ដោយ : មុនីរ័ត្ន/ភ្នំពេញ : លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានអបអរសាទរ​កីឡាការិនី អ៊ុក​ ស្រីមុំ​ ត្រូវបានគណៈកម្មការរៀបចំការប្រកួត​ប៉េតង់​ជេីង​ឯកពិភពលោក​ The 2021 World Triplets and Precision shooting Championships​ ប្រគល់មេដាយមាសប៉េតង់ពិភពលោក ជំនាន់ទី១៨ ផ្នែកនារី លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីបានយកឈ្នះក្នុងព្រឹត្តិការណ៍ប្រកួតចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ ។

លោក ស សុខា បានបន្តថា នេះគឺជាមោទនភាព និងជោគជ័យដ៏អស្ចារ្យថ្មីមួយទៀត សម្រាប់កម្ពុជា ដែលកីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ បានដណ្តើមយកឈ្នះមេដាយមាសប៉េតង់ពិភពលោក ជូនជាតិ ក្នុងចំណោមប្រទេសជាច្រើនដែលបានចូលរួមការប្រកួតយ៉ាងស្វិតស្វាញ ។ អ្វីដែលកាន់តែអស្ចារ្យថែមទៀត ជោគជ័យឆ្នាំ២០២១ នេះ គឺជាឆ្នាំទី៥ ហើយ នៃការទទួលបានមេដាយមាសប៉េតង់ពិភពលោក លើវិញ្ញាសាវាយយកពិន្ទុ សំរាប់កម្ពុជាយើង ដែលមិនទាន់មានប្រទេសណាក្រៅពីកម្ពុជា ធ្វើបាននៅឡើយ ។

ជាមួយគ្នានេះ លោក ស សុខា ក្នុងនាមប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូកីឡា និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានខំយកអស់កម្លាំងកាយចិត្ត ក្នុងការដឹកនាំ និងចូលរួមប្រកួត ចាប់តាំងពីដើម រហូតដល់ចប់ ពិសេសបាននាំយកនូវជ័យជម្នះដ៏អស្ចារ្យជូនជាតិមាតុភូមិ នៃយើងផងដែរ ។ សូមជូនពរដល់ប្រតិភូកីឡា និងកីឡាករ កីឡាការិនីប៊ូល និងប៉េតង់កម្ពុជាទាំងអស់ ទទួលបាននូវសុខសុវត្ថិភាពក្នុងការធ្វើដំណើរត្រលប់មកព្រះរាជាណាចក្រកម្ពុជាវិញ និងមានសុខភាពល្អគ្រប់ៗគ្នាកុំបីខាន៕សរន