ដោយៈ ប​.​ខុន / ភ្នំពេញៈ ទ្វារ​ទឹក​ទាំង​៥ នៃ​សំណង់​ស្ទាក់​ទឹក ស្ទឹង​ព្រែក​ត្នោត នៅ​រលាំង​ជ្រៃ ក្នុង​ខេត្តកំពង់ស្ពឺ បាន បើក​ដល់​កម្ពស់ ២ ម៉ែត្រ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា​នេះ ដើម្បី​បន្ថយ​កម្ពស់ ទឹកស្ទឹង នៅ​ភាគ​ខាងលើ​ធ្វើឱ្យ​កម្ពស់​ទឹកស្ទឹង​ព្រែក ត្នោត នៅ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ កើនឡើង​ខ្ពស់​សារជាថ្មី​បន្ទាប់ពី​មាន ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ក្នុងភូមិ​សាស្ត្រ ខេត្តកំពង់ស្ពឺ​ជាច្រើន​ថ្ងៃ រួចមក​។​

​លោក ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​ថាៈ នៅថ្ងៃនេះ បើកទ្វារ​រលាំង​ជ្រៃ ៥ ទ្វារ ចំនួន​២​ទ្វារ មាន​កម្ពស់ ០,៦០ ម៉ែត្រ ចំនួន​២​ទ្វារ មាន​កម្ពស់​១​ម៉ែត្រ និង​ចំនួន​១​ទ្វារ កម្ពស់ ២ ម៉ែត្រ តែ​ទ្វារ​អាងទឹក​តា​សាល បាន​បិទ​វិញ​។​

​ប្រធាន​មន្ទីរ​ខាងលើ បានបញ្ជាក់​ថាៈ ទឹកស្ទឹង​ព្រែក​ត្នោត នៅ​ទំនប់​រលាំង​ជ្រៃ ថ្ងៃនេះ មាន​កម្ពស់ ៧,១៨ ម៉ែត្រ ទាប​ជាង​ថ្ងៃទី ១៦ វិច្ឆិកា ០,១០ ម៉ែត្រ​។ នៅ​ពាម​ឃ្លៃ ទឹក​មាន​កម្ពស់ ៤,៨៦ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៦ ខែវិច្ឆិកា ០,២៤ ម៉ែត្រ​។ អាងទឹក តា​សាល មាន​កម្ពស់ ១៩,៨៦ ម៉ែត្រ​។​

​លោក ញ៉ា​ញ់ ជាប​ហ៊​ង បាន​និយាយ​ឱ្យដឹង ផងដែរ​ថាៈ ចាប់តាំងពី​ថ្ងៃទី​១០ ខែវិច្ឆិកា មក នៅក្នុង​ខេត្ត មាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន នៅ​ថ្ងៃ​ខ្លះ មាន​ដល់​ជាង ១០០ មី​លី​ម៉ែត្រ ព្រម​ពេល​ទឹក នៅក្នុង​ស្រែ​ពេញ​ហៀរហូរ និង​អាងទឹក​ទាំងអស់ មានទឹក​ពេញៗ ភ្លៀង​ធ្លា​ក់មក​ប៉ុន្មាន ត្រូវ​បញ្ចេញ​ចោល​ទាំងអស់​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា​ថាៈ ព្រះរាជា ណា​ចក្រ​កម្ពុជា បន្ត​ទទួលរង នូវ ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​មកពី​សមុទ្រ ចិន​ខាងត្បូង រុញ​ទូល​មកលើ​តំបន់​វាលទំនាប ភាគ​ខាងក្រោម​ប្រទេស និង ទ្រនុង​សម្ពាធ​ខ្ពស់ ពី​ភាគ​ខាងជើង បន្ត​ធ្លាក់​ចុះមក​គ្របដណ្តប់ លើ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​ប្រទេស​។​

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែប​ខាងលើ​ធ្វើ​ឲ្យ បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា ពី ២៣ ទៅ ២៥ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣០ ទៅ ៣២ អង្សា​សេ និង​អាចមាន​ភ្លៀង ធ្លាក់ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ​។ បណ្តា​ផ្នែក​ខ្លះ នៃ​រាជធានី -​ខេត្ត នៅ​ភាគ​ខាងក្រោម​(​ត្បូង​) និង​ខេត្ត ដែលមាន​ព្រំប្រទល់ ជាប់​វៀតណាម អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ។​

​សម្រាប់​បណ្តា​ខេត្ត នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា ពី ២២ ទៅ ២៤ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ២៩ ទៅ ៣១ អង្សា​សេ និង​អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​តិចតួច ។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា ពី ២៣ ទៅ ២៥ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣០ ទៅ ៣២ អង្សា​សេ និង​អាច​នឹងមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ ទៅដោយ​ផ្គរ​រន្ទះ ៕/V​-PC