​ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ ជំនន់​ទឹកភ្លៀង គិត​ត្រឹម​ថ្ងៃនេះ បាន​បន្ត​ហូរ​ចុះ ដល់​ផ្នែក​ខាងក្រោម បង្ក​ប៉ះពាល់ កើនឡើង​ដល់ ២ ឃុំ ក្នុងស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​លោក ទេព ហន អភិបាលស្រុក​មោងឫស្សី នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា នេះ បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​មោងឫស្សី ទាំងអស់ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ខណៈ​ទឹកជំនន់ ដែល បាន​ហូរ​ធ្លាក់ មកពី​ទំនប់​បាសាក់ ស្រុក​រុក្ខ​គី​រី បាន​ជោរជន់​មកដល់ មូលដ្ឋាន​ស្រុក​មោងឫស្សី មួយផ្នែក​ហើយ ដែល​បណ្តាលអោយ​លិច ទាំង​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ ផលដំណាំ និង​ផ្លូវថ្នល់ ជាច្រើន​កន្លែង ក៏ដូចជា តំបន់​ផ្នែក​ខាងក្រោម អាង​ស្ទាក់​ទឹក​រាម​គន់​។​

​ទឹកជំនន់ ឆ្នាំ​ទី​៣ នេះ ជា​ជំនន់​ទឹកភ្លៀង ដែល​ធ្លាក់​ជាច្រើន​ថ្ងៃ គ្របដណ្តប់​លើ​ភូមិសាស្ត្រ ស្រុក​មោងឫស្សី និង​មួយចំណែក​ធំ​ទៀត ហូរ​ចាក់​មកពី​តំបន់​ស្រុក​រុក្ខ​គី​រី​។ បច្ចុប្បន្ន បាន​នឹង​កំពុង​បង្ក ការប៉ះពាល់ ដល់​ផ្នែក​ខ្លះ នៃ​ឃុំ​ចំនួន ២ គឺ​ឃុំ​ជ្រៃ និង​ឃុំ​តា​លាស់ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​លោក​អភិបាលស្រុក បាន​បន្តថាៈ គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៥ ខែវិច្ឆិកា ស្ថានភាព​ទឹកជំនន់ កំពុង​ជន់​លិច ចូល​លំនៅដ្ឋាន​របស់ ប្រជាពលរដ្ឋ កើន​ដល់ ៤៥០ ខ្នង​ផ្ទះ ផ្លូវថ្នល់​ដីក្រហម ផ្លូវថ្នល់​ក្រាល​កៅស៊ូ សរុប​ចំនួន ៣.០០០ ម៉ែត្រ និង ដំណាំ​ស្រូវ ប៉ះពាល់​ចំនួន ៦៦០ ហិកតា​ទៀត ប្រឈម​នឹង​ការខូចខាត​។ ដោយឡែក ចំពោះ​ភូមិសាស្ត្រ ឃុំ​តា​លាស់ ស្រូវ​ខ្លះ ទើបតែ​សាបព្រោះ​ពូជ និង​មួយចំនួនទៀត ស្រូវ​បាន​ទុំ​អស់ហើយ ប៉ុន្តែ​កសិករ នៅ​មិនទាន់ បាន​ចុះ​ច្រូត បាន​ប៉ះពាល់ លិចលង់​អស់ ចំនួន​ប្រមាណ ២០០ ហិកតា​។

​ចំណែក​លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថាៈ ទឹកភ្លៀង បាន​បន្ត​ធ្លាក់ នៅក្នុង​ស្រុក​រុក្ខ​គី​រី ចាប់តាំងពី​យប់ ថ្ងៃទី ១៣ ខែវិច្ឆិកា មក ជា​កម្រិត​ជំនន់​លឿន ផ្លេកបន្ទោរ ដូចនេះ ចាំបាច់​ត្រូវ​មន្ត្រី​ជំនាញ បើក​បន្ធូរ បរិមាណ​ទឹក ចុះមក​ផ្នែក​ខាងក្រោម​។ មកដល់​ម៉ោងជាង ១១:០០​នាទី ជិត​ថ្ងៃត្រង់ ថ្ងៃទី ១៦ ខែវិច្ឆិកា​នេះ ស្ថានភាព​ទឹកជំនន់ មាន​ភាពល្អប្រសើរ ធូរស្រាល​បន្តិច​វិញ​ហើយ​៕/V​.mara