ដោយៈក្រុមហ៊ុន/ភ្នំពេញ៖ ធនាគារ កាណាឌីយ៉ា ដែលជាអ្នកផ្តល់សេវាធនាគារឌីជីថល និងហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុន Total Cambodge ដែលជាសាខារបស់ក្រុមហ៊ុន TotalEnergies ដែលជាក្រុមហ៊ុនថាមពលដ៏ធំទូលាយដែលផលិត និងផ្គត់ផ្គង់ថាមពលលើ សកលលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូដើម្បី លើកកម្ពស់បទពិសោធន៍របស់ អតិថិជនក្នុងសេវាកម្មទូទាត់ឌីជីថលនៅស្ថានីយរបស់ TotalEnergies ។
ជាមួយនឹងភាពជាដៃគូនេះអតិថិជន TotalEnergies ទាំងអស់ នឹងអាចធ្វើការទូទាត់តាមរយៈ Canadia QR ឬ POS រាល់ការចាក់ប្រេងសាំង ឬការទិញទំនិញ និងសេវាកម្មផ្សេងៗនៅស្ថានីយ TotalEnergies ជាង ១០០ នៅទូទាំងប្រទេស។ សមាជិកកាត TotalEnergies ក៏អាចបញ្ចូល ទឹកប្រាក់ក្នុងកាតប្រេងឥន្ធនៈ របស់ពួកគេតាមរយៈកម្មវិធី Canadia Bank App ផងដែរ។
លើសពីនេះ ដៃគូចែកចាយ TotalEnergies នឹងអាចទូទាត់វិក្កយបត្រសម្រាប់ផលិតផលនិងសេវាកម្ម តាមរយៈ Canadia Bill Payment នៅលើ Canadia Bank App និងរីករាយជាមួយកញ្ចប់ហិរញ្ញវត្ថុ តាមតម្រូវការជាមួយនឹងអត្រាការប្រាក់ដ៏គួរឱ្យទាក់ទាញការបញ្ចុះតម្លៃលើសេវាកម្មធនាគារ និងចំនួនប្រាក់កម្ចីបន្ថែមសម្រាប់ពួកគាត់។
លោក អ៊ូ សុផាណារិទ្ធ នាយកប្រតិបត្តិហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិស្តីទី នៃធនាគារកាណាឌីយ៉ា បានធ្វើអត្ថាធិប្បាយថា «ធនាគារកាណាឌីយ៉ា មានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូ ជាមួយក្រុមហ៊ុន TotalEnergies លើការណែនាំការទូទាត់តាមឌីជីថលដល់អតិថិជន ដៃគូ និងដែគូចែកចាយ។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀង យើងក៏បានរៀបចំនូវកញ្ចប់ហិរញ្ញប្បទាន ពិសេសសម្រាប់ដែគូចែកចាយរបស់ក្រុមហ៊ុន TotalEnergies ។ ការចាប់ជាដៃគូថ្ងៃនេះ តំណាងឱ្យ ទិដ្ឋភាពនៃការជឿទុកចិត្តសម្រាប់កិច្ចសហការរវាងអ្នកដឹកនាំនៃឧស្សាហកម្មទាំងពីរ ដែលបើកច្រកទ្វារសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងស៊ីជម្រៅបន្ថែមទៀត ដើម្បីលើកកម្ពស់ មិនត្រឹមតែផលប្រយោជន៍ទៅវិញទៅមករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រព័ន្ធ អេកូឡូស៊ីអាជីវកម្មរបស់អតិថិជន និងសង្គមរបស់យើងផងដែរ។»
លោកស្រី Dinah Kumar នាយកគ្រប់គ្រងនៃក្រុមហ៊ុន Total Cambodge បានមានប្រសាសន៍ថា “យើងមានសេចក្តី សោមនស្សរីករាយដែលបានចាប់ដៃគូជាមួយធនាគារ កាណាឌីយ៉ា ដើម្បីសម្រួល ដល់ជីវភាពរបស់អតិថិជនរបស់យើង ដោយផ្តល់នូវដំណោះស្រាយការទូទាត់ប្រាក់តាមបែប ឌីជីថលប្រកបដោយសុវត្ថិភាព ដែលមានលក្ខណៈសាមញ្ញ និងមានប្រសិទ្ធភាព។ នេះក៏ជា មធ្យោបាយមួយសម្រាប់យើង ដើម្បីបន្តការសម្រួលបទពិសោធរបស់អតិថិជននៅស្ថានីយរបស់យើង ឱ្យប្រសើរឡើង »៕សរន