​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី ១៥ វិច្ឆិកា​ថា​ក្រុម​តា​លី​បង់​បាន​បើក​ការបង្ក្រាប​លើ​កន្លែង​លាក់​ខ្លួន​សង្ស័យ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ភាគខាងត្បូង​​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន បន្ទាប់ពី​មាន​ការកើនឡើង​នៃ​ការវាយប្រហារ​បង្ហូរឈាម​ដោយ​ក្រុម​នេះ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​

​មេ​ប៉ូលិស​ខេត្ត​របស់​ពួក​តា​លី​បង់ លោក អាប់​ឌុល ហ្គា​ហ្វា ម៉ូ​ហាម​ម៉ា​ឌី បាន​និយាយថា ប្រតិបត្តិការ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​អ៊ីរ៉ាក់​និង​ស៊ី​រី – ខូ​រ៉ា​សាន (ISIS-K)​បាន​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​​អធ្រាត្រ​នៅក្នុង​ស្រុក​ចំនួន​បួន​នៃ​ខេត្ត​កាន់​ដា​ហា​និង​បន្ត​រហូតដល់​ព្រឹក​ថ្ងៃ​ចន្ទ​។

​លោក​បាន​និយាយថា “​រហូតមកទល់​ពេលនេះ យុទ្ធជន​អាយ​ស៊ី​ស​បួន​នាក់​ត្រូវបាន​សម្លាប់ និង​១០ នាក់​ត្រូវបាន​ចាប់ខ្លួន​… ម្នាក់​ក្នុងចំណោម​ពួកគេ​បាន​បំផ្ទុះ​ខ្លួនឯង​នៅក្នុង​ផ្ទះ​មួយ​”​។​

​សមាជិក​ម្នាក់​នៃ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​តា​លី​បង់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា ជន​ស៊ីវិល​យ៉ាងតិច​បីនាក់​ត្រូវបាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ដកស្រង់​សម្តី​មន្ត្រី​តា​លី​បង់​ដែល​និយាយថា​មាន​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ជាយក្រុង​ភាគ​ខាងលិច​នៃ​ទីក្រុង​កា​ប៊ុល​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ផងដែរ​ដោយ​មិនមាន​អ្នករងរបួស​​ឬ​ស្លាប់​នោះទេ​។​

​ក្នុង​រយៈពេល​បី​ខែ​ចាប់តាំងពី​ក្រុម​តា​លី​បង់​ឡើង​កាន់​អំណាច ក្រុម ISIS-K បានធ្វើ​សកម្មភាព​ខ្លាំង​នៅ​ខេត្ត​ចា​ឡា​ឡា​បាដ ខេត្ត​ឃុន​ឌូស ខេត្ត​កាន់​ដា​ហា និង​ទីក្រុង​កា​ប៊ុល​៕

​សមាជិក​ម្នាក់​នៃ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​តា​លី​បង់​និយាយថា ជន​ស៊ីវិល​យ៉ាងតិច​បីនាក់​ត្រូវបាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​នេះ