​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ក្នុងនាម​រដ្ឋបាលខេត្ត បាន​បន្ត​គាំទ្រ និង​លើកទឹកចិត្ត ដល់​វិស័យ​ឯកជន​ទាំងអស់ នៅក្នុង​ខេត្តស្វាយរៀង ដែល​វិនិយោគ​វិស័យ​អចលនទ្រព្យ​ដីធ្លី ស្រប​ពេលដែល​ប្រទេសជាតិ មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ ដែលជា​ឱកាស​មួយ សម្រាប់​អ្នកវិនិយោគទុន​ទាំងអស់ មក​បណ្តាក់ទុន​រកស៊ី​នៅ​ខេត្ត ហើយ​ខេត្ត ក៏មាន​ទីតាំង​ដី អំណោយផល​ជាច្រើន សម្រាប់​អ្នកវិនិយោគ ផងដែរ​។​

​ការ​ថ្លែង​ប្រកាស​របស់ លោក​អភិបាល ខេត្តស្វាយរៀង បែបនេះ បានធ្វើ​ឡើង នៅក្នុង​ឱកាស ដែល​លោក​អញ្ជើញ​ចូលរួម សម្ភោ​ធ​បើក​ការដ្ឋាន សាងសង់​គម្រោង​ផ្ទះ​អាជីវកម្ម លំនៅដ្ឋាន សុវណ្ណ​មច្ឆា ស្ថិតនៅ​ក្នុងភូមិ​ថ្ម​ស ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយមាន​ការចូលរួម ពី​អាជ្ញាធរ​ដែនដី ព្រមទាំង ប្រជាពលរដ្ឋ ជាច្រើន នាក់ ដែល​មក​ចូល​ឈ្វេងយល់ អំពី​គំ​ម្រោ​ង​លំនៅដ្ឋាន​នេះ ។​

​បើតាម​មន្ត្រី សាលាខេត្ត​ស្វាយរៀង បានឱ្យដឹងថាៈ លោក​អភិបាលខេត្ត តែងតែ​ជំរុញ និង​សហការ ក្នុង​ការផ្តល់​ទំនុកចិត្ត ចំពោះ​ការអភិវឌ្ឍ ហើយ​រាល់​ការវិនិយោគ វិស័យ​ឯកជន ពិតជា​បានរួម​ចំណែក នូវ​គោលនយោបាយ កាត់បន្ថយ​ភាព​ក្រី​ក្រី ជាមួយ​រាជរដ្ឋាភិបាល បាន​មួយកម្រិត ដូចជា បានផ្តល់​នូវ​លំនៅឋាន មានតម្លៃ​សមរម្យ ដី​លំនៅឋាន​សមរម្យ ជាពិសេស បានផ្តល់​ការងារ ដល់​ប្រជាពលរដ្ឋ ផងដែរ​។​

​មន្ត្រី​ដដែល បានបញ្ជាក់​ថាៈ តាមរយៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​សហការគ្នា ក្នុងការ​រៀបចំ គោលនយោបាយ លើកទឹកចិត្ត ដល់​វិស័យ​ឯកជន ដែល​បាន​វិនិយោគ​លំនៅដ្ឋាន ដែលមាន​តម្លៃ​ទាប និង​តម្លៃ​មធ្យម ទាំងនេះ ជាការ​គិតគូរ​ដ៏​ធំធេង ចំពោះ​ជីវភាព​រស់នៅ របស់​ពលរដ្ឋ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​បើតាម​លោក ណេ​ប សា​វី ម្ចាស់​គម្រោង​ផ្ទះ​អាជីវកម្ម សុវណ្ណ​មច្ឆា បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ថាៈ ខេត្តស្វាយរៀង ស្ថិតនៅ​ភាគ​អាគ្នេយ៍ នៃ​ប្រទេស​កម្ពុជា មាន​ព្រំប្រទល់ ជាប់​នឹង​ប្រទេស​វៀតណាម ដែលមាន​ច្រកទ្វារ​អន្តរជាតិ បាវិត ស្ថិតនៅ​ចម្ងាយ ប្រមាណ ៤៨ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត ហើយ​ជា​តំបន់​សេដ្ឋកិច្ច ដ៏​សំខាន់ សម្រាប់​ទេសចរណ៍ ទំនិញ​ចេញចូល រវាង​ប្រទេស​ទាំងពីរ គឺ​កម្ពុជា និង វៀតណាម ជាពិសេស​គឺ ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ហូជីមិញ​។​

​លោក​បាន​បន្តថាៈ រាជរដ្ឋាភិបាល បានអនុញ្ញាត​ឱ្យ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ជា​បន្តបន្ទាប់ ជាហេតុ​ធ្វើឱ្យ​សេដ្ឋកិច្ច ក្នុង​ខេត្តស្វាយរៀង មួយ​នេះ មានការ​រីកចម្រើន​យ៉ាង​លឿន ដែល​ធ្វើឱ្យ កំណើន ប្រជាជន​កើនឡើង យ៉ាង​ឆាប់រហ័ស ដែលមាន​ទាំង​ចំណូល​ថ្មី និង​ការធ្វើ​ចំណាក ស្រុក មាន​អត្រា​ថយចុះ គួរឱ្យកត់សម្គាល់​។​

​លោក​បាន​បន្ថែមថាៈ វិស័យ​វិនិយោគ​អ​ចនទ្រ​ព្យ មាន​សន្ទុះ​កើនឡើង ទាំង​ដីធ្លី សម្រាប់​សាង សង់ គម្រោង​ផ្សេងៗ ការអភិវឌ្ឍ​លំនៅឋាន និង​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ ជាដើម​។ គម្រោង ផ្ទះ​អាជីវកម្ម សុវណ្ណ​មច្ឆា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្ម ស ឃុំ​ស្វាយជ្រំ ខេត្តស្វាយរៀង នៅតាម បណ្ដោយ​ផ្លូវជាតិ​លេខ​១ ដែលជា​ទីតាំង​ល្អ ក្នុងការ​ប្រក​បរបរ​អាជីវកម្ម​ផ្សេងៗ​។​

​លោក​បាន​បញ្ជាក់ថាៈ ទិសដៅ​វិនិយោគ​របស់​ក្រុមហ៊ុន គឺ​ផ្ដល់ជូន​មន្ត្រីរាជការ បុគ្គលិក ក្រុមហ៊ុន​អាជីវករ ប្រជាជន ក្នុង​ខេត្ត នូវ​លំនៅឋាន បែប​ជីវ​កម្ម ដែលមាន​តម្លៃ​សមរម្យ ព្រមទាំង​ផ្ដល់​ការរស់នៅ បែប​សហគមន៍​សម័យ​ថ្មី លើកកម្ពស់​សោភ័ណភាព​ខេត្ត ផ្ដល់ឱកាស​ចំណេញ លើ​សក្តានុពល​នៃ​គម្រោង និង​ចូលរួម​អភិវឌ្ឍន៍ ខេត្តស្វាយរៀង​។​

​លោក​បាន​បន្ថែមថាៈ គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន សុវណ្ណ​មច្ឆា មាន​ផ្ទៃដី ២ ហិកតា ស្មើនឹង​ផ្ទះ ១៤៩ ល្វែង មាន​ទាំង​ផ្ទះ បែប​អាជីវកម្ម និង​ផ្ទះ​លំនៅដ្ឋាន ហើយ​សម្រាប់​ស្រុក​ស្វាយជ្រំ មានតែ​គម្រោង​មួយ​នេះ​ទេ ដែល​វិនិយោគ លំនៅដ្ឋាន​មុនគេ​។

​លោក​បាន​បន្តថាៈ គម្រោង​បានគិត​គូរ​យ៉ាង​លម្អិត ហ្មត់ចត់ អំពី​តម្រូវការ​របស់​ប្រជាជន ឱ្យស្រប​តាម​សក្កា​នុព​ល នៃ​ខេត្តស្វាយរៀង ហើយ​ហេដ្ឋារចនាសម្ព័ន្ធ សំណង់ សោភ័ណភាព បរិយាកាស គុណភាព​សំណង់​រឹងមាំ តាម​ស្តង់ដារ រចនា​តាម​បទដ្ឋាន​ទំនើប​ស៊ីវីល័យ និង​សុវត្ថិភាព ជា​អ្វីដែល​យើង​យកចិត្តទុកដាក់ ផ្ដល់ជូន​អតិថិជន​។ ភាពសម្បូរ​បែប ក្នុង​គម្រោង នឹង​ធ្វើឱ្យ​ការរស់នៅ មាន​ភាព​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ និង​ប្រកបដោយ សុភមង្គល​ការអភិវឌ្ឍ ដែលមាន​គម្រោង ច្បាស់លាស់​ប្រាកដប្រជា និង​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន លើសពី​ការរំពឹង ទុក​របស់​អតិថិជន​៕/V​.mara