​ប្រែ​សម្រួលៈ​វាសនា​/​ម៉ានីល​៖ ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត កាលពី​ថ្ងៃ​ចន្ទ​បាន​ដាក់​ពាក្យសុំ​ឈរឈ្មោះ​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​សំរាប់​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ ដោយ​ដកខ្លួន​​ចេញពី​ការប្តេជ្ញាចិត្តថា​នឹង​ចូល​និវត្តន៍​ពី​នយោបាយ​នៅពេល​ចប់​អាណត្តិ​និង​ការ​ឈរឈ្មោះ​សំរាប់​តំណែង​អនុ​ប្រធានាធិបតី ។​

​មេធាវី​ម្នាក់​របស់​លោក​ឌុយ​ទែតបាន​ដាក់ពាក្យ​ឈរ​ឈ្មោះ​សំរាប់​កៅអី​សមាជិក​ព្រឹទ្ធសភា​នេះ​នៅ​គណៈកម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត​មុន​កាលកំណត់​ទទួល​ពាក្យ​ចុងក្រោយ​សំរាប់​ការបោះឆ្នោត​នៅ​ខែ​ឧស​​ភា​ឆ្នាំក្រោយ​ចូលមក​ដល់​នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​ប្រធានាធិបតី​វ័យ​៧៦​ឆ្នាំនេះ បាន​ប្រកាស​កាលពី​ដើម​ខែ​មុន​ថា លោក​នឹង​ចូលនិវត្តន៍​ពី​នយោបាយ ក្រោយ​បោះបង់ចោល​ផែនការ​ឈរឈ្មោះ​ជា​អនុ​ប្រធានាធិបតី ដោយសារ​តែ​អ្វី​ដែល​លោក​បាន​និយាយ​​ថា អារម្មណ៍​សាធារណជន​ប្រឆាំង​នឹង​គំនិត​នេះ​។​

​ផែនការ​ដំបូង​របស់​លោក​ក្នុងការ​ឈរឈ្មោះ​ជា​អនុ​ប្រធានាធិបតី​នាំអោយ​ផ្ទុះ​កំហឹង​ក្នុងចំណោម​សកម្មជន ដែល​បាន​ពណ៌នា​រូប​លោក​ថា​ជា​វិបត្តិ​ភ័យ​សិទ្ធិ​មនុស្ស​មួយ​នៅក្នុង​បន្ទាយ​លទ្ធិប្រជាធិបតេយ្យ​​នៅ​អាស៊ី​។​

​លោក​ឌុយ​ទែតបាន​ចាប់ផ្តើមការ​បង្ក្រាប​ប្រឆាំង​ថ្នាំញៀន​យ៉ាង​រោលរាល​ក្រោយ​ឈ្នះឆ្នោត​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៦ ដែល​បាន​នាំអោយ​មាន​ការសម្លាប់​ជនសង្ស័យ​ថ្នាំញៀន​ដល់​ទៅ​ជាង​៦.០០០​នាក់​និង​ប្រកាសអាសន្ន​ដល់​បណ្តា​ប្រទេស​លោក​ខាងលិច​និង​ក្រុម​សិទ្ធិ​មនុស្ស​។​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC)​បាន​ចាប់ផ្តើម​ស៊ើបអង្កេត​ការសម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ តែ​លោក​ឌុយ​ទែត​​ប្តេជ្ញា​មិន​សហការ​ជាមួយ​ការស៊ើបអង្កេត​នេះ និង​ក៏​មិន​អនុញ្ញាត​អោយ​ពួក​អ្នក​ស៊ើបអង្កេត​ICC​ចូល​ហ្វីលីពីន​ដែរ​។​

​កាលពី​ចុង​សប្តាហ៍ លោក​ឌុយ​ទែតបាន​និយាយថា លោក​មាន​ផែនការ​ចុះឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី តែ​ពួក​អ្នកជំនាញការ​ច្បាប់​និយាយថា វា​ខុស​នឹង​ច្បាប់​ដែល​កំហិត​ប្រធានាធិបតី​អោយ​កាន់តំ​​ណែ​ង​តែ​១​អាណត្តិ​៦​ឆ្នាំ ហើយ​អនុ​ប្រធានាធិបតី​អាច​ចូល​ជំនួស​ប្រធានាធិបតី​ក្នុងករណី​ប្រធានាធិបតី​ស្លាប់​ឬ​អសមត្ថភាព​ដោយ​ហេតុផល​ណាមួយ​។​

​លោក​ក៏​បាន​ដកថយ​សាជាថ្មី​ក្រោយ​ដឹងថា កូនស្រី​របស់​លោក​បាន​សំរេចចិត្ត​ឈរឈ្មោះ​សំរាប់​បេក្ខភាព​អនុ​ប្រធានាធិបតី ជាជាង​តំណែង​ប្រធានាធិបតី ក្នុង​ទង្វើ​មួយ​ដែល​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​​រូបលោក​។​តាមពិត​លោក​ឌុយ​ទែត​ចង់​អោយ​កូនស្រី ឈរ​ឈ្មោះ​សំរាប់​មុខតំណែង​ប្រធានាធិបតី​។​

​តំណាង​របស់​លោក​ឌុយ​ទែត​កាន់​លិខិត​សុំ​ចុះ​ឈ្មោះ​បេក្ខភាព​សមាជិក​ព្រឹទ្ធសភា​នៅ​គណៈ​កម្មា​ធិ​កការរៀបចំ​ការបោះឆ្នោ​ត​នៅ​ក្រុងម៉ានីល​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​វិច្ឆិកា​

​អ្នកគាំទ្រ​លោក​ឌុយ​ទែត​និង​ព្រឹទ្ធ​សមាជិក​ម្នាក់​ស្រែក​ពាក្យស្លោក​នៅ​គណៈកម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត​កាលពី​ថ្ងៃ​១៥​វិច្ឆិកា​

​មុខតំណែង​ជា​១៨.០០០​នឹង​ត្រូវ​ដាក់​សំរាប់​ការបោះឆ្នោត​ប្រកួតប្រជែង​យក​នៅក្នុង​ការបោះឆ្នោត​ថ្ងៃ​៩​ឧសភា ឆ្នាំ​២០២២ រួម​មាន​តំណែង​ប្រធានាធិបតី អនុ​ប្រធានាធិបតី សមាជិក​ព្រឹទ្ធសភា​ពាក់កណ្តាល​​ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា​២៤​រូប សភា​ជាង​៣០០​អាសនៈ​ព្រមទាំង​មុខតំណែង​ខេត្ត​ក្រុង និង​មូលដ្ឋាន​៕

​អ្នកគាំទ្រ​របស់​ចៅហ្វាយក្រុង​ដា​វ៉ា​វ ដែលជា​កូនស្រី​របស់​លោក​ឌុយ​ទែត ស្រែក​ពាក្យស្លោក​នៅក្រៅ​គណៈកម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​