ភ្នំពេញ: គណបក្សមួយដែលមានឈ្មោះថា CNRPដែលគេស្គាល់ថាជា«គណបក្សបំផ្លាញជាតិ»ត្រូវបានអំណាចសាលដីកា តុលាការកំពូលកាត់រំលាយ ហើយទីបំផុតនៅពេលនេះផ្ទះរបស់ទណ្ឌិត សម រង្ស៉ីដែលជាអតីតទីស្នាក់ការគណបក្សបំផ្លាញ ជាតិមួយនេះក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាសម្រេចរឹបអូសដាក់លក់ដើម្បីសងសំណងផ្នែករដ្ឋប្បវេណីដល់ ដើមបណ្តឹង ដែលជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងរដ្ឋសភា ដែលអតីតមេបក្សបំផ្លាញជាតិមួយនេះបរិហារកេរ្តិ៍។

 

ការរឹបអូសទីស្នាក់ការបក្សដោយអំណាច សាលក្រមស្ថាពររបស់តុលាការប្រៀបបាន នឹងការរំលាយផ្នូរខ្មោចបក្សប្រឆាំង ដែលធ្វើឲ្យព្រលឹងគណបក្សនេះរកទីកំណើតមិនឃើញ។ព្រឹត្តិការណ៍នេះពិតជាមានអត្ថន័យច្រើនយ៉ាងសម្រាប់ប្រទេសកម្ពុជាក៏ដូចជាសម្រាប់ប្រជាពលរដ្ឋខ្មែរ។

ទី១. នេះគឺជាការអនុវត្តសាលក្រមស្ថាពររបស់តុលាការដែលជាដំណើរការប្រក្រតីក្នុងប្រព័ន្ធច្បាប់ទោះជានៅក្នុងប្រទេស ណាក៏ដោយ។គ្មានជនណាម្នាក់អាចរត់គេចពីសំណាញ់ច្បាប់បានឡើយ។បើទោះបីជាជននោះរត់គេចខ្លួនចេញទៅសម្ងំលាក់ខ្លួន រឺរស់នៅក្រៅប្រទេសបានក៏ដោយ ក៏ការទទួលខុសត្រូវមិនអាចចៀសវាងបានឡើយ។

ទោះបីជាទណ្ឌិតរត់គេចខ្លួនបានក៏ក៏ដោយ ក៏មិនមែនមានន័យថា ទណ្ឌិតរូប នោះរួចផុតពីទោសទណ្ឌនោះឡើយ។ ទោសព្រហ្មទណ្ឌគឺជាទោសជាប់ខ្លួនដូចស្រមោលអន្ទោលតាមប្រាណខណៈដែលទោសរដ្ឋប្បវេណីគឺជារឿងដាច់ ដោយឡែក មួយទៀតដែលច្បាប់ ត្រូវតែចាត់ការដូចពាក្យចាស់ពោលថា «ទូកទៅតែកំពង់នៅ»។

ទី២. ការរំលាយចោលអតីតបក្សប្រឆាំង គឺជាការបិទបញ្ចប់នូវភាពវឹកវរ និងភាពអាណាធិបតេយ្យនិងគ្មានសណ្តាប់ធ្នាប់ ក្នុងសង្គម ដែលគណបក្សនេះតែងតែបង្កឡើងឥតឈប់ឈរ។ចាប់តាំងពីបក្សនេះរលាយបាត់ទៅប្រជាពលរដ្ឋខ្មែរក៏បាននិង កំពុងស្គាល់នូវភាពស្ងប់សុខ ខណៈដែលអ្នកប្រកបរបរអាជីវកម្មផ្សេងៗក៏គ្មានទទួលនូវការរំខានណាមួយដោយក្រុមបង្ក ចលាចលសង្គមទៀតដែរ។

ភាពស្ងប់សុខនិងការប្រកបមុខរបរដោយគ្មានការរំខានគឺជាផលចំណេញយ៉ាងធំមួយដែលប្រជាពលរដ្ឋខ្មែរទទួលបានយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ហើយជាពិសេសអ្នកវិនិយោគទុនទាំងក្នុងនិងក្រៅប្រទេសក៏មិនព្រួយបារម្ភអំពី សុវត្ថិភាពនិងអសន្តិសុខសង្គមនិងនយោបាយទៀតដែរ។

ទី៣. ការរលំរលាយនៃអតីតបក្សប្រឆាំង ក្រោមអំណាចសាលដីកាតុលាការកំពូលរហូតដល់ទីបំផុតមានការរឹបអូសយក ទីស្នាក់ការគណបក្សនេះដើម្បីលក់យកប្រាក់មកសងជំងឺចិត្តដល់អ្នករងគ្រោះដោយការបរិហារកេរ្តិ៍គឺជាភស្តុតាងថ្មីនិងច្បាស់ លាស់ជាក់ស្តែងមួយទៀតដែលបញ្ជាក់ថា ក្តីរំពឹងដោយភាព រវើរវាយរបស់មនុស្សមួយចំនួនដែលថាគណបក្សនេះអាចរស់ ឡើងវិញត្រូវបានបិទ បញ្ចប់ទាំងស្រុង។ សាកសពអតីតបក្សប្រឆាំងដែលបានស្លាប់ទៅហើយនោះពិតជាគ្មានអ្វីនិងនរណា មួយអាចប្រោះឲ្យរស់ឡើងវិញបានឡើយ។

ទី៤.ការរំពឹងទៅលើសម្ពាធអន្តរជាតិក៏ត្រូវបិទបញ្ចប់ទាំងស្រុងផងដែរពីព្រោះគ្មានអន្តរជាតិណាមកដោះស្រាយរឿងខ្មែរក្រៅតែពីខ្មែរខ្លួនឯងឡើយ។ រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែនបាននិងកំពុងបន្តបំពេញការងារជាមួយ សហគមន៍អន្តរជាតិគ្រប់ទិសទីដោយ ស្មើមុខមាត់ស្មើសិទ្ធគ្នា ក្នុងនាមជារដ្ឋអធិបតេយ្យមួយ។ ដូច្នេះការរំពឹងនិងក្តីសង្ឃឹមលើសម្ពាធអន្តរជាតិ ទោះក្នុងទំរង់និងរូបភាពណាក៏ដោយ ដើម្បីជួយឲ្យខ្មោចអតីតបក្សប្រឆាំង នេះបានរស់ឡើងវិញគឺបានត្រឹមតែជាការយល់សប្តិតែប៉ុណ្ណោះ ព្រោះនៅលើការជាក់ស្តែងគ្មានឡើយសម្ពាធអន្តរជាតិ មានតែការបន្តកន្ទុយគ្នាមក ទាក់ទងកម្ពុជាដើម្បីធ្វើការជាមួយគ្នាក្នុងនាមកម្ពុជាជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២២។

ម៉្យាងវិញទៀត កម្ពុជាក៏កំពុងរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបដែលមានប្រទេសជាង៥០ចូលរួម។កម្ពុជាក៏ត្រូវ បានសហគមន៍អន្តរជាតិកោតសរសើរចំពោះចំណាត់ការប្រឆាំងកូវីដ១៩ជាពិសេសជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន។ បើនិយាយឲ្យខ្លី សម្ពាធអន្តរជាតិគ្រាន់តែជាពាក្យបំពេរអារម្មណ៍មនុស្សរវើររវាយនិងអវិជ្ជា តែប៉ុណ្ណោះ។

ទី៥. ការរលំរលាយនៃគណបក្សបំផ្លាញជាតិមួយនេះ និងការរឹបអូស ទីស្នាក់ការបក្សដើម្បីជាសំណងរដ្ឋប្បវេណីដែល អតីតមេបក្សនេះបានប្រព្រឹត្ត គឺជាសារ មួយយ៉ាងច្បាស់លាស់ទៅកាន់មេគណបក្ស ឧទ្ទាមក៏ដូចជាទៅកាន់កូនចៅរបស់ ក្រុមឧទ្ទាមទាំងឡាយថាជីវិតនយោបាយរបស់អ្នកនយោបាយបម្រើបរទេសនិងបំផ្លាញជាតិខ្លួនឯងមានវាសនាមិនខុសគ្នាឡើយ។ ទីបំផុត គឺក្តីវិនាសអន្តរាយរកដី ជ្រកមិនបាន ហើយសូម្បីតែទីស្នាក់ការមួយក៏មិនអាចរក្សាបានផងដែលយើងអាច និយាយបានថា អតីតបក្សប្រឆាំងត្រូវរលាយទាំងរូប និងរលាយទាំងផ្នូរ។

ចាប់ពីពេលនេះតទៅទីស្នាក់ការអតីតបក្សប្រឆាំងដែលពីមុនធ្លាប់ជាទីជម្រករបស់ក្រុមបង្កអស្ថិតរភាពសង្គមដើម្បីបំផ្លាញ ជាតិបន្តិចទៀតនេះនឹងក្លាយជាទីតាំងដែលមានប្រយោជន៍សាធារណៈយ៉ាងហោចណាស់ក៏ប្រហែលជាអាចក្លាយជាកន្លែងលក់កាហ្វេ និងបង្គន់សាធារណៈ «Coffee N Restroom Place ។ល។ សម្រាប់បម្រើមហាជនទូទៅដែរ។ នេះហើយជាលទ្ធផលនៃនយោបាយបំផ្លាញជាតិ និងបម្រើបរទេស ហើយនេះក៏ជាវាសនាអ្នកនយោបាយ «ក្បត់ជាតិ»៕
ដោយ៖ អ្នកនយោបាយតុកាហ្វេ