​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ យន្តហោះ​គ្មាន​អ្នកបើក Zephyr ដែល​ដំណើរការ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ (UAV) ផលិត​ដោយ​ក្រុមហ៊ុន Airbus​ត្រូវបាន​ប្រើ​ដើម្បី​បញ្ជូន​​អ៊ី​ន​ធឺ​ណេត​ឥត​ខ្សែ​ជំនាន់​ក្រោយ ដែល​ជា​ផ្នែក​មួយ​នៃ​ការហោះហើរ​សាកល្បង​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​។​

​ក្រុមហ៊ុន Airbus កំពុង​ធ្វើ​ការសាកល្បង “​ស្ថានីយ​វេទិកា​កម្ពស់​ខ្ពស់​” (HAPS) នៅលើ​យន្តហោះ UAV ដែល​ផលិត​ដោយ​ចក្រភព​អង់គ្លេស ជា​ផ្នែក​មួយ​នៃ​ការហោះហើរ​រយៈពេល ១៨ ថ្ងៃ​នៅក្នុង​តំបន់ Stratosphere ដែល​មាន​កម្ពស់ ២៣ គីឡូម៉ែត្រ​ពី​លើ​ផ្ទៃ​ផែនដី​។​

​យោង​តាម​ក្រុមហ៊ុន Airbus បានឱ្យដឹងថា ការសាកល្បង​នេះ​ធ្វើឡើង​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​របស់​ជប៉ុន NTT DOCOMO​ហើយ​ថ្ងៃ​ណាមួយ​អាច​នាំ​ទៅដល់​ការបញ្ជូន​​អ៊ី​ន​ធឺ​ណេត​ល្បឿន​លឿន​បំផុត​ទៅ​តំបន់​ដាច់ស្រយាល ដោយ​មិន​ចាំបាច់​បញ្ជូន​ផ្កាយរណប​ទាំង​ហ្វូងៗ​ទៅកាន់​គន្លង​ផែនដី​ទាប​។​

​យន្តហោះ​នេះ​ផ្ទុក​ឧបករណ៍​បញ្ជូន​រលក​វិទ្យុ ដែល​អនុញ្ញាត​ឱ្យ​វា​ផ្តល់​នូវ​តំណ​ភ្ជាប់​ទិន្នន័យ​ដើម្បី​ក្លែង​ធ្វើ​ជា​ប្រព័ន្ធ​នាពេល​អនាគត​ដែល​នឹង​បញ្ជូន​សញ្ញា​អ៊ី​ន​ធឺ​ណេ​តរវាង​យន្តហោះ UAV និង​កុំព្យូទ័រ​។​

​ក្រុមហ៊ុន Airbus និយាយថា ការសាកល្បង​ជោគជ័យ​នេះ​អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កង​យន្តហោះ Zephyr នាពេល​អនាគត ដែល​នឹង​ផ្តល់​សេវា​អ៊ី​ន​ធឺ​ណេត​តាម​ទូរស័ព្ទ​ចល័ត 5G និង 6G ទៅ​កាន់​តំបន់​ដាច់ស្រយាល​បំផុត​នៃ​ភពផែនដី ឬ​ផ្តល់​នូវ​ការជំរុញ​សញ្ញា​អ៊ី​ណ​ធឺ​ណេត​រយៈពេល​ខ្លី​ក្នុងអំឡុងពេល​ព្រឹត្តិការ​ណ៍​ដ៏​សំខាន់​ណាមួយ​នៅក្នុង​តំបន់​ដែល​សម្បូរ​មនុស្ស​រស់​នៅ​ច្រើន​។​

​ក្រុមហ៊ុន​ទាំង​ពីរ​សង្ឃឹម​កសាង​បទពិសោធន៍​ពី​ការសាកល្បង​ជោគជ័យ​នេះ​និង​ប្រើប្រាស់​យន្តហោះ Zephyr ដើម្បី​ផ្តល់​សេវា​ទូរគមនាគមន៍​និង​អ៊ី​ន​ធឺ​ណេ​ត​ទៅ​កាន់​តំបន់​ភ្នំ កោះ​ដាច់ស្រយាល និង តំបន់​ដែន​សមុទ្រ​៕

យន្តហោះ Zephyr បាញ់​អ៊ី​ន​ធឺ​ណេត​មក​ផែន​ដីដោយ​ជោគជ័យ​