ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី​២៣​ខែវិច្ឆិកា​ប្រទេស​កម្ពុជា​បន្ត​ទទួលរង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​រុញ​ពី​សមុទ្រ​ចិន​ខាងត្បូង​មកលើ​តំបន់​វាលទំនាប​ភាគខាងត្បូង​ព្រម​ពេល​ទ្រនុង​សម្ពាធ​ខ្ពស់​បន្ត​ធ្លាក់​ចុះមក​គ្របដណ្តប់​លើ​ភាគ​ខាងជើង​នៃ​តំបន់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន​ធ្វើឱ្យ​សីតុណ្ហភាព​អប្បបរមា​ចុះ​ថែម​បន្តិចទៀត​និង​ភ្លៀង​រដូវវស្សា​នៅតែ​បន្ត​មាន​ធ្លាក់ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​នៅ​តំបន់​ទំនាប​កណ្តាល ពិសេស​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម​។​

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ល្ងាច កំពុងមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យមនៅស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ(រូបថតក្រសួងធនធានទឹក)

ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០២១​បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១៧​ដល់​ថ្ងៃទី​២៣​ខែវិច្ឆិកា​ថា​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​ទទួលរង​នូវ​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​មកពី​សមុទ្រ​ចិន​ខាងត្បូង​រុញ​ទូល​មកលើ​តំបន់​វាលទំនាប​ភាគ​ខាងក្រោម​ប្រទេស និង ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងជើង បន្ត​ធ្លាក់​ចុះមក​គ្របដណ្តប់​លើ​តំបន់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន​ប្រទេស​។​

​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា​ស្ថានភាព​បែប​ខាងលើ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០​ទៅ​៣២​អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ​។ បណ្តា​ផ្នែក​ខ្លះ​នៃ​រាជធានី​-​ខេត្ត នៅ​ភាគ​ខាងក្រោម​(​ត្បូង​) និង​ខេត្ត​ដែលមាន​ព្រំប្រទល់​ជាប់​វៀតណាម អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ។​

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ល្ងាច មានភ្លៀងធ្លាក់កម្រិតមធ្យមទៅខ្លាំងនៅក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ ស្រុកសេសាន និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង(រូបថតក្រសួងធនធានទឹ)

​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ឦសាន​មាន សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អ​អ្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩​ទៅ​៣១​អង្សា​សេ ។ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​តិចតួច ។​

​សម្រាប់​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អ​អ្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០​ទៅ​៣២​អង្សា​សេ​។ អាច​នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ​រន្ទះ ៕​សរន

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ល្ងាច កំពុងមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យមនៅស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ(រូបថតក្រសួងធនធានទឹក)