ដោយៈមុនីរ័ត្ន/ភ្នំពេញៈលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២១នេះលោក សួន សេរីរដ្ឋាប្រធាន ក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានហៅការលើកឡើងរបស់ក្រុមអ្នកនយោបាយរត់ចោលស្រុកនិងបក្ខពួកដែលសុំឲ្យ មានការចរចាត្រីភាគីរវាងគណបក្សកាន់អំណាចនិងអតីតមេដឹកនាំគណបក្សប្រឆាំងដែលមានការចូលរួមពីអន្តរការីរបស់សហគមន៍ អន្តរជាតិ គឺសុទ្ធតែជាក្រុមមនុស្សខ្វាក់គំនិត និងឥតចេះស្តាប់ភាសាខ្មែរ។

(រូបថតឯកសារ)

លោក សួន សេរីរដ្ឋាបានសរសេរថាក្រុមអ្នកនយោបាយរត់ចោលស្រុកនិងបក្ខពួកដែលបន្តទទូចលើកឡើងដដែលៗពី​ ការសុំឲ្យមានការចរចារវាងមេដឹកនាំរបស់ខ្លួនដែលកំពុងខ្ចាត់ខ្ចាយរត់ចោលស្រុកជាមួយនិងប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាហើយថែមទាំងយកបរទេសមកអួតអាងនោះ គឺសុទ្ធតែជាក្រុមមនុស្សខ្វាក់គំនិត និងឥតចេះស្តាប់ភាសាខ្មែរនោះទេ !។

លោកបានបន្តថាថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់មិនតិចដងហើយទេថា គ្មានការចរចានិងគ្មានការ លើកលែងឲ្យពួកឆ្កួតជ្រុលនិយមរត់ចោលស្រុកដែលធ្វើនយោបាយប៉ុនប៉ងមកផ្តួលរំលំរដ្ឋាភិបាលនិងធ្វើនយោបាយចង់តែបំផ្លាញសន្តិភាព បំផ្លាញស្ថេរភាពនយោបាយប្រទេសនោះទេ…។ ដូចនេះការលើកឡើងដដែលៗរបស់ពួកគេរួមទាំងមេដឹកនាំ រត់ចោលស្រុករបស់ពួកគេដែលកំពុងអស់លក្ខណ៍នយោបាយផងនោះ វាគឺបង្ហាញថា ពួកនេះចេះតែនិយាយឲ្យគេស្តាប់ តែមិនចេះស្តាប់គេនិយាយប្រាប់វិញទេ..! ។ ចំណែកពួកមនុស្សមួយដំបរស្វាដែលបន្តដើរតាមមេដឹកនាំរត់ស្រុកនេះក៏ជាក្រុម ខ្វាក់គំនិតដែលបិទទ្វារបិទឱកាសខ្លួនឯងនៅលើផ្លូវនយោបាយផងដែរ។ពោលពួកអ្នកដែលយកវាសនាប្រទេសជាតិខ្លួនឯងទៅផ្ញើរលើបរទេសដែលជាហៅថាបរទេសនិយមនោះចុងក្រោយពួកគេនឹង យំដោយសារបរទេស មិនខាន…។

លោក សួន សេរីរដ្ឋា បានបន្ថែមជាចុងក្រោយថា អ្នកឆ្លាតយល់ការពិតគេវិលចូលមកធ្វើនយោបាយចូលរួមប្រកួតប្រជែង ការបោះឆ្នោតតាម រយៈលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ មានតែពួកល្ងង់ ខ្វាក់ខួរគិតប៉ុណ្ណោះដែលនៅរងចាំនិងបន្តហែហមសង់រោងដេកយាមផ្នូរខ្មោចបក្សដែលរលាយនោះ ៕