ដោយៈ គង់ហេង/ កំពង់ចាមៈ អាជ្ញាធរខេត្ត គ្រោងសាងសង់បន្ទប់ទឹកសាធារណៈ នៅតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម គឺដើម្បីលើកកម្ពស់សោភ័ណភាព ទីក្រុង និងក៏ជាការលើកកម្ពស់សុខុមាភាព ដល់ភ្ញៀវទេសចរ ប្រជាពលរដ្ឋ មកហាក់ប្រាណ លេងកម្សាន្ត ក្នុងក្រុងមួយនេះ ឱ្យបានប្រាស្រ័យ នូវភាពសមរម្យ។

នេះជាការឆ្លើយតបនឹង សំណូមពរ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម លើកឡើង ក្នុងកិច្ចប្រជុំ សាមញ្ញ លើកទី៣០ នៅក្នុងសាលាខេត្ត នាព្រឹកថ្ងៃទី ១៥ វិច្ឆិកា ។ ដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយលោកបានថ្លែងថាៈ ជាផែនការរបស់ខេត្ត យើងបាន គ្រោងសង់ បន្ទប់ទឹកសាធារណៈ តាមមាត់ទន្លេនេះ រួចហើយ គឺក្នុងមួយឆ្នាំ សង់ឱ្យមួយបន្ទប់។

លោកអភិបាល ខេត្តកំពង់ចាម បានថ្លែងឱ្យដឹងទៀតថាៈ ក្នុងនោះយើងបាន ឱ្យក្រុមជាង គូសប្លង់ចម្លង តាមបន្ទប់ទឹកគំរូ របស់ក្រសួងទេសចរណ៍ ដែលមាន រចនាបទខ្មែរស្អាត ដែលមានបន្ទប់ទឹកស្រីផង និងប្រុសផង។ ប៉ុន្តែបញ្ហានេះ បានជួបឧបសគ្គ គឺពាក់ព័ន្ធនឹងទីតាំង ក្នុងការស្ថាបនា ដោយសារថាការសាងសង់ បន្ទប់ទឹក មាត់ទន្លេ វាប៉ះពាល់ដល់ការបំពុល បរិស្ថាន ដែលការបង្ហូរកាកសំណល់ រាវនេះ ចូលក្នុងទន្លេ ដោយគ្មានវិធានការចម្រោះ ត្រឹមត្រូវ។

លោកបានបន្ថែមថាៈ ម៉្យាងបញ្ហាថវិកា គឺយើងពុំអាចមានលទ្ធភាពសង់បន្ទប់ទឹក ម្តងបាន ពីរ បី ទៅ បួន កន្លែងបានទេ គឺក្នុងមួយឆ្នាំ មានលទ្ធភាពសង់បន្ទប់ទឹក នៅទីតាំង ខាងលើចំនួនមួយ ដោយឆ្នាំ២០២១ នេះ ត្រូវសង់រួចហើយ។ ប៉ុន្តែជំងឺកូវីដ ១៩ បានផ្ទុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើនិយតកម្មថវិកានេះ ចំបន្ទប់ទឹក ដែលយើងបានគ្រោងនេះតែម្តង។

លោកបានបន្តថាៈ ជាមួយនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំអាងថាក្នុងដំណាក់ កាល ការរីករាលដាលជំងឺកូវីដ ១៩ ជាសកលនេះ គ្មានភ្ញៀវដើរលេងកម្សាន្តទេ ដូច្នេះបន្ទប់ទឹក ក៏មិនទាន់ចាំបាច់ ដែរទេ។ ចំពោះភ្ញៀវ​ដែលមកលេង គឺអាចប្រើប្រាស់ បន្ទប់ទឹក នៅតាមហាង លក់ដូរ។ ជាមួយនេះដែរ យើងក៏នៅមិនបោះបង់គំនិត ដែលយើងបានដាក់ចេញ ជាផែនការ នោះរួចហើយ គឺដើម្បីលើកកម្ពស់ សោភ័ណភាព ទីក្រុងកំពង់ចាម ក៏ដូចជា លើកកម្ពស់ សុខុមាលភាព ភ្ញៀវទេសចរ ប្រជាពលរដ្ឋ មកហាត់ប្រាណ មកលេងកម្សាន្តនាមាត់ទន្លេ ក្នុងក្រុងមួយនេះ ឱ្យបានប្រាស្រ័យ នូវភាពសមរម្យ៕/V-PC