​ប្រែ​សម្រួលៈ​វាសនា​៖ គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី​១៥​វិច្ឆិកា វៀតណាម​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ជូន​ប្រជាជន​ខ្លួន​បាន​៩៩,៧​លាន​នាក់ ក្នុងនេះ ៦៤,៥​លាន​នាក់​ចាក់​បាន​មួយ​ដូស និង​៣៥,៣​លាន​នាក់​ចាក់​​បាន​២​ដូស​។​

​ក្នុងពេល​បញ្ចេញ​តួលេខ​នេះ ក្រសួង​សុខាភិបាល​វៀត​ណា​ម​ក៏បាន​និយាយថា ទាំង​រដ្ឋធានី​ហាណូយ​និង​ទីក្រុង​ហូជីមិញ មនុស្សពេញវ័យ​ក្នុង​ក្រុង​បាន​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​ពេញលេញ​បាន​ជាង​៨០​ភាគរយ​។​

​ខេត្ត​ឡុង​អាន​ភាគខាងត្បូង ជាទី​តាំងទី​១​ដែល​បានសំរេច​ការចាក់​ដូ​សទី​២​លើ​មនុស្ស​ពេញវ័យ​១០០​ភាគរយ និង​បន្ទាប់មក​ខេត្ត​ខាញ់​ហ័រ ចាក់​បាន​៩៦​ភាគរយ​។​

​សូមបញ្ជាក់​ថា វៀតណាម​ប្រើ​វ៉ាក់សាំង​កូវី​ដ​១៩​ចំនួន​៨​ក្រុមហ៊ុន​រួមមាន​AstraZeneca, Moderna, Pfizer-BioNTech, Johnson & Johnson, Vero Cell, Hayat-Vax, Abdala និង SputnikV​។​ប្រទេស​នេះ​បានចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​នៅ​ខែ​មីនា​ឆ្នាំ​២០២១ ដោយ​វ៉ាក់សាំង​AstraZeneca​ដូសដំបូងៗ​ត្រូវ​បាន​ចាក់​ជូន​កងកម្លាំង​​ជួរ​មុខ​នៅ​ទីក្រុង​ហាណូយ ហូជីមិញ​និង​ខេត្ត​ហាយ​ហ្វឿង​ភាគ​ខាងជើង ដែល​ជា​មជ្ឈមណ្ឌល​ផ្ទុះ​ជំងឺ​ឆ្លងកូវី​ដ​១៩​នៅពេលនោះ​។​

​កាលពី​ថ្ងៃ​៨​វិច្ឆិកា រដ្ឋ​មន្ត្រី​សុខាភិបាល​វៀតណាម​បាន​និយាយថា វៀតណាម​បាន​ចុះ​កុងត្រា​និង​កិច្ចព្រមព្រៀង​ទទួល​វ៉ាក់សាំង​កូវី​ដ​១៩​ប្រមាណ​២០០​លាន​ដូស ក្នុងនេះ​១២៥​លាន​ដូស​ត្រូវបាន​ដឹក​ជញ្ជូន​​មក​ដល់​វៀតណាម​រួច​ហើយ​។​

​វៀតណាម​ក៏​មាន​ផែនការ​ចាក់ដូស​ជំរុញ​នៅ​ចុងឆ្នាំ​នេះ​និង​នៅ​ដើមឆ្នាំ​២០២១ ដោយ​ផ្តល់​អាទិភាព​លើ​មនុស្ស​ចាស់​និង​បុគ្គលិក​ជួរមុខ​។​

​ទោះជា​ចាក់​វ៉ាក់សាំង​បាន​ច្រើផន​គួរសម​តែ​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​នៅ​រក​ឃើញ​អ្នក​ឆ្លង​ក្បែរៗ​១​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​នៅឡើយ​បន្ទាប់ពី​បញ្ចប់​ការបិទ​ខ្ទប់​ប្រឆាំង​កូវី​ដ​១៩​និង​ដំណើរការ​អាជីវកម្ម​ឡើងវិញ​។​

​ក្រសួង​សុខាភិបាល​កាលពី​យប់​ថ្ងៃ​ចន្ទ​បាន​អះអាង​ករណី​ឆ្លង​ថ្មី​ចំនួន​៨.៦០៣​នាក់ ដោយ​កើន​កាល​ពី​មួយ​ថ្ងៃ​មុន​ចំនួន​៤៤០​នាក់ និង​រុញ​ចំនួន​ឆ្លង​នៅ​រលក​ទី​៤​នេះ​ងោយ​ឡើងដល់​១.០២៩.១៨៣​នាក់​។​​កាលពី​ថ្ងៃ​ចន្ទ អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​១០១​នាក់​ទៀត​បាន​ស្លាប់ នាំ​អោយ​ចំនួន​មនុស្ស​ស្លាប់​ពី​ជំងឺ​នេះ​សរុប​ឡើងដល់​២៣.១៨៣​នាក់​នៅ​វៀតណាម​៕

​ជិត​១០០​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​នៅ​វៀតណាម