ដោយៈ​ម៉េង​ឆៃ / ភ្នំពេញៈ ក្នុងឱកាស​ឈប់សម្រាក​បុណ្យអុំទូក ឆ្នាំនេះ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ពិសេស​គឺ​ការអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល និង​ការអនុវត្ត​វិធានការ ៣​កុំ និង​៣​ការពារ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ដោយសារតែ​កូ​វីដ​១៩ ឆ្លង​រាលដាល​កន្លងមក ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង មិនបាន​ចេញពីផ្ទះ​ដើរលេង​យូរហើយ ពិសេស​អ្នករស់នៅ​ភ្នំពេញ​។ ដូច្នេះ​នៅ​អំឡុងពេល​ឈប់សម្រាក​បុណ្យអុំទូក ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨-២០​វិច្ឆិកា បូក​រួមទាំង​ថ្ងៃអាទិត្យ ទី​២១ ខែវិច្ឆិកា​ផង នឹងមាន​អ្នករស់នៅ​ភ្នំពេញ ធ្វើដំណើរ ទៅលេង​ស្រុកកំណើត និង​ទៅ​ដើរលេង​កម្សាន្ត តាម​រមណីយដ្ឋាន​នានា នៅ​ទូទាំងប្រទេស ជាមិនខាន​។​

​ដូច្នេះហើយ បានជា​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ តាម​ប្រព័ន្ធ​វិ​ដេ​អូ កាលពី​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា លោក ឃួ​ង ស្រេង បាន​ណែនាំ​ដល់​អភិបាលខណ្ឌ​ទាំងអស់ ក្នុងឱកាស​ឈប់សម្រាក​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ ត្រូវ​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ពី​ខេត្ត​មកលេង​នៅ​រាជធានី​ភ្នំពេញ ពិសេស​ត្រូវបង្កើត​ឲ្យ​មានការ​ប្រចាំការ​ទាំង​សមត្ថកិច្ច​ទាំង​អាជ្ញាធរ​ខណ្ឌ សង្កាត់ និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន​។​

​លោក ឃួ​ង ស្រេង ក៏បាន​ណែនាំ​ឲ្យ​រៀបចំ​ប៉ូលិស ប្រចាំការ​នៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ទទួល​ពាក្យបណ្ដឹង​ពី​បងប្អូន​ប្រជាពលរដ្ឋ​។ ក្នុងនោះ បញ្ហា​ជំងឺ​កូ​វីដ​-១៩ មកដល់​បច្ចុប្បន្ននេះ ស្ថានភាព​បាន​ធូរស្រាល​មួយកម្រិត​ធំ​ហើយ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី យើង​ត្រូវតែ​បន្ត​ការយកចិត្តទុកដាក់​អោយ​ខ្លាំងក្លា​ដដែល ពោលគឺ​ត្រូវ​បន្ត​ការផ្សព្វផ្សាយ ការណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ អនុវត្ត​ឲ្យ​បាន​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល ពិសេស​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​កុំ និង ៣​ការពារ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ក្នុងអំឡុងពេល​ឈប់សម្រាក​បុណ្យអុំទូក​នេះ ពាក់ព័ន្ធ​នឹង​បញ្ហា​សំរាម លោក ឃួ​ង ស្រេង ក៏បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​តាម​ខណ្ឌ​និ​មួយៗ ត្រូវ​គិតគូរ ដោយ​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​រាជធានី​ភ្នំពេញ ក្លាយជា​ទីក្រុង​ស្អាត មាន​បរិស្ថាន​ល្អ​។ ក្នុងនោះ អាជ្ញាធរ​មូលដ្ឋាន ក៏ត្រូវ​ចុះ​ល្បាត ជាប្រចាំ​តាម​មូលដ្ឋាន ដើម្បី​តាមដាន​រាល់​សកម្មភាព​នានា ពិសេស​ទប់ស្កាត់​នូវ​ការលួចបើក​ខារ៉ាអូខេ ក្លឹប​កំសាន្ត និង​រង្គសាល ហើយ​ចំពោះ​ទីតាំង ដែល​បានអនុញ្ញាត ដូចជា ភោជនីយដ្ឋាន ទីតាំង​ហូបចុក ផឹកស៊ី​មួយចំនួន ក៏ត្រូវ​តែ​ចុះ​ពិនិត្យមើល​ផងដែរ ថា​តើ​បាន​អនុវត្ត​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​កូ​វីដ​១៩ ដែរ ឬទេ​?

​កន្លងមក ក្នុងពេល​មាន​ពិធី​បុណ្យទាន ហើយ​ម្ចាស់ផ្ទះ មិន​នៅ ដោយ​ចាក់សោ​ផ្ទះ​ទុកចោល ក៏​តែង​កើតមាន​ករណី​ចោរលួច​គាស់​ផ្ទះ​ជារឿយៗ​។ ដូច្នេះ​ក្រៅពី​អាជ្ញាធរ​សមត្ថកិច្ច​តាម​មូលដ្ឋាន ចាត់វិធានការ បង្កើន​ការប្រុងប្រយ័ត្ន ចុះ​ល្បាត រក្សា​សន្តិសុខ សុវត្ថិភាព​ហើយ​នោះ ក៏​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ ម្ចាស់ផ្ទះ​និ​មួយៗ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្លួនឯង​។ ដើរលេង ដើម្បី​សប្បាយ ក៏​មិនត្រូវ​ឲ្យ​ក្លាយជា​ទុក្ខ​នោះទេ​។ គួរតែ​រក​អ្នក​ចាំផ្ទះ​។ អាច​ទុក​បងប្អូន ឬ​សមាជិកគ្រួសារ​ម្នាក់ នៅចាំ​ផ្ទះ​។ បើ​មិន​ដូច្នេះ​ទេ គួរតែ​រក​សន្តិសុខ​ឯកជន នៅ​យាម​ផ្ទះ ជាជាង​ផ្ញើ​ផ្ទះ​នឹង​សោ​។​

​អំឡុងពេល​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក៏មាន​ការធ្វើដំណើរ​ច្រើន ដូច្នេះ​ក៏​ទាមទារ​ឲ្យ​អ្នកដំណើរ​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​តែងតែ​កើតឡើង​រៀងរាល់ថ្ងៃ ពិសេស​នៅ​ថ្ងៃ​បុណ្យទាន គ្រោះថ្នាក់​បាន​កើនឡើង​រៀងរាល់ឆ្នាំ​។ ក្រៅពីនោះ ម្នាក់ៗ ក៏​មិនត្រូវ​ភ្លេច​កូ​វីដ​ឡើយ ត្បិតតែ​ចំនួន​អ្នក​ឆ្លង​ថយចុះ តែ​ក៏​នៅតែមាន​អ្នក​ឆ្លង​ក្រោម ៥០​នាក់ ក្នុង ១​ថ្ងៃៗ និង​ស្លាប់​ចន្លោះ​ពី ៤​នាក់ ទៅ ៦​នាក់ រៀងរាល់ថ្ងៃ​ផងដែរ​៕​សរន​