ដោយៈ សុផល / ភ្នំពេញៈ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងថាៈ គ្រប់​វិស័យ ឯកជន​ទាំងអស់ នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍ បាន​ថ្លែងអំណរគុណ ដល់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ស្វែងរក​វ៉ាក់សាំង ចាក់​ជូន​ប្រជាពលរដ្ឋ រហូត​បាន​ស្ទើរតែ ១០០% និង​បាន​ឈាន ដល់​ការបើក​ដំណើរ សេដ្ឋកិច្ច​ឡើងវិញ លើ​គ្រប់​វិស័យ ជាពិសេស ការបើកទទួល​ទេសចរ​អន្តរជាតិ ឡើងវិញ ដោយ​មិន​តម្រូវឱ្យ ធ្វើ​ច​ក្តា​ឡី​ស័ក​។​

​លោក ថោង ខុន បានបញ្ជាក់​ដូច្នេះ នា​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ក្នុងឱកាស​ដឹកនាំ មន្ត្រីក្រោមឱវាទ និង​មានការ​ចូលរួម ពី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មួយចំនួន ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​បើក​កិច្ច ប្រជុំ​បន្ទាន់ ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ អន​ឡាញ ដើម្បី​ត្រៀមលក្ខណៈ​ឱ្យបាន រួចរាល់ ក្នុង​ការទទួល​ភ្ញៀវទេសច​រ​ឡើងវិញ​។​

​លោក ថោង ខុន បានបញ្ជាក់​ថាៈ «​វិស័យ​ឯកជន ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ទាំងអស់ បានបង្ហាញ ភាព​ត្រេកអរ​រីករាយ និង​អរគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​លោក បានប្រកាស​ឱ្យ​បើក​ប្រទេសជាតិ ឡើងវិញ​នេះ ទទួល​ទេសចរ​អន្តរជាតិ ចាក់​វ៉ាក់សាំង មកកាន់ កម្ពុជា​យើង ដោយ​មិន​តម្រូវឱ្យ ធ្វើ​ច​ត្តា​ឡី​ស័ក​។ អ្នក​ទាំងអស់គ្នា មានការ​ស្វាគមន៍ និង​អបអរ សាទរ ចំពោះ​អ្វីដែល​ជាការ​ដឹកនាំ ដ៏​ឈ្លាសវៃ មោះមុត និង​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហើយ​សង្ឃឹមថា វិស័យ​ទេសចរណ៍​កម្ពុជា នឹង​ចាប់ផ្តើម​ត្រឡប់មកវិញ​»​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់​ថាៈ ការឈាន​ដល់ ការបើក​ដំណើរការ​ឡើងវិញ នៃ​គ្រប់​វិស័យនេះ គឺ​ដោយសារ​តែមាន ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​លោក​បាន​មើលឃើញថា ប្រជាពលរដ្ឋ​ក​ម្ព​ជា មាន​ភាពស៊ាំ​ក្នុង​សហគមន៍ ដោយសារ​ការ ចាក់​វ៉ាក់សាំង បាន​ច្រើន ដែល​គិត​មកដល់ពេលនេះ​បាន​ប្រមាណ ជិត​៨៨% នៃ​ប្រជាជន​សរុប​។​

​ស្រប​ជាមួយនឹង​ភាព​រីករាយ​នេះ លោក​រដ្ឋមន្ត្រី ថោង ខុន​ក៏បាន​ជំរុញ​ឱ្យ​វិស័យ​ឯកជន ទាំងអស់ ត្រៀម​រៀបចំ​ឱ្យបាន​រួចរាល់ និង​បន្ត​ពង្រឹង​ឱ្យបាន កាន់តែ​រឹងមាំ​ថែមទៀត​នូវ វិធាន​សុវត្ថិភាព (SOP) ដើម្បី​ទទួល​ទេសចរ​ផ្ទៃក្នុង និង​ទេសចរ​អន្តរជាតិ​ព្រម ជាមួយគ្នា ក៏ត្រូវ​តែមាន​ការបង្កើត និង​ពង្រីក​បន្ថែម នូវ​ផលិតផល​ទេសចរ​ថ្មីៗ ប្លែក និង​ច្នៃប្រឌិត ដែល​អាច​ទាក់ទាញ​ទេសចរ ឱ្យបាន​កាន់តែច្រើន ដែល​ក្នុងនោះ អាចជា​ទេសចរណ៍វប្បធម៌ ទេសចរណ៍​កីឡា ទេសចរណ៍ ជនបទ និង​ក​សិ​-​ទេសចរណ៍ ដែល​សុទ្ធតែ អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​។ ព្រមជាមួយ នោះ ក៏ត្រូវ​ខិតខំ​ជំរុញ ការបណ្តុះបណ្តាល អក្ខរកម្ម ឌីជីថល ឱ្យបាន​សកម្ម​ផងដែរ​។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ បានសម្រេច​អនុញ្ញាត ឲ្យ​អ្នកដំណើរ​ទាំង​ជនជាតិខ្មែរ និង​ជនជាតិ​បរទេស ទាំង​ដែល​ធ្វើដំណើរ​ចូល​កម្ពុជា ហើយ​បាន​ចាក់​វ៉ាក់សាំង ពេញលេញ (២​ដូ​ស​) គឺ​មិន​តម្រូវ​ឲ្យ​ធ្វើ ច​ត្តា​ឡី​ស័ក​ទៀត​ទេ​។ លើកលែងតែ​អ្នក​ដែល មិនទាន់​ចាក់​វ៉ាក់សាំង គឺ​ត្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​ដដែល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា សម្រាប់​អ្នកដំណើរ​ដែល​ធ្វើដំណើរ តាមផ្លូវ​អាកាស ទាំង​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​, តាមផ្លូវ​ទឹក និង​តាម​ផ្លូវគោក ជាដើម ត្រូវធ្វើ​តេស្ត​រហ័ស ដែល​ត្រូវ​រង់ចាំ រយៈពេល​ត្រឹមតែ ១៥ នាទី​ប៉ុណ្ណោះ គឺអាច​ដឹង​លទ្ធផល​បាន​។ បន្ទាប់ពី​ទទួលបាន​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន ហើយ​នោះ អ្នកដំណើរ​ចូល​កម្ពុជា​ទាំងអស់ អាចធ្វើ​ដំណើរ​ដោយ​សេរី​ទូទាំង ប្រទេស​កម្ពុជា ដោយ​មិន​កម្រិត​តំបន់ ឬ​ខេត្ត សម្រាប់​ដើរ ហើយ​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ថាៈ សម្រាប់​អ្នក​ដែល​មិនទាន់បាន ចាក់​វ៉ាក់សាំង ហើយ​ចូលមក​កម្ពុជា តម្រូវ​ឲ្យ​ធ្វើតេស្ត​ដោយ​ម៉ាស៊ីន PCR និង​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ ថ្ងៃ​ដដែល​។ សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ ដល់ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សូម​ធ្វើការ​ជាបន្ទាន់ នូវ​ការសម្រេច របស់​រាជរដ្ឋាភិបាល ដើម្បី​អាច​ដំណើរការ​ការសម្រេច​នេះ ចាប់ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១​តទៅ​។ សម្រាប់​បងប្អូន​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក បន្ទាប់ពី​ទទួលបាន​ការសម្រេច​ថ្មី​នេះ សូម​ឲ្យ​មានការ​លើកលែង ការធ្វើ​ច​ត្តា​ឡី​ស័ក ចាប់ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៀតថាៈ ការសម្រេច​អនុញ្ញាត​ការមិន​តម្រូវ ធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​អ្នក​ចាក់​វ៉ាក់សាំង ពេញលេញ រួច​នេះ គឺ​ត្រូវ​ជាមួយ​ប្រទេស​ថៃ ឡាវ និង​វៀតណាម ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមថាៈ ការមិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ គឺ​ឆ្លើយតប ទៅនឹង​បរិបទ​ថ្មី ដែល​យើង​ត្រូវបាន​ដំណើរការ សេដ្ឋកិច្ច​ឡើងវិញ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ យើង ត្រូវការ​ធ្វើដំណើរ​ចេញចូល​ប្រទេស​ប៉ុន្តែ​ព្រួយបារម្ភ អំពី​ការធ្វើ​ច​ត្តា​ឡី​ស័ក នៅពេលនេះ បងប្អូន​ប្រជាពលរដ្ឋ លែង​ព្រួយបារម្ភ ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ទៀតហើយ​៕/V​-PC