ដោយៈមុនីរ័ត្ន / ភ្នំពេញៈ តុលាការ បានចេញដីកាសម្រេច ចាប់ផ្តើមការលក់ ដោយបង្ខំ ផ្ទះដែល ជាកម្មសិទ្ធិរបស់ មេឧទ្ទាម ក្រៅច្បាប់ រត់ចោលស្រុក សម រង្ស៊ី ដើម្បីយកលុយទៅឲ្យ ម្ចាស់បំណុលចំនួន ៤ភាគី ដែលក្នុងនោះមានដូចជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា , សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា , សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ដែល សរុបជាទឹក ប្រាក់ប្រមាណ ជាង ២លាន ៥សែនដុល្លារអាមេរិក។

ដីកាសម្រេចចាប់ផ្តើមការលក់ ដោយបង្ខំផ្ទះ ដែលជាកម្មសិទ្ធិរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានបង្ហោះ និងចែករំលែកលើ​បណ្តាញសង្គមហ្វេសប៊ុក ដោយក្រុមអតីតមន្ត្រី នៃអតីត គណបក្ស សង្គ្រោះជាតិ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ដីកានេះ ចេញដោយលោក អ៊ឹម វណ្ណៈ ចៅក្រមអនុវត្តសាលាដំបូង រាជធានីភ្នំពេញ។

ផ្ទះដែល ជាកម្មសិទ្ធិរបស់ទណ្ឌិត សម រង្ស៊ី គឺ ស្ថិត នៅផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែ​លើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អតីតស្នាក់ការកណ្តាល អតីតគណបក្ស សង្គ្រោះជាតិ)។

យោងតាមដីកាសម្រេច ចាប់ផ្តើមការលក់ ដោយបង្ខំផ្ទះ គឺមានចំនួន ៤ មានដូចជាៈ

១. រវាងម្ចាស់បំណុល នៃការអនុវត្តសម្តេចតេជោ ហ៊ុន សែន និងកូនបំណុល នៃការអនុវត្តឈ្មោះ សម រង្ស៊ី។ ដោយមានលោក គី តិច មេធាវីតំណាង ដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន បាន ស្នើសុំឲ្យអនុវត្ត តាមវិធាន បង្ខំដោយផ្ទាល់ លក់ដោយបង្ខំនូវអចលនវត្ថុ មានប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ភព០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ មានទីតាំង ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់កួនបំណុល នៃការអនុវត្តឈ្មោះ សម រង្ស៊ី ដើម្បីទទួលបានការសង តាមអំណាចសាលដីកាស្ថាពរ លេខ៤៩៩ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ របស់តុលាការកំពូល។ សិទ្ធិលើបំណុល ដែលទាមទារប្រាក់ចំនួន ៤,០០០,០០០,០០០ (បួនពាន់លាន)រៀល។

២. រវាងម្ចាស់បំណុល នៃការអនុវត្តសម្តេចក្រឡាហោម ស ខេង និងកូនបំណុល នៃការអនុវត្តឈ្មោះ សម រង្ស៊ី។ ដោយមានលោកមេធាវី ហាក់ សៀកលី , ពេជ្រ សូរិយា និងលោកមេធាវីចៅ ប៊ុនហួន តំណាងដោយអាណត្តិរបស់ សម្តេចក្រឡាហោម ស ខេង បាន ស្នើសុំឲ្យអនុវត្តតាមវិធានបង្ខំដោយផ្ទាល់​លក់ដោយបង្ខំនូវអចលនវត្ថុ​មានប័ណ្ណ​សំគាល់សិទ្ធិកាន់ កាប់អចលនវត្ថុ លេខ ភព០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ចេញដោយមន្ទីររៀបចំដែនដី​នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជាកម្មសិទ្ធិរបស់កួនបំណុល នៃការអនុវត្តឈ្មោះ សម រង្ស៊ី ដើម្បីទទួលបានការសង តាមអំណាចសាល​ក្រម​ព្រហ្មទណ្ឌស្ថាពរ លេខ ៥៩៦៨”ត” ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ របស់សាលាដំបួងរាជធានីភ្នំពេញ។ សិទ្ធិលើបំណុល ដែលទាមទារប្រាក់ចំនួន ២,០០០,០០០,០០០ (ពីរពាន់លាន)រៀល។

៣. រវាងម្ចាស់បំណុលនៃការ អនុវត្តសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងកូនបំណុលនៃការ អនុវត្តឈ្មោះ សម រង្ស៊ី។ ដោយមានលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេច ហេង សំរិន បាន ស្នើសុំឲ្យអនុវត្តតាមវិធានបង្ខំ​ដោយ​ផ្ទាល់ លក់ដោយបង្គំនូវអចលនវត្ថុមានប័ណ្ណសំគាល់សិទ្ធិកាន់ កាប់អចលនវត្ថុ លេខ ភព០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ចេញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅសង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់កួនបំណុលនៃការអនុវត្តឈ្មោះ សម រង្ស៊ី ដើម្បីទទួលបាន​ការសង តាមអំណាចសាលដីកាស្ថាពរ លេខ៣៥០ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ សិទ្ធិលើបំណុល​ដែលទាមទារប្រាក់ចំនួន ២៥០,០០០,០០០ (ពីររយហាសិបលាន)រៀល។

៤. រវាងម្ចាស់បំណុលនៃការ អនុវត្ត រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា និងសហកូនបំណុលនៃការ អនុវត្តឈ្មោះ សម រង្ស៊ី និងឈ្មោះ ជូឡុង ស៊ូមួរ៉ា ។ ដោយមានលោកមេធាវី សួង ចាន់ថន និងលោកមេធាវី គួន សារឿន ជាមេធាវីរាជរដ្ឋាភិ​បាល បានស្នើសុំឲ្យអនុវត្តតាមវិធានបង្ខំដោយផ្ទាល់ លក់ដោយបង្គំនូវអចលនវត្ថុមានប័ណ្ណសំគាល់សិទ្ធិកាន់ កាប់អចលនវត្ថុ លេខ ភព០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ចេញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី​រាជធានីភ្នំពេញ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់កួនបំណុល​នៃការអនុវត្តឈ្មោះ សម រង្ស៊ី និងប្រពន្ធឈ្មោះ ជូឡុង ស៊ូមួរ៉ា ដើម្បីទទួលបានការសង តាមអំណាចសាលក្រម ព្រហ្មទណ្ឌ​ស្ថាពរលេខ ១៩៧ ក្រ៦ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ របស់សាលាដំបូង រាជធានីភ្នំពេញ។ សិទ្ធិលើបំណុល ដែល ទាមទារ ប្រាក់ចំនួន ១,៨០០,០០០,០០០ (មួយពាន់ប្រាំបីរយលាន) រៀល៕