​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុមហ៊ុន Pfizer Inc. បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​មួយ​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​​ផលិត​ឱសថ​ផ្សេង​ទៀត​ផលិត​ថ្នាំ​គ្រាប់​ព្យាបាល​កូវី​ដ​១៩ របស់ខ្លួន ជា​ចំណាត់ការ​មួយ​ដែល​អាច​ធ្វើឱ្យ​ការព្យាបាល​អាច​រកបាន​ចំពោះ​មនុស្ស​កន្លះ​ផែនដី​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ក្រុមហ៊ុន Pfizer បាន​និយាយថា​ខ្លួន​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​ថ្នាំ​ប្រឆាំង​មេរោគ​កូរ៉ូណា​ដល់​អង្គការ​ការពារ​ប៉ាតង់​ឱសថ​ដែល​​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែ​វ (MPP) ដែល​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឱសថ​ទូទៅ​ផលិត​ថ្នាំ​គ្រាប់​នេះ​សម្រាប់​ប្រើប្រាស់​នៅក្នុង​ប្រទេស​ចំនួន​៩៥ ដែល​ស្មើនឹង ៥៣​ភាគរយ​នៃ​ប្រជាជន​ពិភពលោក​។

​កិច្ចព្រមព្រៀង​នេះ​មិន​រាប់​បញ្ចូល​ប្រទេស​ធំៗ​មួយចំនួន​ដែល​បាន​រង​ការ​ផ្ទុះឡើង​នៃ​មេរោគ​កូរ៉ូ​ណា​យ៉ាង​សាហាវ​នោះ​ទេ​។ ឧទាហរណ៍​ជាក់ស្តែង​ខណៈ​ក្រុមហ៊ុន​ឱសថ​ប្រេ​ស៊ី​លអាច​ទទួលបាន​អាជ្ញាប័ណ្ណ​​ផលិត​ថ្នាំ​គ្រាប់​សម្រាប់​នាំចេញ​ទៅ​ប្រទេស​ផ្សេង​ទៀត ថ្នាំ​ព្យាបាល​កូ​វីដ​នេះ​មិន​អាច​ត្រូវបាន​ផលិត​ជាទូទៅ​សម្រាប់​ប្រើប្រាស់​នៅក្នុង​ប្រទេសប្រេ​ស៊ីល​បាន​ទេ​។​

​ទោះយ៉ាងណា មន្ត្រី​សុខាភិបាល​បាន​និយាយថា ការពិត​ដែលថា​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​សម្រេច សូម្បី​មុនពេល​ថ្នាំ​គ្រាប់​របស់ Pfizer ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រើ​នៅ​គ្រប់​ទីកន្លែង​គឺ​អាច​ជួយ​បញ្ចប់​​ជំងឺ​រាតត្បាត​បាន​លឿន​ជាង​មុន​។​

​លោក អេ​ស្តេ​បាន បួរ៉ូ​ន ជា​ប្រធាន​គោល​នយោបាយ​នៅ​អង្គការ MPP បាន​និយាយថា​”​វា​ពិត​ជា​សំខាន់​ណាស់​ដែល​យើង​នឹង​អាច​ផ្តល់​សិទ្ធិ​ប្រើប្រាស់​ថ្នាំ​ដែល​ហាក់​មាន​ប្រសិទ្ធភាព​​និង​ទើបតែ​បង្កើត​ឡើង​ដល់​មនុស្ស​ជាង​បួន​ពាន់​លាន​នាក់​”​។​

​លោក​បាន​ប៉ាន់ស្មាន​ថា ក្រុមហ៊ុន​ផលិត​ថ្នាំ​ដទៃទៀត​នឹង​អាច​ចាប់ផ្តើម​ផលិត​ថ្នាំ​គ្រាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត ប៉ុន្តែ​បាន​ទទួលស្គាល់ថា​កិច្ចព្រមព្រៀង​នេះ​នឹង​មិន​ផ្គាប់ចិត្ត​គ្រប់​គ្នា​បាន​នោះទេ​៕

ក្រុមហ៊ុន Pfizer បង្ហាញ​ប្រអប់​ថ្នាំ​គ្រាប់​ព្យាបាល​កូវី​ដ​១៩ កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ២០២១