​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​-​ស៊ុយអែត AstraZeneca-Oxford និង​ដៃគូ​របស់​ខ្លួន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​វិច្ឆិកា​ថា វ៉ាក់សាំង​កូវី​ដ​១៩ របស់​ខ្លួន​ចំនួន​ពីរ​ពាន់​លាន​ដូស​ត្រូវបាន​ផ្គត់ផ្គង់​នៅ​ទូទាំង​ពិភពលោក ក្នុង​រយៈពេល​តិចជាង​មួយ​ឆ្នាំ​ចាប់តាំងពី​ការអនុម័ត​ឱ្យ​ប្រើ​វ៉ាក់សាំង​របស់​ខ្លួន​ជា​លើកដំបូង​។​

​ក្រុមហ៊ុន AstraZeneca ដែល​ចុះបញ្ជី​នៅ​អង់គ្លេស និង​សាកលវិទ្យាល័យ​អក់​ស្វត បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា វ៉ាក់សាំង​ដែល​រួម​ចំណែក​ធំ​បំផុត​ចំពោះ​គម្រោង​ចែករំលែក​វ៉ាក់សាំង Covax ដែល​គាំទ្រ​ដោយ​អង្គការ​សុខភាព​ពិភពលោក កំពុង​ត្រូវបាន​ផលិត​នៅ​ក្នុងប្រទេស​ចំនួន ១៥ សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រទេស​ជាង ១៧០​។​

​ក្រុមហ៊ុន AstraZeneca កាលពី​ខែ​មិថុនា​ឆ្នាំមុន​បាន​ចុះហត្ថលេខា​ជាមួយ​វិទ្យាស្ថាន​សេ​រ៉ាំ​របស់​ឥណ្ឌា ដែលជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំ​បំផុត​របស់​ពិភពលោក​គិត​តាម​បរិមាណ​ដើម្បី​ជួយ​បង្កើន​​សមត្ថភាព​ផលិត​វ៉ាក់សាំង​រហូតដល់​ពីរ​ពាន់​លាន​ដូស​។​

​វ៉ាក់សាំង ChAdOx1 nCoV-19 ដែល​លក់​ក្រោម​ម៉ាក​យីហោ Vaxzevria និង Covishield បាន​ប្រឈមមុខ​នឹង​បញ្ហា​ជា​ច្រើន​ជុំវិញ​ទិន្នន័យ​ប្រសិទ្ធភាព ការផ្គត់ផ្គង់​និង​ការផ្សារភ្ជាប់​ទៅនឹង​​កំណក​ឈាម​ដ៏​កម្រ​។​

AstraZeneca កាលពី​សប្តាហ៍​មុន​បាន​និយាយថា​នៅពេលដែល​ពិភពលោក​រៀន​រស់នៅ​ជាមួយ​មេរោគ​កូរ៉ូណា ដែល​បង្ក​ឱ្យ​មាន​ជំងឺ​កូវី​ដ​១៩​ខ្លួន​នឹង​ចាប់ផ្តើម​ទទួលបាន​ប្រាក់​ចំណេញ​ច្រើន​គួរសម​ពី​​ការលក់​វ៉ាក់សាំង បន្ទាប់ពី​បាន​ប្តេជ្ញាចិត្ត​លក់​វា​ក្នុង​តម្លៃថោក​ក្នុងអំឡុង​ជំងឺ​រាតត្បាត​។​

​ទោះយ៉ាងណា​ក៏ដោយ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន លោក ប៉ា​ស្កាល់ សូរៀ​ត បាន​ធានា​ឡើងវិញ​ថា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​នឹង​បន្ត​ទទួល​វ៉ាក់សាំង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​មិន​ស្វែងរក​ប្រាក់​​ចំណេញ​៕

​វ៉ាក់សាំង AstraZeneca ចែកចាយ​បាន​២​ពាន់​លាន​ដូស​ទូទាំង​ពិភពលោ​កក្នុងពេល​មិន​ដល់​មួយឆ្នាំ​