ដោយៈ ប​.​ជ័យ / ព្រំដែន​កម្ពុជា​-​ថៃៈ អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា បានប្រគល់​ទៅ​ឲ្យ​ប្រទេស ថៃ​វិញ នូវ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ជា​ជនជាតិ​ថៃ ចំនួន ៦៦ នាក់ (​ស្រី​២៤​នាក់​) កាលពី​ម៉ោង ១០ និង​៤០ នាទី ថ្ងៃត្រង់ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ នៅលើ​ស្ពាន មិត្តភាព កម្ពុជា ថៃ នៃ​ច្រកទ្វារព្រំដែន​អន្តរជាតិ ប៉ោយប៉ែត -​ខ្លង​លឹក ។​

​នៅក្នុង​ពិធី​ប្រគល់ ជនអន្តោប្រវេសន៍ ខុសច្បាប់ ជនជាតិ​ថៃ ទៅ​ឲ្យ​ប្រទេស​ថៃ​នោះ មានការ​ចូលរួម​ដោយៈ ភាគី​កម្ពុជា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យី គា​លី អនុប្រធាននាយកដ្ឋាន អន្តោប្រវេសន៍ ទទួល​ទិស​ច្រកទ្វារ​ទី​១ ព្រមទាំង​មន្ត្រី ២៥ នាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សម វណ្ណ​វីរៈ ប្រធាន​នាយកដ្ឋាន សន្តិសុខ​ផ្ទៃក្នុង តំណាង​ភាគី​កម្ពុជា និង​ភាគី​ថៃ លោក ប៉ាន​យ៉ា​រ៉ា​ក់ ពុល​ថាប់ (Mr Panyarak Poolthup ) ឯកអគ្គរាជទូត​ថៃ ប្រចាំ​នៅ​កម្ពុជា តំណាង ភាគី​ថៃ និង​លោក ឧ​ត្ត​ម​សេនីយ​ទោ ស៊ុ​រៈ​ឆេ​ត ហាក់​ផាន អគ្គ​ស្នងការរង អន្តោប្រវេសន៍​ថៃ លោក ព្រី​ន​យ៉ា ពោធិ៍សាត់ អភិបាលខេត្ត​ស្រះកែវ ប្រទេស​ថៃ និង​សហការី ចំនួន ៣០ នាក់​។

​ពិធី​ប្រគល់​-​ទទួលបាន​បញ្ចប់ នៅ​ម៉ោង ១១:៣០ នាទី ហើយ​ភាគី​ទាំងពីរ បន្ត​ប្រជុំពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា និង​សុំ​ឲ្យ​មានការ​យោគយល់​គ្នា ទៅវិញទៅមក នៅក្នុង​កាលៈទេសៈ ដែល​កំពុងមាន​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វីដ ១៩ នេះ​។​

​យោង​មន្ត្រី​សមត្ថកិច្ច បានឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ល្ងាច ថ្ងៃទី​១៥ ខែវិច្ឆិកា នេះ​ថាៈ ជនអន្តោប្រវេសន៍ ខុសច្បាប់ ជនជាតិ​ថៃ​ទាំងនោះ បាន​ឆ្លងដែន​ខុសច្បាប់ មក​កម្ពុជា ជា​បន្តបន្ទាប់ តាមផ្លូវ​គោក ផ្លូវទឹក ដើម្បី​ធ្វើ​ការងារ​មួយចំនួន មាន​ល្បែង​តាម​អន​ឡាញ នៅតាម​កាស៊ីណូ មាន​ក្រុមហ៊ុន ឬ​អាជីវកម្ម ជំនួញ​ជាដើម …. ហើយ​ត្រូវបាន​កម្លាំងចម្រុះ កម្ពុជា ឃាត់​ចាប់ខ្លួន ជា​បន្តបន្ទាប់ និង​បាន​ឃុំខ្លួន ជា​បណ្តោះអាសន្ន​ខ្លះ និង​ស្នាក់នៅ ក្រោម​ការត្រួតពិនិត្យ​ខ្លះ ប៉ុន្តែ​ដោយមាន​ការចរចា សម្របសម្រួល រវាង​ក្រុមចម្រុះ នៃ​ភាគី​ទាំង ២ ទើប​ឈានដល់ ការយោគយល់​គ្នា ហើយ​មកទល់ពេលនេះ មានការ​ដោះលែង រួច​ប្រគល់អោយ​ភាគី​ថៃ​វិញ តាមផ្លូវ​គោក នាពេលនេះ​៕/V​