ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ជនជាតិ​កាណាដា​ម្នាក់ បាន​ត្រូវ​តុលាការ​សម្រេច​នៅ ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ឃុំខ្លួន​ដាក់ពន្ធនាគារ ក្រោម​ការចោទប្រកាន់ ពីបទ រក្សាទុក និង​ដឹកជញ្ជូន គ្រឿងញៀន ជាង ១៦៧ គីឡូក្រាម ដោយ​ខុសច្បាប់ និង​បទ​កាន់កាប់​អាវុធ ដោយ​គ្មាន​ការ អនុញ្ញាត​។​

​គួររំលឹកថា នៅ​ថ្ងៃទី ២៧ ខែតុលា ដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ច​នៃ មន្ទី​ប្រឆាំង បទល្មើស គ្រឿងញៀន (​ក​១) ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង នាយករង​មន្ទីរ លោក វរសេនីយ៍ឯក ម៉ាក់ សេរី​វឌ្ឍនៈ នាយករង​មន្ទីរ និង​លោក វរសេនីយ៍ទោ ហុង វណ្ណា​រិ​ទ្ធ នាយការិយាល័យ (​ក​១) ចូលរួម​សហការ​ជាមួយ កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ សម្របសម្រួល​ដោយ​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃ​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ​បាន​ចុះ ស្រាវជ្រាវ និង​ឈានទៅ​បង្ក្រាប ឧក្រិដ្ឋជន​រក្សាទុក ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន នៅ ៣ គោលដៅ​ផ្សេងគ្នា ជា​បន្តបន្ទាប់​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ គោលដៅ​ទី​១-​នៅ​ចំណុច​ក្រុមហ៊ុន​ដឹកជញ្ជូន​ស្ថិតនៅ​ភូមិ ត្រពាំង​ស្វាយ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។ គោលដៅ​ទី​២-​ចំណុច​បន្ទប់​លេខ ៤១២១ ខុន​ដូ​ជិត​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង គោលដៅ​ទី​៣-​នៅ​បន្ទប់ 13AD និង 13AE ខុន​ដូ នៅ​ផ្លូវ​លេខ​៣០២ សង្កាត់​បឹង​កេងកង​។​

​ជា​លទ្ធផល សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ FU YONG QING ភេទ​ប្រុស សញ្ជាតិ​កាណាដា អាយុ ៥២ ឆ្នាំ កាន់​លិខិតឆ្លងដែន​កាណាដា លេខ​: AC79014 និង​ចាប់យក វត្ថុតាង រួមមានៈ​
១. អ៊ិ​ច​ស្តា​ស៊ី​គ្រាប់ (MDMA) ពណ៌​ផ្កាឈូក ៨៥.៩២២ គ្រាប់ ស្មើនឹង​ទម្ងន់ ២៨.៣៥៤,៥៤ ក្រាម​
២. អ៊ិ​ច​ស្តា​ស៊ី​គ្រាប់ (MDMA) ពណ៌​ប្រផេះ ១៥៤.៤៧៤ គ្រាប់ ស្មើនឹង​ទម្ងន់ ៦០.២៤៤,៩៩ ក្រាម​
៣. អ៊ិ​ច​ស្តា​ស៊ី​ម្សៅ (MDMA) កញ្ចប់​រូប​សេះ F3 ទម្ងន់ ៥០.០២២,៧២ ក្រាម​
៤. អ៊ិ​ច​ស្តា​ស៊ី​ក្រាម (MDMA) ទម្ងន់ ២៤.៧០០,៨១ ក្រាម​
៥. នី​មេ​តា​ហ្សេ​ប៉ា​ម (Nimetazepam) ៩.៧៥០ គ្រាប់ ស្មើនឹង​ទម្ងន់ ១.៧៣៣,៤០ ក្រាម​
៦. មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៩៨,៩៧ ក្រាម​
៧. កេ​តា​មីន (Ketamine) ២.៣២០ ក្រាម​
​សរុប​រួម ១៦៧ គ​.​ក្រ ៤៧៥,៤៣ ក្រាម និង ចាប់យក​សម្ភារៈ មាន​អាវុធខ្លី ១​ដើម (​គ្រាប់ ៦) ជញ្ជីង ១​គ្រឿង រថយន្ត ១​គ្រឿង និង​មាន​សម្ភារ​: មួយចំនួនទៀត ៕/V​-PC