ដោយៈ សម្បត្តិ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលការិយា ល័យ សណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានចុះទៅរៀបចំសណ្តាប់ ធ្នាប់ និងរំដោះចិញ្ចើមផ្លូវ ឱ្យបានធំទូលាយ និងឱ្យមានរបៀបរយ​ល្អ​ឡើងវិញ ជាមួយនឹង​ការព្រមាន ទុកពេលវេលា ៣ ថ្ងៃ ចំពោះបងប្អូនអាជីវករ ត្រូវរុះរើឱ្យអស់ ដោយខ្លួនឯង នូវឧបករណ៍​សម្ភារៈ ឬទំនិញផ្សេងៗ ដែលបានដាក់តាំងលក់ រំលោភលើចិញ្ចើមផ្លូវនោះ ប្រសិនបើផុតឱសានវាទ មិនគោរពទៅតាមការ​ណែនាំ សមត្ថកិច្ច នឹងចាត់វិធានការ តាមផ្លូវច្បាប់។

ទន្ទឹមនឹងការចុះរៀបចំសណ្តាប់ធ្នាប់ នៅលើកំណាត់ផ្លូវ ២៧១ នេះ អាជ្ញាធរមានសមត្ថកិច្ច រាជធានីភ្នំពេញ កំពុងដាក់ចេញនូវវិធានការ ចុះពង្រឹងការអនុវត្ត នៃការរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវនានា ដែលមានភាពស្មុគស្មាញ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាល សណ្តាប់ធ្នាប់ បានប្រាប់ឱ្យ ដឹងថាៈ ការចុះរៀបចំសណ្តាប់​ធ្នាប់ នៅពេលនេះ ដែលមានការដឹកនាំ បញ្ជាកម្លាំងផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរង ទទួល​ផែនការងារ សណ្តាប់ធ្នាប់ ដើម្បី ពង្រឹងអនុវត្ត លើការងារសណ្តាប់ធ្នាប់នេះ ឱ្យមានភាពប្រសើរ ហើយកម្លាំង​នឹងបន្តចុះ​អនុវត្ត ជាប្រចាំ ទៅលើគោលដៅនានា ដែលមានភាពស្មុគស្មាញ។

លោកវរសេនីយ៍ឯក អេម សម្បត្តិ បានប្រាប់ឱ្យដឹងទៀតថាៈ ជុំវិញនៃការចុះរៀបចំ សណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្រ្ត​រាជធានីភ្នំពេញ កម្លាំងការិយាល័យ សណ្តាប់ធ្នាប់ អនុវត្ត តាមបទបញ្ជាផ្ទាល់ របស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នង​ការរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងបន្តចុះសហការជាមួយ កម្លាំងតាមបណ្តាខណ្ឌ ទាំង ១៤ ប្រើប្រាស់នូវមធ្យោបាយផ្សេងៗ ដើម្បីបន្តចេញដោះស្រាយ ទៅលើបញ្ហាសណ្តាប់ ធ្នាប់ នៅក្នុងភូមិសាស្រ្ត រាជធានី​ភ្នំពេញ ឱ្យមានគុណភាព ប្រសិទ្ធភាព និងឱ្យល្អប្រសើរ ក្នុងនោះ ក៏អំពាវនាវឱ្យប្រជាពលរដ្ឋទូទៅ នាំគ្នាចូលរួមសហការ ជាមួយ​អាជ្ញាធរមានសមត្ថ កិច្ច ដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ នៅក្នុងរាជធានី ភ្នំពេញ ឱ្យកាត់តែប្រសើរឡើង តាមរយៈនៃការចូលរួមគោរពច្បាប់ និងសេចក្តីណែនាំរបស់ អាជ្ញាធរមានសមត្ថកិច្ច៕/V