ដោយៈ ប​.​ជ័យ -​ភ្នំ​សន្ទុក / កំពង់ធំៈ រដ្ឋបាលខេត្ត​កំពង់ធំ បាន​បើក​ការប្រកួត​កីឡា ស្ប៉េ​ស្យា​ល់ អូឡាំពិក (Special Olympic ) ថ្នាក់​ខេត្ត ប្រចាំឆ្នាំ​២០២១ នៅ​ពហុ​កីឡដ្ឋាន ខេត្តកំពង់ធំ នា​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​។​

​លោក ញ៉ឹក បាន​ខេង អភិបាលរង ខេត្តកំពង់ធំ បានអោយដឹង នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា នេះ​ថាៈ ការប្រកួត​កីឡា ស្ប៉េ​ស្យា​ល់ អូឡាំពិក គឺ​ក្នុង​គោលបំណង ផ្ដល់ឱកាស​ឱ្យ​ក្រុម​កីឡាករ កីឡាការិនី ខ្សោយសតិ​ប​ញ្ញ ថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត និង​ខេត្ត បាន​ជួបជុំគ្នា ធ្វើការ​ប្រកួតប្រជែង ចែករំលែក បទពិសោធន៍ ភាពសប្បាយ​រីករាយ និង​ដើម្បី​សុខភាព មិត្តភាព សាមគ្គីភាព ទំនាក់ទំនង កិច្ចសហការ បំបាត់​ការរើសអើង និង​ផ្ដល់ឱកាស​ចូលរួម សកម្មភាព​ក្នុងសង្គម តាមរយៈ​វិស័យ​កីឡា ស្របតាម​ចលនា ស្ប៉េ​ស្យា​ល់​អូឡាំពិក​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​ថ្នាក់​ពិភពលោក ។ ជាពិសេស ការប្រកួត​នេះ ដើម្បី​ជ្រើសរើស​កីឡាករ កីឡា ការិនី​ឆ្នើម ទៅ​ចូលរួម​ការប្រកួត​កីឡា​ស្ប៉េ​ស្បា​ល់​អូឡាំពិក​ថ្នាក់ជាតិ នា​ដើមខែ​ធ្នូ ខាងមុខនេះ ផងដែរ​។​

​ចំណែក​លោក ឃ្លាំង ច​ន្ធូ អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ កីឡា​ស្ប៉េ​ស្យា​ល់​កម្ពុជា បានអោយដឹងថាៈ កីឡារ​ស្ប៉េ​ស្យា​ល់​អូឡាំពិក រាជធានី ខេត្ត ក៏ដូចជា អង្គការ សមាគម​នានា ដែល​គ្រប់គ្រង ផ្ទាល់ ជួយ​ដល់​ជនពិការ​ខ្សោយសតិ​បញ្ញា សូម​យកចិត្តទុកដាក់ បីបាច់​ថែរក្សា និង​ផ្ដល់ឱកាស ឱ្យ​ពួកគាត់ បាន​ហ្វឹកហាត់ និង​ត្រួតពិនិត្យ​សុខភាព និង​ការចូលរួម​ការប្រកួត នានា ដែល​គណៈ ក​ម្មា​ធិ​ការ​ជាតិ ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា បានរៀបចំ​តាម​កម្ម​វី​ធី ជា​រៀងរាល់ឆ្នាំ​។

​លោក ឃ្លាំង ច​ន្ធូ បាន​បន្ថែមថាៈ មកដល់ពេលនេះ គណៈកម្មាធិការ​ជាតិ ស្ប៉េ​ស្យា​ល់​កម្ពុជា បាន​បង្កើត​អនុគណៈកម្មាធិការ​ស្ប៉េ​ស្យា​ល់ រាជធានី ខេត្ត ចំនួន​១៤ រួចហើយ បើ​គិត​ត្រឹម​ឆ្នាំ ២០២០ រួមមាន អនុគណៈកម្មាធិការ​ស្ប៉េ​ស្យា​ល់ រាជធានី ភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និង​ខេត្តព្រះវិហារ ៕/V​