ដោយៈ​សុផល​/​ភ្នំពេញៈ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឱកាស​ចុង​សប្តាហ៍​កន្លងទៅ​គឺ​ថ្ងៃទី​១៣​ដល់​១៤​ខែវិច្ឆិកា​ឆ្នាំ​២០២១ មាន​ភ្ញៀវ ទេសចរ បានចេញ​ដើរ​ទស្សនា​កម្សាន្ត សរុប​១៨០.២៩៦​នាក់​។​

​លោក​បាន​បញ្ជាក់ទៀតថា ភ្ញៀវ​សរុប​មាន​ចំនួន​១៨០.២៩៦​នាក់ ក្នុងនោះ មាន​ភ្ញៀវ ជាតិ​១៧៥.៨០១​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៤.៤៩៥​នាក់ ដែល​បាន​ដើរ​កម្សាន្ត ក្នុងប្រទេស​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖​ខេត្ត​ព្រះសីហនុ ទទួលភ្ញៀវ​ទេសចរ​ចំនួន ៣៤.៣០៦​នាក់​រាជធានី​ភ្នំពេញ ៣២.០៣៤​នាក់ ,​ខេត្តកំពត ១៦.០០៧​នាក់​,​ខេត្ត​ពោធិ៍ សាត់​១៥.៥០៨​នាក់​,​ខេត្តសៀមរាប​១៣.១០៤​នាក់​។​

​លោក​ថោង ខុន បាន​គូសបញ្ជាក់ថា ជាការ​កត់សំគាល់​តួលេខ​ខាងលើ​មានការ​កើន ឡើង​ប្រមាណ ៣.២៩​ភាគរយ​ធៀប​នឹង​សប្តាហ៍​កន្លងមក​។​រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​រួមជាមួយ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នានា​ទូទាំង ប្រទេស បាន​បើក​ដំណើរ​ការទទួល​ភ្ញៀវទេសច​រ និង​បាន​កំពុង​ត្រៀមខ្លួន​ទទួលភ្ញៀវ ទេសចរ​នាពេល​ថ្ងៃ​ឈប់សម្រាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នា​សប្តាហ៍​ក្រោយនេះ​។ ចំពោះ​សភាពការណ៍​ជារួម គឺ​ពុំមាន​បញ្ហា​ណាមួយ​គួរកត់សម្គាល់​ទេ​។​

​បន្ថែម​ពី​នោះ​ទៀត អនុវត្តតាម​សារ​សម្លេង​ពិសេស​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី កាលពី​រសៀល​ថ្ងៃទី​១៤​នេះ សម្រាប់​ទេសចរ​អន្តរ​ជាតិ និង​អ្នកដំណើរ ចាក់​វ៉ាក់សាំង ដែល​ចូលមកក្នុង​កម្ពុជា​ថ្ងៃស្អែក ក្រសួងទេសចរណ៍​នឹង​ប្រជុំ​ពិនិត្យ មើល​ឡើងវិញ អំពី​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ ស្តង់ដា​អប្បបរមា (SOP) លើ​គ្រប់​សេវា​ដែល ក្រសួងទេសចរណ៍ បានដាក់​ចេញ នាពេល​កន្លងមក ដើម្បី កែសំរួល​ឲ្យ​បាន​សមស្រប ដើម្បី​ជំរុញ​ចលនា​ទេសចរណ៍ ផ្ទៃក្នុង ឲ្យ​កាន់តែ​មានការ​អភិវឌ្ឍ​ន៍​ល្អ និង​ខ្លាំងខ្លា​ថែមទៀត​៕​សរន​-PC