​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អ្នកកាសែត​អាម៉េរិក​លោក ដាន​នី ហ្វិន​ស្ទើ ដែល​បាន​ចំណាយពេល​ជិត​ប្រាំមួយ​ខែ​នៅ​ក្នុង​ពន្ធនាគារ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​គ្រប់គ្រង​ដោយ​យោធា ហើយ​ត្រូវបាន​កាត់ទោស​កាល​ពី​សប្តាហ៍​មុន​ឱ្យ​ជាប់គុក​១១ ឆ្នាំ ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​វិច្ឆិកា ហើយ​បាន​ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​វិញ​។​

​លោក​ហ្វិន​ស្ទើ​ត្រូវបាន​ប្រគល់ឱ្យ​ទៅ​អតីត​អ្នកការទូត​អាម៉េរិក​លោក ប៊ី​ល រី​ឆាត​សុន ដែល​បាន​ជួយ​ចរចា​លើ​ការដោះលែង​នេះ ហើយ​អ្នក​ទាំង​ពីរ​បាន​ចាកចេញ​ទៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា​។​

​លោក​ហ្វិន​ស្ទើ​ដែល​ដុះ​ពុកចង្ការ​វែង​បាន​ប្រាប់​អ្នកកាសែត​នៅលើ​ផ្លូវ​យន្តហោះ​ថា “​ខ្ញុំ​មាន​អារម្មណ៍​ធម្មតា​ផ្នែក​រាងកាយ​។ អ្វី​ដែល​ខ្វះ​គឺ​ភាព​សុខដុម​នៃ​ជីវិត​និង​រឿង​ផ្សេងៗ​ទៀត​នៅពេល​យើង​ជាប់ឃុំ​។ អ្នក​គ្រាន់តែ​គិត​ច្រើន​បន្តិច​។ ពេល​វា​អូសបន្លាយ​កាន់តែ​យូរ អ្នក​កាន់តែ​ព្រួយបារម្ភ​ថា​វា​នឹង​គ្មាន​ទីបញ្ចប់​ទេ​។ វា​គឺជា​ការព្រួយបារម្ភ​ដ៏​ធំ​បំផុត ពេល​នឹកគិត​ដល់​រឿង​នោះ​”​។​

​ខណៈ​កំពុង​ជាប់ពន្ធនាគារ លោក​ហ្វិន​ស្ទើ​បាន​ប្រាប់​មេធាវី​របស់​គាត់​ថា​គាត់​ជឿថា​គាត់​មាន​ជំងឺ​កូវី​ដ​១៩ ទោះបីជា​អាជ្ញាធរ​ពន្ធនាគារ​បាន​បដិសេធ​ក៏​ដោយ​។​

​លោក​ហ្វិន​ស្ទើ ដែលជា​អ្នក​គ្រប់គ្រង​ទស្សនា​វ​ដ្តី​អន​ឡាញ Frontier Myanmar ត្រូវបាន​កាត់ទោស​កាល​ពី​ថ្ងៃ​សុក្រ​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ញុះញង់ ទាក់ទង​អង្គភាព​ខុសច្បាប់ និង​បំពាន​​ច្បាប់​ទិដ្ឋាការ​។ ប៉ុន្មាន​ថ្ងៃមុន​ការកាត់ទោស​របស់​គាត់​គាត់​ដឹងថា​គាត់​ត្រូវបាន​ចោទប្រកាន់​បន្ថែម​ពី​បទ​ភេរវកម្ម​និង​អំពើ​ក្បត់ជាតិ​ដែល​នាំ​ឱ្យ​គាត់​ប្រឈម​មុខ​នឹង​ការកាត់ទោស​ឱ្យ​ជាប់គុក​យូរ​ជាង​​នេះ​។​

​គាត់​គឺ​ស្ថិតក្នុង​ចំណោម​អ្នកកាសែត មន្ត្រី​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​អ្នក​បោះពុម្ពផ្សាយ​ជាង​១០០ នាក់ ដែល​ត្រូវបាន​ឃុំ​ខ្លួន​ចាប់តាំងពី​យោធា​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី កាលពី​ខែ​កុម្ភៈ ហើយ​គាត់​គឺជា​អ្នក​ទទួល​ទោស​ធ្ងន់ធ្ងរ​បំផុត​ម្នាក់​ក្នុងចំណោម​នោះ​៕

​លោក ដាន​នី ហ្វិន​ស្ទើ (​ឆ្វេង​) និង អតីត​អ្នកការទូត​អាម៉េរិក​លោក ប៊ី​ល រី​ឆាត​សុន ឡើង​យន្តហោះ​ទៅ​ទីក្រុង​ដូ​ហាកា​លពី​ថ្ងៃ​ចន្ទ