​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ មនុស្ស​ប្រុស​ស្រី ចំនួន​បួន​នាក់ ក្នុងនោះ ក៏មាន​ក្មេង​ម្នាក់​ផងដែរ បាន​រងរបួស​ធ្ងន់ និង​ស្រាល ដោយសារ​រថយន្ត ដឹក​ឥដ្ឋ​មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន មក​បុក​ពីក្រោយ ម៉ូតូ​សណ្តោង​រុ​ឺ​ម៉ក ដែល​ឈប់ នៅក្បែរ​ចិញ្ចើមផ្លូវ​ដើម្បី​ជួសជុល រួច​អូស​ប្រហែល ២០០ ម៉ែត្រ​។​

​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត ៩ ព្រឹក ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ៣០ ម៉ែត្រ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បានឱ្យដឹងថាៈ មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ សណ្ដោង​រុ​ឺ​ម៉ក មួយគ្រឿង កំពុងតែ​ឈប់ នៅ​អែប​ចិញ្ចើមផ្លូវ ដើម្បីឱ្យ​ជាង​ជួសជុល ខណៈនោះ ស្រាប់​តែមាន​រថយន្ត​ដឹក​ឥដ្ឋ មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A -0517 បើកបរ​ដោយ​បុរស​ម្នាក់ និង​មាន​អ្នករួមដំណើរ ដោយ​ស្ត្រី​ពីរ​នាក់​ទៀត ធ្វើដំណើរ ក្នុងទិសដៅ ពី​ខាងជើង ទៅខាង​ត្បូង ដោយ​ល្បឿន​លឿន បាន​រេ​ចង្កូត ទៅបុក​ម៉ូតូ​សណ្ដោង រុ​ឺ​ម៉ក ដែល​កំពុង​ឈប់ នៅ​ចិញ្ចើមផ្លូវ រួច​អូស​បន្ត​ប្រហែល ២០០ ម៉ែត្រ បណ្ដាលឱ្យមាន​មនុស្ស ប្រុស​ស្រី ចំនួន​៤​នាក់ រងរបួស​ធ្ងន់​និង​ស្រាល ក្នុងនោះ ក៏មាន​ក្មេង​ម្នាក់​ផងដែរ ហើយ​ភ្លាមៗ នោះ ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។ ចំណែក តៃកុង​រថយន្ត​បង្ក បាន​ចុះ​ពីលើ​រថយន្ត រត់គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​រថយន្ត នៅ​កន្លែងកើតហេតុ​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បានមក​ដល់ រួច​បាន​ទំនាក់ទំនង ទៅ​សមត្ថកិច្ច ជំនាញ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ចុះ​វាស់វែង​យក​រថយន្ត​បង្ក និង ម៉ូតូ​សណ្ដោង​រ៉ឺម៉ក របស់​ជនរងគ្រោះ ទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត ចូលខ្លួន ដោះស្រាយ​គ្នា នៅពេល​ក្រោយ​៕/V​.mara