​ប្រែ​សម្រួលៈ​វាសនា​/​ញូ​វ ដេលលី​៖ ឥណ្ឌា​បាន​ចាប់ផ្តើម​អនុញ្ញាត​អោយ​ភ្ញៀវទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ចូល​ក្នុងប្រទេស​តាម​ជើងហោះហើរ​ពាណិជ្ជកម្ម​ធម្មតា​កាលពី​ថ្ងៃ​ចន្ទទី​១៥​វិច្ឆិកា ក្នុងការ​​បន្ធូរបន្ថយ​ការ​រឹតត្បិត​ប្រឆាំង​កូវី​ដ​១៩​ចុងក្រោយ នៅពេល​ចំនួន​ឆ្លង​ធ្លាក់ចុះ ហើយ​អត្រា​ចាក់​វ៉ាក់សាំង​កើនឡើង​។​

​ទេសចរ​ចូល​ឥណ្ឌា ត្រូវតែ​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​បាន​ពេញលេញ អនុវត្ត​តាម​វិធានការកូ​វីដ​១៩​និង​ធ្វើតេស្តិ៍​អវិជ្ជ​មាន​វីរុស​កូរ៉ូ​ណាក្នុង​រយៈពេល​៧២​ម៉ោង​មុន​ឡើង​ជិះ​យន្តហោះ​។​អ្នកដំណើរ​ជាច្រើន​ក៏​​ត្រូវធ្វើ​តេ​ស្តិ៍​រក​កូ​វីដ​ពេលមកដល់​អាកាសយានដ្ឋាន​។​

​ទោះជា​យ៉ាងណា អ្នកដំណើរ​មកពី​ប្រទេស​ដែល​មាន​កិច្ចព្រមព្រៀង​ជាមួយ​ឥណ្ឌា​ក្នុង​ការទទួលស្គាល់​កាត​ចាក់​វ៉ាក់សាំង​ទៅវិញទៅមក ដូចជា​អាម៉េរិក អង់គ្លេស​និង​ប្រទេស​នៅ​អឺរ៉ុប​ជាច្រើន​អាច​ចាក​​ចេញពី​អាកាសយានដ្ឋាន​ដោយ​មិន​ចាំបាច់​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​ទេ​។​

​នេះ​ជា​លើកដំបូង​ដែល​ឥណ្ឌា​បាន​អនុញ្ញាត​អោយ​ទេសចរ​បរទេស​ចូល​ក្នុង​ទឹកដី​ខ្លួន​តាម​យន្តហោះ​ឈ្នួល​ចាប់តាំងពី​ខែ​មីនា​ឆ្នាំ​២០២០ នៅ​ពេល​ប្រទេស​នេះ​ធ្វើ​ការបិទ​ខ្ទប់​ប្រទេស​ដ៏​តឹងរឹង​បំផុត​។​

​ទេសចរ​ចាក់​វ៉ាក់សាំង​ហើយ​ត្រូវបាន​អនុញ្ញាត​អោយ​ចូល​ឥណ្ឌា​កាលពី​ខែ​មុន ចំ​ពេល​ការឆ្លង​ជំងឺ​កូវី​ដ​១៩​បាន​ធ្លាក់ចុះ​ជា​ខ្លាំង​ដោយ​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​ប្រមាណ​ជា​១០.០០០​នាក់​ក្នុង​មួយ​ថ្ងៃ​អស់​ពេល​​មួយ​ខែ​មក​ហើយ​។​

​ដើម្បី​លើកទឹកចិត្ត​អ្នកដំណើរ​អោយទៅ​ទស្សនា​ឥណ្ឌា រដ្ឋាភិបាល​មាន​ផែនការ​ចេញ​ទិដ្ឋាកា​មិន​គិតថ្លៃ​ចំនួន​៥០០.០០០​រហូតដល់​ខែ​មីនា​ឆ្នាំ​ក្រោយ​។​ចំណាត់ការ​នេះ​ត្រូវ​រំពឹងថា​នឹង​ជំរុញ​វិស័យ​ទេសចរណ៍​និង​​បដិសណ្ឋាកិច្ច​ដែល​បាន​រងគ្រោះ​ខ្លាំង​ដោយកូវី​ដ​១៩​។​

​ជាមួយ​នឹង​អ្នក​ឆ្លង​ជាង​៣៥​លាន​នាក់ ឥណ្ឌា​ជា​ប្រទេស​រងគ្រោះ​ពី​ដូវីដ​១៩​ខ្លាំង​ជាង​គេ​លំដាប់​ទី​២​បន្ទាប់​ពី​អាម៉េរិក​។​ឥឡូវ​ប្រទេស​នេះ​នៅ​មាន​អ្នក​ផ្ទុក​វីរុស​កូរ៉ូ​ណា​មាន​ចំនួន​១៣៤.០៩៦​នាក់ ដែលជា​​ចំនួន​ទាប​បំផុត​ក្នុង​រយៈពេល​១៧​ខែ​មកនេះ​។​

​ប្រជាជន​ឥណ្ឌា​ពេញវ័យ​ជិត​៧៩​ភាគរយ​បាន​ទទួល​វ៉ាក់សាំង​យ៉ាងតិច​ម្នាក់​មួយ​ដូស និង​៣៨​ភាគរយ​បាន​ចាក់​២​ដូសពេញ​លេញ​៕

​ទេសចរ​ចាក់​វ៉ាក់សាំង​ហើយ​ត្រូវបាន​អនុញ្ញាត​អោយ​ចូល​ឥណ្ឌា​កាលពី​ខែ​មុន