​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ប៉ូលិស​បាន​និយាយថា ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ពីរ​លើក​បាន​សម្លាប់​មនុស្ស​បីនាក់ និង​បង្ក​របួស​ជាច្រើន​សិប​នាក់​ទៀត​នៅក្នុង​រដ្ឋធានី​កាំ​ប៉ា​ឡា​នៃ​ប្រទេស​អ៊ូ​ហ្គង់​ដាកា​លពី​ថ្ងៃ​អង្គារទី​១៦​វិច្ឆិកា ខណៈ​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​។​

​ប៉ូលិស​មុននេះ​បាន​ស្តីបន្ទោស​កងកម្លាំង​សម្ពន្ធមិត្ត​ប្រជាធិបតេយ្យ (ADF)​ដែល​ជា​ក្រុម​ប្រដាប់អាវុធ​សកម្ម​នៅ​ភាគ​ខាងកើត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ចំពោះ​ការវាយប្រហារ​ជា​បន្ត​​បន្ទាប់​នៅ​អ៊ូ​ហ្គង់​ដា និង​ដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ផ្សារភ្ជាប់​ពួកគេ​ជា​មួយ​អាយ​ស៊ី​ស​។​

​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ពីរ​នាក់ ដែល​ក្លែង​ធ្វើ​ជា​អ្នករត់​ម៉ូតូឌុប បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ជិត​ច្រកចូល​សភា​ដោយ​សម្លាប់​អ្នកដំណើរ​ឆ្លងកាត់​ម្នាក់​។ អ្នកនាំពាក្យ​ប៉ូលិស​លោក ហ្វ្រេដ អេណា​ន​ហ្គា បាន​និយាយថា ជន​វាយប្រហារ​ទី​បី​បាន​កំណត់​គោលដៅ​លើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​នៅ​ជិត​ស្ថានិយ​ប៉ូលិស​កណ្តាល​ក្រុង ដោយ​សម្លាប់​មនុស្ស​ពីរ​នាក់​។​

​លោក​បាន​និយាយថា ការ​បំផ្ទុះ​នៅក្នុង​សង្កាត់​ពាណិជ្ជកម្ម​កណ្តាល​ក្រុង​កាំ​ប៉ា​ឡា​បាន​កើតឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ពី​គ្នា​ប៉ុណ្ណោះ​បន្ទាប់​ពី​ម៉ោង ១០:០០ ព្រឹក ហើយ​បាន​បណ្តាលឱ្យ​”​អ្នក​ស្លាប់​និង​​របួស​រាយប៉ាយ​គ្រប់កន្លែង​”​។​

​លោក​អេណា​ន​ហ្គា​បាន​បន្ថែមថា ប៉ូលិស​បាន​រារាំង​ការវាយប្រហារ​លើក​ទី​បី ដោយ​បាន​រកឃើញ​គ្រឿងផ្ទុះ​នៅក្នុង​ផ្ទះ​របស់​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់ទៀត ដែល​ប៉ូលិស​បាញ់​របួស​។ ប៉ូលិស​កំពុង​តាម​ប្រមាញ់​សមាជិក​ផ្សេងទៀត​ក្នុង​ក្រុម​អាយ​ស៊ី​ស​។​

​ប្រធានាធិបតី​អ៊ូ​ហ្គង់​ដា​លោក យ៉ូ​វើរី មូសេ​វ៉េ​នី បាន​និយាយថា បុរស​នោះ​ក្រោយមក​បាន​ស្លាប់ ហើយ​បាន​ប្តេជ្ញា​ថា ជន​វាយប្រហារ​ទាំងឡាយ​នឹងត្រូវ “​ស្លាប់​”​។​

​លោក​បាន​បន្តថា “​សាធារណជន​គួរតែ​រក្សា​ការប្រុងប្រយ័ត្ន​ក្នុង​ការត្រួតពិនិត្យ​មនុស្ស​នៅ​ចំណុច​ច្រកចូល​ចំណតរថយន្ត​ក្រុង សណ្ឋាគារ ព្រះវិហារ​គ្រិស្ត ព្រះវិហារ​អ៊ីស្លាម និង​ផ្សារ​”​។​

​ជំនួយការ​អគ្គ​អធិការ​នគរបាល​នៃ​ប្រទេស​អ៊ូ​ហ្គង់​ដា លោក អេ​ដវ៉ា​ដ អូ​ឆូ​ម បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP មុន​នេះ​បន្តិច​ថា ការ​បំផ្ទុះ​នៅ​ជិត​ស្ថានីយ​ប៉ូលិស​បាន​បណ្តាលឱ្យ​បង្អួច​បែក​ខ្ទេចខ្ទី ខណៈ​រថយន្ត​មួយ​ចត​នៅ​ក្បែរ​អគារ​សភា​ត្រូវ​គេ​ដុត​ឆេះ​។​

​កាកបាទ​ក្រហម​អ៊ូ​ហ្គង់​ដា​បាន​និយាយថា មនុស្ស ២១ នាក់ ក្នុងចំណោម​អ្នករបួស ៣៣ នាក់ គឺជា​មន្ត្រីប៉ូលិស​៕

មនុស្ស ២១ នាក់ ក្នុងចំណោម​អ្នករបួស​៣៣​នាក់ គឺជា​មន្ត្រីប៉ូលិស​