា ០,៣០ ម៉ែត្រ​៕/V​.mara