ដោយៈ មេសា / ភ្នំពេញៈ នាឱកាស​ថ្លែង​បើក​សិក្ខ​សាលា ពិគ្រោះ​យោបល់ ផែនការ​យុទ្ធសាស្ត្រ ជាតិ ស្តីពី​កម្លាំង​សេវា​សង្គម នៅ​កម្ពុជា ២០២២-២០៣១ នៅឯ​ក្រសួង​សង្គមកិច្ច នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានលើកឡើង អំពី​សារសំខាន់ នៃ បុគ្គលិក​សេវា​សង្គមកិច្ច​ថាៈ « បុគ្គលិក​សេវា​សង្គមកិច្ច ដែល​ត្រូវបាន បណ្តុះបណ្តាល បានល្អ គឺជា​អ្នក​ដែល​គាំទ្រ និង​លើកកម្ពស់ សុខុមាលភាព​កុមារ ស្ត្រី ជន​មាន​ពិការភាព ជន​ចាស់ជរា គ្រួសារ និង សហគមន៍ ជាដើម ហើយ​ដើម្បី​ឆ្លើយតប ទៅនឹង​សេចក្តីត្រូវការ នៅក្នុង​សង្គម បច្ចុប្បន្ននេះ កម្ពុជា គួរ​មាន​បុគ្គលិក​សេវា​សង្គម​អាជីព ឬ បុគ្គលិក​សេវា​សង្គម​អាជីព​រង ១ ឬ ២ នាក់ សម្រាប់ ឃុំ ឬ សង្កាត់​មួយ ។ ដូច្នេះ កម្ពុជា នៅ​ត្រូវការ​បុគ្គលិក សេវា​សង្គមកិច្ច រាប់ពាន់ នាក់​បន្ថែមទៀត »​។

​លោក សំហេង បុរស រដ្ឋលេខាធិការ នៃ​ក្រ​សួ​សង្គមកិច្ច និង​ជា​ប្រធាន​អនុគណៈ កម្ម​ការ ជំនួយ​សង្គម បានលើកឡើង​ថាៈ សង្គម​មួយ​ដែល​ល្អ គេ​ត្រូវការ​បុគ្គលិក សេវា​សង្គមកិច្ច​ម្នាក់ ក្នុងចំណោម​មនុស្ស ៥០០ នាក់ នៅក្នុង​សង្គម ។ ដោយឡែក នៅ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ ទើប​តែមាន​បុគ្គលិក​សេវា​សង្គមកិច្ច​ម្នាក់​ក្នុងចំណោម មនុស្ស ប្រមាណ​ជា ១ ម៉ឺន នាក់​ឯណោះ ពោលគឺ​កម្ពុជា ពិតជា​នៅ​ត្រូវការ​បុគ្គលិក សេវា​សង្គម​នេះ ជាច្រើន​ទៀត ដើម្បី​បំពេញ សេចក្តីត្រូវការ ផ្នែក​សេវា​សង្គមកិច្ច​នេះ ។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​នេះ លោក សំហេង បុរស បានឱ្យដឹងថាៈ បច្ចុប្បន្ននេះ កម្ពុជា មាន​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច និង មហាវិទ្យាល័យ ចំនួន​ផ្សេង ទៀត បាននិងកំពុង​បណ្តុះ​បណ្តុះ អ្នកជំនាញ​សេវា​សង្គមកិច្ច ហើយ​ក្រសួង​សង្គមកិច្ច ក៏​នឹង​ពិភាក្សា​ជាមួយ មហាវិទ្យាល័យ មួយចំនួនទៀត ដើម្បី​បញ្ចូល​ជំនាញ​សេវា សង្គមកិច្ច​នេះ ទៅក្នុង​កម្មវិធីសិក្សា នៃ​មហាវិទ្យាល័យ ទាំងនោះ​សំដៅ​បង្កើន​ធនធាន មនុស្ស ផ្នែក​សេវា​សង្គមកិច្ច​នេះ ឱ្យបាន​ឆាប់​។​

​បុគ្គលិក​សេវា សង្គមកិច្ច ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ជា ៤ ផ្នែក​សំខាន់ៗ​គឺ​បុគ្គលិក សេវា​សង្គមកិច្ច អាជីព បុគ្គលិក​សេវា​សង្គមកិច្ច​អាជីព​រង អ្នក​មិន​អាជីព និង​បុគ្គលិក សេវា​សង្គមកិច្ច​សម្ព័ន្ធ ដែល​ផ្នែក​នេះ ក៏​សំដៅ​ដល់​មន្ត្រី​មូលដ្ឋាន ដូចជា​នគរបាល ជាដើម​ផងដែរ ។ ម្យ៉ាងទៀត បុគ្គលិក​សេវា​សង្គមកិច្ច​មិនមែន​សំដៅលើ​តែ​មន្ត្រីរាជការ នៃ ក្រសួង​សង្គមកិច្ច​ទេ ប៉ុន្តែ​បុគ្គលិក សេវា​សង្គមកិច្ច ក៏​គ្របដណ្តប់​ទាំង​បុគ្គលិក ឬ អ្នកធ្វើការ​នៅក្នុង​វិស័យ​ឯកជន អង្គការ​មិនមែន រដ្ឋាភិបាល ជាដើម​ផងដែរ ឱ្យតែ​ជា​អ្នកធ្វើការ ផ្នែក​សេវា​សង្គមកិច្ច​៕/V-PC