​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ហ្គី​តា​របស់លោក អេ​រិក ក្លា​ប​តុ​ន អត្ថបទ​ចម្រៀង​ព្រាង​សរសេរ​ដោយ​ដៃ​របស់​លោក​ឃឺត ខូ​បាន និង​អាវ​ក្រឡេក្រឡា​របស់​លោកស្រី​វីតនី ហូ​ស្តុន​គឺ​ស្ថិតក្នុង​​ចំណោម​វត្ថុ​អនុស្សាវរីយ៍​របស់​តារា​ល្បីៗ​មាន​ឥទ្ធិពល ដែល​នឹង​ដាក់​លក់​ដេញថ្លៃ​នៅ​ចុង​សប្តាហ៍​នេះ​នៅ​ទីក្រុង​ញូវយ៉ក​។​

​ហ្គី​តា Martin D-45 ឆ្នាំ ១៩៦៨ របស់​លោក​ក្លា​ប​តុ​ន​គឺជា​វត្ថុ​អនុស្សាវរីយ៍​នៃ​បទ​ចម្រៀង “Icons & Idols: Rock ‘N’ Roll” ល្អ​ដាច់​គេ​ប្រចាំ​ឆ្នាំ​នេះ​ពី​ក្រុមហ៊ុន​ដេញថ្លៃ Julien’s Auctions ដែល​រំពឹង​ថា​ហ្គី​តានេះ​អាច​លក់បាន​ពី ៣០០.០០០ ទៅ ៥០០.០០០ ដុល្លារ​ក្នុងអំឡុងពេល​ដេញថ្លៃ​នៅ​ចុង​សប្តាហ៍​នេះ​។​

​លោក ម៉ា​ទីន ណូ​ឡាន នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ដេញថ្លៃ Julien’s Auctions បាន​និយាយថា “​ហើយ​ខ្ញុំ​គិត​ថា​នោះ​ជា​ការប៉ាន់ស្មាន​បែប​អភិរក្ស​”​។​

​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ក្នុងអំឡុងពេល​រំលឹក​ត្រួសៗ​អំពី​ការដេញថ្លៃ​ដែល​នឹង​រួមបញ្ចូល​វត្ថុ​សិល្បៈ​ប្រហែល ១.០០០ ថា “​វត្ថុ​ដែល​ប្រមូល​បាន​នៅ​លើ​ទីផ្សារ​សិល្បៈ​នាពេលនេះ គឺ​វា​ពុះកញ្ជ្រោល​ខ្លាំងណាស់ តម្លៃ​ទាំងនេះ​កំពុង​ឈានដល់​ចំណុច​កំពូល​”​។​

​សន្លឹក​នៃ​អត្ថបទ​ចម្រៀង​ព្រាង​សរសេរ​ដោយ​ដៃ​សម្រាប់​បទ​ចម្រៀង​ល្បី​ឆ្នាំ ១៩៧០ របស់​លោក​ឃឺត ខូ​បាន​ក៏​ដាក់​លក់​ផងដែ​រ ហើយ​គេ​ប៉ាន់ស្មាន​ថា​វា​មាន​តម្លៃ​ពី ៣០.០០០ ទៅ ៥០.០០០ ដុល្លារ​។​

​អាវ​ក្រឡេក្រឡា​ដែល​លោកស្រី​វីតនី ហូ​ស្តុន​ពាក់​អំឡុង​ការប្រគុំត​ន្ត្រី​ឆ្នាំ ១៩៩២ ក៏​រំពឹង​ដាក់​លក់បាន ៣.០០០ ទៅ ៥.០០០ ដុល្លារ​ផង​ដែរ​៕

​ហ្គី​តា​ស្ថិតក្នុង​ចំណោម​វត្ថុ​សិល្បៈ​១០០០​មុខ​ដាក់​លក់​ដេញថ្លៃ​នៅ​ញូវយ៉ក​ចុង​សប្តាហ៍​នេះ​