ដោយ​:​សុផល​/ភ្នំពេញ​៖​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​ថ្លែង​សុន្ទរកថា​​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ភាពជា​ដៃគូ​ សភា​អាស៊ី​-​អឺរ៉ុប (ASEP) លើក​ទី​១១​កាលពី​រសៀល​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០២១​ក្រោម​មូលបទ​“​ពង្រឹង​ភាពជា​ដៃគូ​សភា​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុងសម័យ និង​ក្រោយ​វិ​ប​តិ្ត​កូ​វីដ​-១៩”
​។​


សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​បាន​ថ្លែងថា​សម្តេច​មាន​កិត្តិយស និង​សេចក្តីសោមនស្ស​រីករាយ​យ៉ាងខ្លាំង ដោយបាន​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ភាពជា​ដៃគូសភា​អាស៊ី​-​អឺរ៉ុប (ASEP) លើក​ទី​១១ ក្រោម​មូលបទ “​ពង្រឹង​ភាពជា​ដៃគូ​សភា ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុងសម័យ និង​ក្រោយ​វិ​ប​តិ្ត​កូ​វីដ​-១៩” ដែល​សភា​កម្ពុ​ជាមាន​កិត្តិយស​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​លើកដំបូង​។ មូលបទ​ដែល​សភា​កម្ពុជា​បានកំណត់​យក បានទទួល​ការគាំទ្រ​ពី​ប្រទេស​ជា​សមាជិក មាន​សារៈសំខាន់​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​នាពេល​បច្ចុប្បន្ន និង​ចក្ខុវិស័យ​ទៅ​ថ្ងៃ​អនាគត ខណៈពេលដែល​យើងទាំងអស់គ្នា​កំពុងធ្វើដំណើរ​ឆ្លងកាត់​វិបត្តិ​កូ​វីដ​-១៩ និង​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅរក​ការស្តារ​សង្គម សេដ្ឋកិច្ច​ឡើងវិញ នៅក្នុង​យុគសម័យ​ក្រោយ​វិ​ប​តិ្ត​កូ​វីដ​-១៩​។​

​ក្នុងនាម​សភា​កម្ពុជា និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ សម្តេច​សូម​សម្តែង​នូវ​ការស្វាគមន៍ និង​ថ្លែង​អំណរ គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​គណៈប្រតិភូ​ទាំងអស់​ដែល​បានផ្តល់​ការគាំទ្រ សហការ​ល្អ និង​ឆ្លើយតប​តាម ការអញ្ជើញ​របស់​សភា​កម្ពុជា ក្នុង​ការចូលរួម​កិច្ចប្រជុំ ដ៏​មាន​សារៈសំខាន់​នា​ថ្ងៃនេះ​។ ចាប់តាំងពី ASEM និង ASEP ត្រូវបាន​បង្កើតឡើង តំបន់​យើង​ទាំងពីរ​បាន​ប្រកាន់ខ្ជាប់​នូវ​ការលើកកម្ពស់​ភាពជា​ដៃគូ លើកកម្ពស់​សន្តិភាព សន្តិសុខ និង​ពង្រឹង​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ដោយ​ផ្តោតលើ​សសរស្តម្ភ ចំនួន ០៣ គឺៈ (១) នយោបាយ (២) សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (៣) សង្គម វប្បធម៌ និង​ការអប់រំ​។​

​សម្តេច​ បាន​កត់សម្គាល់ថា​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ ASEM បាន​ក្លាយជា​វេទិកា​ដ៏​មាន​សារៈសំខាន់​ក្នុង​អភិបាលកិច្ច​សកល ក៏​ដូច​ការលើកកម្ពស់​ពហុ​ភាគី​និយម​។ ភាពជា​ដៃគូ​ស្មើមុខស្មើមាត់​របស់ ASEM បានផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ក្នុង​តំបន់​អាស៊ី​-​អឺរ៉ុប តាមរយៈ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ អប់រំ បរិស្ថាន វិនិយោគ សុខាភិបាល បច្ចេកវិទ្យា​ជាដើម​។ នាពេល​បច្ចុប្បន្ន ASEM តំណាងឱ្យ ៦៥% នៃ​សេដ្ឋកិច្ចពិភពលោក​, ៥៥% នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​សកល​, ៧៥% នៃ​ទេសចរណ៍​ពិភពលោក​, និង​៦០% នៃ​ប្រជាជន​ពិភពលោក​។ ទាំង​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប បានរួម​ចំណែក​ដ៏​ធំធេង​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) និង​ប្រទេស​កំពុងអភិវឌ្ឍន៍ ព្រមទាំង​បានរួម​ចំណែក​ក្នុងការ​ថែរក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ ការជំរុញ​ការតភ្ជាប់ ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន ពហុ​សាសនា និង​អរិយធម៌​ដ៏​រុងរឿង​។​

​សម្តេច​បាន​បញ្ជាក់ថាៈ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ (ASEP11) នេះ ធ្វើឡើង​ក្នុង​បរិបទ​ដែល​ពិភពលោក​នៅតែ​បន្ត​ទទួលរង​នូវ​ការគំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ការ​រា​ត ត្បា​ត​ជាស​កល​នៃ​ជំងឺ​នេះ បាន​បង្កឱ្យមាន​វិបត្តិ​សុខភាព​សាធារណៈ​សកល ដែល​បាន​ឆក់យក​ជីវិត​មនុស្ស ជាង​ប្រាំ​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។ ជំងឺ​នេះ​ក៏បាន​បង្កើន​អត្រា​វិសមភាព ភាពក្រីក្រ ភាពអត់ឃ្លាន ភាព​អត់​ការងារ​ធ្វើ អស្ថិរភាព​នយោបាយ និង​បង្កឱ្យមាន​វិបត្តិ​សេដ្ឋកិច្ច​សកល​។ ក្រៅពី​បញ្ហា​ខាងលើ ពិភព លោក​នៅតែ​បន្ត​ប្រឈម​យ៉ាង​ស្មុគស្មាញ​នឹង​ការគំរាមកំហែង​ជាច្រើន​ទៀត​ដូចជា​បញ្ហា​សន្តិសុខ ជម្លោះ​ប្រដាប់អាវុធ បម្រែបម្រួល​អាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ ជម្លោះ​ពាណិជ្ជកម្ម ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ព័ត៌មាន ព័ត៌មាន​ក្លែងក្លាយ ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​ធ្វើឱ្យប៉ះពាល់ ដល់​ដំណើរការ​ឆ្ពោះទៅ​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០​។​

​ជំងឺ​កូ​វីដ​-១៩ បាន​កើតឡើង​ចំពេល​ដ៏​លំបាក​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ដោយ សារ​តែ​ការប្រកួតប្រជែង​កាន់តែខ្លាំង​ឡើងៗ​រវាង​ប្រទេស​មហាអំណាច ការកើនឡើង​នៃ​ឯកតោភាគី​និយម និង​ការ​គាំពារ​និយម​ជាដើម​។ ជាក់ស្តែង​ជាង​នេះ ពហុភាគី​និយម និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ផ្អែកលើ​ច្បាប់​ជា​គោល ដែលជា​មូលដ្ឋានគ្រឹះ​នៃ​វិបុលភាព និង​សន្តិភាព​សកល បាននិងកំពុង​រង​ការវាយប្រហារ​ផងដែរ​។​

​សម្តេច បាន​លើកឡើងថា​៖​យើងទាំងអស់គ្នា​ជា​តំណាងឱ្យ​ម្ចាស់ឆ្នោត និង​តំណាងឱ្យ​៦០%​នៃ​ប្រជាជន​លើ​ពិភពលោក មាន​កាតព្វកិច្ច​រួមគ្នា​ពិចារណា និង​ផ្តល់​អនុសាសន៍ ដោយ​ឈរលើ​គោលការណ៍​សហប្រតិបត្តិ​ការបើកចំហរ គោរព​គ្នា​ទៅវិញទៅមក ដើម្បី​ផលប្រយោជន៍​រួម​នៃ​តំបន់​អាស៊ី​-​អឺរ៉ុប និង​សកលលោក​។ ខ្ញុំ​មាន​ជំនឿ​ជាក់​ថា អង្គប្រជុំ​របស់​យើង​នឹងធ្វើ​ការផ្លាស់ប្តូរ​ទស្សនៈ​គ្នា ដោយ​ប្រកាន់ខ្ជាប់​នូវ​គុណ​តម្លៃ​ពហុភាគី​និយម ដើម្បី ផ្តល់​សារ​ស្ថាបនា​ទៅកាន់​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ASEM ដែល​នឹង​ជួបប្រជុំ​នៅ​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៦ ខែវិច្ឆិកា​ខាងមុខ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​អំពី​កង្វល់​រួម​របស់​យើង ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នាពេល បច្ចុប្បន្ន និង​នាពេល​អនាគត ព្រមទាំង​បង្ហាញ​នូវ​បំណងប្រាថ្នា និង​ឆន្ទៈ​នយោបាយ​របស់​យើង​ដើម្បី​ឈាន ទៅ​លុបបំបាត់​នូវ​គ្រោះមហន្តរាយ​ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ និង​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឱ្យ​ងើប​ឡើងវិញ​ឱ្យបាន​ឆាប់រហ័ស​ប្រកបដោយ​ភាព​ធន់ និង​បរិ​យា​ប័ន្ន​។ ក្នុង​បរិការណ៍​នេះ ខ្ញុំ​សូម​ចែករំលែក​ទស្សនៈ​មួយចំនួន​ដូចខាងក្រោម​៖
(​ទី​១) ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​ការប្រឈមមុខ​ដាក់គ្នា និង​ភាព​តានតឹង​នៃ​ការប្រកួតប្រជែង ខាង​ពាណិជ្ជកម្ម ភូមិសាស្ត្រ​នយោបាយ និង​ជម្លោះ​ប្រដាប់អាវុធ ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​គ្រប់ភាគី​ទាំងអស់ លើកកម្ពស់​ការសន្ទនា​ដោយ​សន្តិវិធី ឈរលើ​ការគោរព​ច្បាប់​អន្តរជាតិ គោរព​អធិបតេយ្យភាព ឯករាជ្យភាព និង​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា ដើម្បី​រក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ ការឯកភាព​ជាតិ និង​ការឯកភាព សកល (Global Unity)​។​

(​ទី​២) យើងទាំងអស់គ្នា ជាពិសេស​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន អង្គការ​សុខភាព ពិភពលោក (WHO) យន្តការ COVAX និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​គួរ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​កៀរគរ​ផ្នែក​ហិរញ្ញវត្ថុ និង​វ៉ាក់សាំង ជួយ​គាំទ្រ​តាម​លទ្ធភាព និង​ធនធាន​ដែលមាន ដល់​បណ្តា​ប្រទេស ដែល​ពុំមាន​លទ្ធភាព​ទិញ​វ៉ាក់សាំង ឬ​ពិបាក​ក្នុងការ​បញ្ជា​រទិញ​ឱ្យបាន​ទាន់ពេលវេលា ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍ សាសនា និង​និន្នាការ​នយោបាយ​។ ដោយហេតុថា​យើង​មិនអាច​ព្យាករណ៍​បាន​ពី​ការវាយលុក​របស់​កូ​វីដ​-១៩ ថា​នឹងត្រូវ​បញ្ចប់​នៅពេលណា និង​ការ​ប្រឈម​ខាង​ផ្នែក​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​នៅពេល​ខាងមុខ យើង​ត្រូវ​ត្រៀម​បម្រុង​ទុកជាមុន នូវ​យុទ្ធសាស្ត្រ គោលនយោបាយ ដើម្បី​ប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​ប្រភេទ​ថ្មីៗ​ផ្សេងទៀត និង​ធានា​ឱ្យបាន​នូវ​និរន្ត​ភាព​សេដ្ឋកិច្ច​។​

(​ទី​៣) យើង​ត្រូវតែ​អនុវត្ត​ឡើងវិញ​នូវ​គោលការណ៍​នៃ​សកលភាវូបនីយកម្ម ពហុភាគី​និយម និង​សេរីភាវូបនីយកម្ម ពាណិជ្ជកម្ម និង​ការវិនិយោគ ជាជាង​ការដកខ្លួន​ថយ​ពី​គោលការណ៍​ទាំងនេះ យើង ត្រូវ​ចូលរួម​លើកកម្ពស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ផ្អែកលើ​ច្បាប់ និង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ដែល​គ្មាន​ការរំខាន ដើម្បី​ធានាបាន​នូវ​ការ​ស្តារឡើងវិញ​ក្រោយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ បរិ​យា​ប័ន្ន និង​ចីរភាព​។ ជាងនេះទៅទៀត យើង​ត្រូវ​ចាត់ទុក​ប្រជាជន គឺជា​បេះដូង​នៃ​ផែនការ​ស្តារឡើងវិញរ​បស់​យើង​។ ដូច្នេះហើយ យើង​ត្រូវ​ផ្តល់​ធនធាន​បន្ថែមទៀត​ទៅក្នុង​ការ​គាំពារ​សង្គម ដែល​មិន​ប៉ះពាល់​ដល់​វិបុលភាព​របស់​យើង​នោះទេ តែ​ផ្ទុយទៅវិញ​វា​គឺជា​ការវិនិយោគ​មួយ​ទៅលើ​ប្រជាជន និង​អនាគត​របស់​យើង ដោយ​វា​បាន​ជួយ​បង្កើត​សេដ្ឋកិច្ច​តំបន់​កាន់តែ​ខ្លាំងក្លា​។ យើង​ក៏ត្រូវ​ជួយ​រៀបចំ​ឱ្យ​ប្រជាជន​របស់​យើង​អាច​សម្រប​ខ្លួន​ទៅតាម​ប្រក្រតីភាព​គន្លង​ថ្មី​ផងដែរ តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​ថ្មី ការពង្រឹង​ជំនាញ​បន្ថែមទៀត ព្រមទាំង​តាមរយៈ​ការប្រើប្រាស់​ន​វា​នុ​វត្ត​បច្ចេកវិទ្យា​ផងដែរ​។​

ជាមួយគ្នានេះដែរ ដើម្បី​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​អន្តរជាតិ កម្ពុជា​បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ជូន​មនុស្ស​ចាស់ យុវវ័យ កុមារ និង​ជនបរទេស​។ រហូតមកដល់​ពេលនេះ​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន ៨៧,៩៣% (​ឬ​ស្មើនឹង ១៤,០៦៨,៨២៨ នាក់​) នៃ​ប្រជាជន​សរុប ១៦ លាន​នាក់​។ ដោយ​ស្មារតី​សាមគ្គីភាព ទឹកចិត្ត​មនុស្សធម៌ រួមចំណែក​ដល់​ការកសាង​ជោគវាសនា​រួម​នៃ​មនុស្សជាតិ កម្ពុជា​បាន​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ បរិក្ខារ​សុខាភិបាល និង​វ៉ាក់សាំង​ដល់​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​។​

​ជាទី​បញ្ចប់ សម្តេច​បាន​គូសបញ្ជាក់ថាៈ​ក្នុងនាម​សភា​កម្ពុជា និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ប្រសិទ្ធពរ​ឱ្យ​កិច្ចប្រជុំ​ភាព ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ ប្រព្រឹត្ត​ទៅដោយ​ទទួលបាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា និង​ជោគជ័យ និង​សូម​ប្រសិទ្ធ​ពរជ័យ​ជូន​សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មាន​សុខ​ភាពល្អ និង​ជោគជ័យ គ្រប់​ភារកិច្ច​៕សរន​