ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​បាន​បើក​ការដ្ឋាន​ស្ថាបនា ផ្លូវ​បេតុង ១​ខ្សែ នៅ​ភូមិ​កូនដំរី ប្រើ​កញ្ចប់​គម្រោង​ថវិកា មូលនិធិ​សង្កាត់​និមិត្ត ឆ្នាំ​២០២១ ដែល​ផ្លូវ​ថ្មី មួយ​ខ្សែ​នេះ នឹង​ជួយ​សម្រួល ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន ប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់ សោភ័ណភាព ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​សង្កាត់​និមិត្ត បាន​មួយកម្រិត​ទៀត​។​

​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ដែល​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី បើក​ការដ្ឋាន ដែលមាន​ពលរដ្ឋ​រាប់រយ​នាក់ កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០២១ នោះ បាន​និយាយថា​: នៅពេល ដែល​ផ្លូវ​មួយ​ខ្សែ​នេះ ស្ថាបនា​បាន​រួចរាល់​លោក​ក៏​សូម ជម្រុញ​លើកទឹកចិត្ត ឲ្យ​លោក​ចៅសង្កាត់ និមិត្ត លោក លោកស្រី ជា​សមាជិក សមាជិកា ក្រុមប្រឹក្សា​សង្កាត់ និង​លោក​មេភូមិ ធ្វើការ​ចលនា កៀងគរ​សប្បុរសជន និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួលផល ពី​ផ្លូវ​មួយ​ខ្សែ​នេះ ជួយ​បំពាក់​ភ្លើង​សូ​ឡា បំភ្លឺ​ផ្លូវ និង​ដាំ​ដើមឈើ​អម​សងខាង​ផ្លូវ ដើម្បី​បង្កើន​សោភ័ណភាព​ឲ្យ​កាន់តែ ស្រស់ស្អាត បាន​មួយកម្រិត​ទៀត​។​

​សូមបញ្ជាក់ថា ផ្លូវ​បេតុង ១​ខ្សែ​នេះ មាន​ប្រវែង ៦៥០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និង​កម្រាស់ ០,១៥ ម៉ែត្រ នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ មានជ័យ ជា​កញ្ចប់​គម្រោង​ថវិកា មូលនិធិ​សង្កាត់​និមិត្ត ឆ្នាំ​២០២១ ៕/V​-PC