​ប្រែ​សម្រួលៈ​វាសនា​/​ញូ​វេល្លី​៖ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណា​រេ​នដ្រា ម៉ូ​ឌី បាន​ចុះចេញ​ពី​យន្តហោះ​ដឹកជញ្ជូន​Hercules​នៅលើ​ផ្លូវ​យានយន្ត​ថ្មី​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​វិច្ឆិកា នៅក្នុង​ការ​រំលេចអំ​ពី​ការប្រើ​បាន​ទាំង​ទ្វេ គឺ​ទាំង​យានយន្ត​និង​ការចុះ​ឡើង​របស់​យន្តហោះ​ចម្បាំង​ក្នុងករណី​គ្រា​អាសន្ន​។​

​យន្តហោះ​ខ្នាត​យក្ស​នេះ​បាន​ចុះ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ទើប​សាងសង់​ថ្មី​មួយ​នៅក្នុរ​ដ្ឋ​អ៊ុតតា​ប្រា​ដែស មុន​ការបង្ហាញ​របស់​កងទ័ព​អាកាស​ជាមួយនឹង​យន្តហោះ​ចម្បាំង​ទំនើប​Mirage​ផលិត​នៅ​បារាំង​​និង Su-30MKIs​របស់​រុស្ស៊ី ដោយ​ប្រើ​ផ្លូវថ្នល់​នេះ​ជា​កន្លែង​ចុះ​ឡើង​របស់​ពួកវា​។​

​លោក​ម៉ូ​ឌី បាន​និយាយ​បន្ទាប់​ពី​ចុះ​ពី​យន្តហោះ​ថា « វិបុលភាព​របស់​ឥណ្ឌា មាន​សារសំខាន់​ដូច​ជា​សន្តិសុខ​ជាតិ​ដែរ​។​ផ្លូវ​ល្បឿន​លឿន​នេះ​បាន​ក្លាយ​ជា​ផ្លូវ​ចុះ​ឡើង​ថ្មី​របស់​យន្តហោះ​»​។​

​ឥណ្ឌា​មាន​ផ្លូវ​ហាយវ៉េ​កូនកាត់​មួយទៀត​នៅក្នុង​រដ្ឋ​រ៉ា​ចា​ស្ថាន ក្បែរ​ព្រំដែន​ប៉ា​គី​ស្ថាន តែ​រដ្ឋាភិបាល​មាន​ផែនការ​សាងសង់​១២​ខ្សែ​ទៀត​ដើម្បី​ពង្រឹង​សមត្ថភាព​យោធា​របស់​ខ្លួន​ក្នុងពេល​ខ្លួន​កាន់តែ​ប្រឈម​​ភាព​តានតឹង​ជាមួយ​ចិន​និង​ប៉ា​គី​ស្ថាន ហើយ​ក៏​កំពុង​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​អាម៉េរិក​និង​បណ្តា​ប្រទេស​លោកខាងលិច​។​

​ផ្លូវ​ល្បឿន​លឿន​Purvanchal Expressway ប្រវែង​៣៥០​គីឡូម៉ែត្រ​ដែល​ត្រូវបាន​សម្ពោធ​បើក​ដោយ​លោក​ម៉ូ​ឌី ក៏​បង្កើតបាន​ផ្នែក​មួយ​នៃ​ការជំរុញ​តំលៃ​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ធ្វើ​អោយ​ល្អ​ប្រសើរ​​ឡើង​បណ្តាញ​ផ្លូវ​គមនាគមន៍​របស់​ឥណ្ឌា​ដែល​អភិវឌ្ឍ​តិច​។​

​រដ្ឋាភិបាល​របស់​ម៉ូ​ឌី​និយាយថា​ខ្លួន​បាន​ធ្វើអោយ​ប្រសើរ​ឡើង​ផ្លូវ​ហាយវ៉េ​ជាង​៥០.០០០​គីឡូម៉ែត្រ​នៅ​ទូទាំង​ប្រទេស​ចាប់តាំងពី​ខ្លួន​ចូល​កាន់​អំណាច​នៅ​ឆ្នាំ​២០១៤ ហើយ​មាន​ផែនការ​សាងសង់​១១.០០០​គីឡូម៉ែត្រ​ទៀត​នៅ​ឆ្នាំ​២០២១៕

​លោក​ណា​រេ​នដ្រា ម៉ូ​ឌី ចុះចេញ​ពី​យន្តហោះ​ក្រោយ​វា​ចុះ​លើផ្លូវ​ល្បឿន​លឿន​ទើប​សាងសង់​រួច​មួយ​កាលពី​ថ្ងៃ​១៦​វិច្ឆិកា​នៅ​អ៊ុត​តា ប្រា​ដែស​