​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ កុមារ​រាប់ពាន់នាក់​ក្នុងប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​ចន្ទ​ទី ១៥ វិច្ឆិកា​បាន​ត្រឡប់​ទៅ​សាលារៀន​វិញ ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​ដោយ​បាន​ចាប់ផ្តើម​​គម្រោង​សាកល្បង​ដើម្បី​បន្ត​ការរៀនសូត្រ​ទល់មុខ​គ្នា​ឡើងវិញ បន្ទាប់​ពី​ជំងឺ​រាតត្បាត​បាន​រំខាន​ដល់​ការសិក្សា​របស់​សិស្ស​ចំនួន ២៧ លាន​នាក់​។​

​សាលា​រដ្ឋ​ចំនួន​១០០​នៅតាម​តំបន់​ដែល​មាន​ហានិភ័យ​ទាប​កំពុង​រៀបចំ​ថ្នាក់រៀន​ដោយ​ផ្ទាល់​សម្រាប់​ដំណើរការ​សាកល្បង​រយៈ​ពេល​ពីរ​ខែ​ដោយ​ការបើក​ដំណើរការ​ឡើង​វិញ​នៅ​សាលា​ដទៃ​ទៀត​គឺ​​អាស្រ័យ​លើ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​និង​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់​នៃ​ករណី​កូវី​ដ​១៩​។​

​ប្រទេស​ហ្វីលីពីន ដែល​បាន​ដាក់ចេញ​ការបិទ​ខ្ទប់​យូរ​បំផុត​លើ​ពិភពលោក គឺ​ស្ថិត​ក្នុងចំណោម​ប្រទេស​ចុងក្រោយ​ដែល​បើក​សាលារៀន​ឡើងវិញ​ដែល​ផ្ទុយស្រឡះ​ទាំងស្រុង​ពី​បណ្តា​ប្រទេស​លោកខាងលិច​​ភាគច្រើន​។​

​ក្រសួង​អប់រំ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​រីករាយ​ដែល​បាន​ឃើញ​អ្នក​សិក្សា​របស់​យើង​ស្ថិតនៅក្នុង​ថ្នាក់រៀន​របស់​យើង​ឡើង​វិញ​ខណៈ​យើង​ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​ការរៀន​ទល់​​មុខ​គ្នា​ក្នុង​ការអភិវឌ្ឍ​សង្គម​របស់​ពួកគេ​”​។​

​អាជ្ញាធរ​បាន​កាត់បន្ថយ​ទំហំ​ថ្នាក់រៀន​ចំនួន​ពាក់កណ្តាល ហើយ​អនុញ្ញាត​ឱ្យ​តែ​គ្រូ​និង​បុគ្គលិក​សាលា​ដែល​បាន​ចាក់​ថ្នាំ​បង្ការ​ប៉ុណ្ណោះ ដើម្បី​ធ្វើ​អន្តរ​កម្ម​ជាមួយ​សិស្ស​។​

​រូបថត​ដែល​បាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​បានបង្ហាញ​សិស្ស​ពាក់​ម៉ាស់ ហើយ​នៅ​ខាងក្នុង​ថ្នាក់​រៀនមាន​កៅអី​និង​តុ​បំបែក​ដោយ​បន្ទះ​ប្លា​ស្ទិក ខណៈ​ស្ថានីយ​លាងដៃ​ត្រូវបាន​ដំឡើង​៕

​សាលា​រដ្ឋ​ចំនួន​១០០​នៅតាម​តំបន់​ដែល​មាន​ហានិភ័យ​ទាប​កំពុង​រៀបចំ​ថ្នាក់រៀន​ដោយ​ផ្ទាល់​សម្រាប់​ដំណើរការ​សាកល្បង​រយៈ​ពេល​ពីរ​ខែ