ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​ចំនួន​២​លាន​ដូ​ស​ដែលជា​ជំនួយ​របស់ រដ្ឋាភិបាល​ចិន​ដល់​កម្ពុជា នៅ​ថ្ងៃទី ១៧ វិច្ឆិកា​ខាងមុខ ។ នេះ​បើ​យោងតាម​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ។​

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅក្នុង​ពិធី​ទទួល​វ៉ាក់សាំង Astra zeneca ចំនួន ៣២៤,០០០​ដូ​ស ពី COVAX Facility Round 3 ដែល​បានមក​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

​លោកស្រី យក់ សម្បត្តិ បញ្ជាក់ថា​៖«​មកដល់ពេលនេះ​កម្ពុជា​បានទទួល​វ៉ាក់សាំង​សរុប ៣៨ លាន​ដូ​ស​ជាង​,​ហើយ​នៅ​ថ្ងៃទី ១៧ ខែវិច្ឆិកា​ខាងមុខនេះ​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​មក​ទទួល​វ៉ាក់សាំង​ចំនួន ២ លាន​ដូ​ស​ទៀត​ពី​ប្រទេស​ចិន​អ​ញ្ជឹ​ង​គិត​ទាំង​លើក​នេះ​កម្ពុ​ជាមាន​វ៉ាក់សាំង​សរុប​ទាំងអស់​ជាង ៤០ លាន​ដូ​ស​ហើយ​» ។​

​លោកស្រី យក់ សម្បត្តិ បាន​បន្តថា​៖​កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ទៀត​តាមរយៈ​យន្តការ​កូ​វ៉ា​ក់ និង ជំនួយ​ទ្វេភាគី​ពី​ប្រទេស​ជា​មិត្ត ។ តាមរយៈ​យន្តការ​កូ វ៉ា​ក់​កម្ពុជា​និង​ទទួលបាន​វ៉ាក់សាំង​ចំនួន ៦.៦​លាន​ដូ​ស​,​គិត​មកដល់ពេលនេះ​កម្ពុជា​ទើប​ទទួលបាន​វ៉ាក់សាំង​ពី​យន្តការ​កូ​វ៉ា​ក់​ចំនួន​១.៨៣២.៩០០​ដូ​ស​ប៉ុណ្ណោះ ហើយ សង្ឃឹមថា​យើង​នឹង​ទទួលបាន​គ្រប់​ចំនួន​ដែល​មកដល់​ជា​បន្តបន្ទាប់​ក្នុង​ខែ ១២ និង​ឆ្នាំ ២០២២ គ្រប់​តាម​ផែន ។ ដោយឡែក​រដ្ឋាភិបាល​អូស្ត្រាលី​នឹង​បញ្ជូន​វ៉ាក់សាំង​មក​កម្ពុជា​នៅ​ចុង​ឆ្នាំនេះ​ឬ​ដើមឆ្នាំ​២០២២​ហើយ​ចំពោះ​ការមកដល់​ជាក់លាក់​នោះ​ស្ថាន​ទួត​អូស្ត្រាលី​និង​បញ្ជាក់​នៅពេល​ក្រោយ​។​

​លោកស្រី​បាន​បន្តទៀតថា​កម្ពុជា​មិនមាន​ការខ្វះ​វ៉ាក់សាំង​នោះទេ ហើយ​វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​សុទ្ធតែ​មានការ​ត្រួតពិនិត្យ​និង​គ្រប់គ្រង​បានល្អ​ហើយ​រហូតមក​ដល់ពេលនេះ​វ៉ាក់សាំង​ដែល​ទទួលបាន​រួមទាំង​នៅក្នុង​ស្តុក​ផង​មិនមាន​វ៉ាក់សាំង​ណាមួយ​ហួសការ​ប្រើប្រាស់​នោះទេ​។​

​គួរបញ្ជាក់​រហូតមក​ដល់​ថ្ងៃនេះ​វ៉ាក់សាំង​ផ្ដល់​តាមរយៈ​យន្ដការ​កូ​វ៉ា​ក់មាន​ចំនួន​៧៧២៨០០​ដូ​ស​ចែកជា​បី​លើក​ដោយ​លើក​ទី​១​បានមក​ដល់​នៅ​ថ្ងៃទី​២​ខែមីនា ឆ្នាំ​២០២១ វ៉ាក់សាំង​Astra Zeneca/SII ចំនួន ៣២៤.០០០ ដូ​ស ។​លើក​ទី​២ មកដល់​នៅ​ថ្ងៃទី​៣០ ខែកក្កដា​ឆ្នាំ​២០២១ វ៉ាក់សាំង​កូ​វីដ​-១៩ ច​ន​សាន់ & ច​ន​សាន់ ចំនួន ៤៥០, ៥០០ ដូ​ស​ដែលជា​អំណោយ​របស់​សហរដ្ឋអាមេរិក​តាមរយៈ​យន្តការ​កូ​វ៉ា​ក់​និង​វ៉ាក់សាំង​បន្ថែមចំនួន​៦០៩,៦០០ ដូ​ស​ទៀត​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២ សីហា ឆ្នាំ​២០២១ ។​លើក​ទី​៣ បានមក​ដល់​នៅ​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២១ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ផលិត​នៅ​ប្រទេស​ចិន​ចំនួន ១២៤,៨០០ ដូ​ស​និង​លើក​ទី​៤ មកដល់​នៅ​ល្ងាច​ថ្ងៃនេះ​វ៉ាក់សាំង​Astra zeneca ចំនួន​៣២៤,០០០ ដូ​ស​សរុប​ទាំង​បួន​លើក​ចំនួន​ចំនួន​១,៨៣២.៩០០​ដូ​ស​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១​កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​កម្ពុជា​លើ​ប្រជាជន​អាយុ​ពី ១៨​ឆ្នាំ​ឡើង មាន ១០០,៥៧% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់​។​លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ៩៨,៤៧% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់​។​លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ​ដល់​ក្រោម​១២​ឆ្នាំមាន​១០៣,៧០% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់​។​លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ៧៦,២៣% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់​។​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន នាក់ មាន ៨៧,៨៥%៕​