ដោយៈមុនីរ័ត្ន/ភ្នំពេញ : លោកស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២១ នេះ បានដឹកនាំប្រតិភូទទួលស្វាគមន៍ការត្រឡប់មកដល់មាតុប្រទេសវិញរបស់កីឡាការិនី អ៊ុក ស្រីមុំ ដែលបានឈ្នះ មេដាយមាសប៉េតង់ពិភពលោកផ្នែកនារី វិញ្ញាសាវាយយកពិន្ទុ ក្នុងការប្រកួតប៉េតង់ជើងឯកពិភពលោក the 2021 World Triplets and Precision Shooting Championships នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញដែលបានប្រកួតចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។

កម្ពុជាពិតជាមោទនភាពនិងអបអរសាទរចំពោះវីរកីឡាការិនី អ៊ុក ស្រីមុំដែលបានយកឈ្នះកីឡាការិនីថៃនៅវគ្គផ្តាច់ព្រ័ត្រ នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ។

មុនពេលឡើងដល់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៧ របស់កម្ពុជា បានយកឈ្នះកីឡាការិនី កាណាដា នៅវគ្គ១/៤ ក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះកីឡាការិនី ន័រវេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២៥ទល់១៨ ឈានទៅវគ្គផ្តាច់ព្រ័ត្របន្តឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល៣៧ទល់២៩ ធ្វើឲ្យកីឡាការិនី អ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២ របស់កម្ពុជា ដែលរកបានមេដាយមាសទី៥ជាប់ៗគ្នា បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ឈ្នះក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ ឆ្នាំ២០១៩ និងឆ្នាំ២០២១៕សរន