​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ លោក សាំង យូ អភិបាលរង​ខេត្តកំពង់ឆ្នាំង តំណាង​លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ អភិបាលខេត្ត នៅ​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ បាន​អញ្ជើញ​ជា អធិបតី ក្នុង​ពិធី​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ ចំនួន ១០០ គ្រួសារ នៅក្នុង​ភូមិ ៣ នៃ​សង្កាត់​ផ្សារឆ្នាំង​។​

​លោក ហ៊ីង ភ័ព​មីនា អភិបាលរងក្រុង​កំពង់ឆ្នាំង នៅក្នុង​ពិធី​នេះ បាន​ថ្លែង​ឲ្យ​ដឹងថាៈ ប្រជាពលរដ្ឋ ដែល​មក​ទទួល​អំណោយ ចំនួន ១០០ គ្រួសារ ក្នុង​ពេលនេះ គឺ​មកពី​ភូមិ ចំនួន ៣ មានៈ ភូមិ​ផ្សារលើ ភូមិ​ផ្សារឆ្នាំង និង​ភូមិ​កោះក្របី នៃ​សង្កាត់​ឆ្នាំង​ផ្សារ នៃ ក្រុង​កំពង់ឆ្នាំង​។

​នៅក្នុង​ឱកាស​នេះ លោក សាំង យូ បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ថាៈ អំណោយ​ដែល​ផ្ដល់ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ពេលនេះ គឺជា​អំណោយ​របស់លោក​បណ្ឌិត​សុភា​ចា​រ្យ អ៊ុក រ៉ាប៊ុន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តកំពង់ឆ្នាំង តាមរយៈ​លោក​អភិបាលខេត្ត ។​

​លោក​បាន​បញ្ជាក់ថាៈ អំណោយ​ដែល​បាន​នាំយកមក​ចែកជូន នៅពេលនេះ ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ ២៥ គីឡូ​, មី​មួយ​កេស , ទឹកត្រី ១ យួរ​,​ទឹក​ស៊ី អ៊ីវ ១ យួរ និង​ត្រីខ ១០ កំប៉ុង ដើម្បី​ជួយ​សម្រួល​ដល់​ការខ្វះខាត របស់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​មិនទាន់​ស្រាក​ស្រា​ន នៅឡើយ​៕/V​