​ដោយៈ គង់​ហេង​/ ត្បូងឃ្មុំៈ លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ជំរុញ​ឱ្យ​គ្រប់​ស្ថាបន​ពាក់ព័ន្ធ​ទាំងអស់ ទៅនឹង​អំពើ​ជួញដូរ​មនុស្ស នៅ​ខេត្ត​ត្បូងឃ្មុំ បង្កើន​ការផ្សព្វផ្សាយ និង​សហការ​ឱ្យបាន​ទូលំទូលាយ ពិសេស​នៅ​រដ្ឋបាល​មូលដ្ឋាន​ឃុំ សង្កាត់ ដោយ​កន្លងមក​មាន​ជនរងគ្រោះ​ច្រើន​នាក់​បាន​រងគ្រោះ​ពី​អំពើ​មួយ​នេះ​។​

​លោក​អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​ជំរុញ​យ៉ាង​ដូច្នេះ នៅក្នុង​ការដែល​លោក​បាន​អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ មនុស្ស​ខេត្ត​ត្បូងឃ្មុំ និង​ផ្សព្វផ្សាយ​ពី​ការរៀបចំ និង​ប្រព្រឹត្តទៅ នៃ​គណៈកម្មាធិការ​នេះ នៅ​សាលាខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​១៥ វិច្ឆិកា​នេះ​។​

​លោក ជាម ច័ន្ទ​សោភ័ណ បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ជា​អភិបាលស្រុក ក្រុង​ទាំង​ប្រាំពីរ និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ថា ក្រោយពី​ប្រកាស​បង្កើត​សមាសភាព​គណៈកម្មាធិកា​រហើយ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ជាពិសេស​រដ្ឋបាល​មូលដ្ឋាន ឃុំ សង្កាត់ ដែល​ត្រូវ​រៀបចំ​កិច្ច​ផ្សព្វផ្សាយ​ជាបន្ទាន់​។ ដោយហេតុថា កន្លងមក​មាន​ជនរងគ្រោះ​ច្រើន​នាក់​ណាស់ ពាក់ព័ន្ធ​នឹង​ការជួញដូរ​មនុស្ស​នេះ ប៉ុន្តែ​មន្ត្រី​ខ្លះ​មិនដឹង ដោយសារតែ​ការផ្សព្វផ្សាយ​នៅមានកម្រិត​។​

​លោក​បាន​បន្ថែមថា យើង​មានច្បាប់ ព្រះរាជ​ក្រិ​ត្យ អនុ​ក្រិ​ត្យ ប្រកាស និង​លិខិតបទដ្ឋាន​គតិយុត្តិ នានា ត្រូវអនុវត្ត​ឱ្យបាន​នូវ​វិធានការ​រដ្ឋបាល វិធានការ​តុលាការ គឺ​ចំពោះ​មេខ្លោង ឬ​បុគ្គល​ណា​នៅតែ​ប្រព្រឹត្ត​ការជួញដូរ​មនុស្ស​នេះ​។ ដោយ​យើង​មាន​សមាសភាព​នៅក្នុង​គណៈ​ក​ម្មា​ធិ​ការដែល​បង្កើត​ឡើង​នេះ គឺ​ងាយស្រួល​ក្នុងការ​សហការគ្នា អនុវត្ត​ដែលមាន​កងកម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ជា​សេនាធិការ​ចាំ​ប្រតិបត្តិការ ដើម្បីឱ្យ​គណ់ៈកម្មាធិការ​របស់​យើង​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព ទទួលបាន​នូវ​ប្រសិទ្ធ​ផល​ការងារ​ជោគជ័យ​៕​